សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, August 14, 2013

ក្រុម​អ្នក​ដើរ​ក្បួន​សន្តិភាព​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី

THURSDAY, 15 AUGUST 2013 ឆាយ ច័ន្ទនីដា From The Phnom Penh Post
130815_01
មន្ត្រី​អង្គការសង្គម​ស៊ីវិល មន្ត្រី​រាជការ ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ប្រមាណ​៥០០នាក់ កាលពីថ្ងៃ​ម្សិលមិញ​ បានធ្វើការ​អំពាវ​នាវ​​ទៅ​ដល់​​អ្នក​នយោ​បាយ​ទាំង​អស់​ ដោះ​ស្រាយ​បញ្ហា​នយោបាយ​ដោយ​សន្តិវិធី។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ «យើង​មិន​ត្រូវ​ការ​បាតុកម្ម​ហិង្សា ហើយ​ក៏​មិន​ត្រូវ​ការ​ការ​បង្ក្រាប​ដោយ​ហិង្សា​ដែរ យើង​ត្រូវ​ការ​ដំណោះស្រាយ​ដោយ​សន្តិវិធី» នេះ​ជា​ការ​អំពាវនាវ កាល​ពី​ល្ងាច​មិញ របស់​ក្រុម​អ្នក​ហែ​ក្បួន​សុំ​សន្តិភាព​ប្រមាណ ៥០០ នាក់​នៅ​រាជធានី​ភ្នំពេញ។
សម្រែក​តាម​ឧបករណ៍​បំពង​សំឡេង​នៅ​ឯ​ព្រះអង្គ ដងកើ មុខ​វាំង ពី​ម្សិលមិញ ក្រុម​ការងារ​ដើម្បី​សន្តិភាព និង​អង្គការ​មួយ​ចំនួន បាន​ផ្ញើ​សារ​ជូន​អ្នក​នយោបាយ ឲ្យ​រក​វិធីសាស្ត្រ​ដោះស្រាយ​ដោយ​សន្តិវិធី កុំ​មាន​ការ​បំភ័យ​ម្ចាស់​ឆ្នោត ដូចជា ដាក់​រថក្រោះ បញ្ជូន​កង​ទ័ព​បំពាក់​អាវុធ​ទំនើប មក​រាជធានី និង​ខេត្ត​ជុំវិញ។
កញ្ញា ហ៊ន សុភី តំណាង​ម្នាក់​ក្នុង​ក្រុម​នេះ​ថ្លែង​នៅ​មុខ​ព្រះអង្គ ដងកើ ថា៖ «ដោយ​មាន​ការ​ភ័យ​ព្រួយ​បារម្ភ​ចំពោះ​ការ​ដែល​រដ្ឋាភិបាល​ចល័ត​ទ័ព ទើប​យើង​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​នៅ​ក្រោយ​ការ​បោះឆ្នោត​នេះ»។
លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែង​ថា ដោយ​រដ្ឋាភិបាល​កំពុង​ចល័ត​ទ័ព ការ​ប្រើ​ហិង្សា​ណា​មួយ​ដែល​អាច​កើត​មាន​ជាយថាហេតុ​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​ឡើយ។ លោក​បន្ត​ថា៖ «ការ​ធ្វើ​បាតុកម្ម ឬ​ជួប​ជុំ​គ្នា​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ដែល​នាំ​ឲ្យ​មាន​ហិង្សា​នោះ នឹង​មិន​ចំណេញ​ទាំង​សង​ខាង គឺ​ខាត​ប្រយោជន៍​សេដ្ឋកិច្ច ទំនិញ​ឡើង​ថ្លៃ និង​អស្ថិរភាព។ យើង​ព្យាយាម​ឲ្យ​គណបក្ស​នយោបាយ ចូល​តុ​ចរចា និង​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី»។
ចំណែក​នៅ​ឯ​រមណីយដ្ឋាន វត្ត ភ្នំ អ្នក​បួងសួង ដែល​ភាគ​ច្រើន​ពាក់​អាវ​ពណ៌​បៃតង​មាន​រូប​ព្រាប​សន្តិភាព មាន​ការ​និមន្ត ពី​ព្រះសង្ឃ​ផង មាន​កាន់​ផ្កា​ឈូក ទៀន ធូប ទង់ជាតិ​ខ្មែរ និង​ទង់​សាសនា បាន​គង់ និង​អង្គុយ​ស្មឹងស្មាធិ៍ បួង​សួង​សុំ​សេចក្តី​សុខ​សប្បាយ ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប។
លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ថ្លែង​ថា អ្នក​ចូល​រួម​មាន​ការ​បារម្ភ​ពី​បាតុភាព​នានា​ក្រោយ​ការ​បោះឆ្នោត​ដែល​នឹង​អាច​កើត​មាន​ជា​យថាហេតុ។

លោក​ថ្លែង​ថា ៖ «យើង​ត្រូវ​ការ​តែ​សន្តិភាព​។ យើង​ចង់​ប្រាប់​ថា ឆន្ទៈ​ពលរដ្ឋ គឺ​មិន​ចង់​ឃើញ​ការ​ចល័ត​ទ័ព​បែប​នេះ​ឡើយ»។
និស្សិត អ៊ិត រ៉ាដា ថ្លែង​ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​ភាព​យុត្តិធម៌ នៃ​លទ្ធផល​បោះឆ្នោត ហើយ​ការ​ប្រកាស​លទ្ធផល​របស់ គ.ជ.ប គឺ​យុវជន​និង​ពលរដ្ឋ​ជាច្រើន មិន​អាច​ទទួល​យក​បាន ព្រោះ​មាន​ភាព​មិន​ប្រក្រតី​និង​ភាព​លម្អៀង​ខ្លាំង​ដែល​ពិបាក​ទទួល​យក»។
ក្បួន​នេះ​បាន​ដើរ​ប្រទក្សិណ​ជុំវិញ វត្តភ្នំ ចំនួន​ពីរ​ជុំ។ ដើរ​បណ្តើរ​ដៃ​កាន់​ទៀន​ធូប និង​ផ្កា​ឈូក គ្រូ​បឋម​សិក្សា​អ្នក​ស្រី រស់ ចាន់គន្ធាវី បាន​និយាយ​ថា៖ «កូន​ចៅ​សុំ​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​តាម​ថែរក្សា​ពលរដ្ឋ​ខ្មែរ និង​បន្ទន់​ចិត្ត​អ្នក​ដឹក​នាំ​ឲ្យ​គិត​បញ្ហា​រាស្ត្រ​ជា​ធំ​»។ អ្នក​ស្រី​ថា​ការ​បោះឆ្នោត​គ្មាន​សេរី​និង​យុត្តិធម៌ ពិបាក​នឹង​ទទួល​យក មិន​មែន​តែ​បក្ស​ប្រឆាំង​ទេ សូម្បី​តែ​ពលរដ្ឋ​និង​មន្ត្រី​តូចតាច​ដូច​រូប​គាត់​ក៏​ចង់​ឲ្យ គ.ជ.ប បង្ហាញ​ពី​តម្លាភាព មិន​ធ្វើ​ការ​ចំណុះ​បក្ស​នយោបាយ​ណា​មួយ​ដែរ។
ក្បួន​នៅ​មុខ​វាំង​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​រមណីយដ្ឋាន វត្តភ្នំ ដើម្បី​បញ្ចប់​ការ​បួងសួង​នេះ​មាន​រយៈ​ពេល​ពី​ម៉ោង ៤ ដល់ ៦ ល្ងាច​។ តាម​ការ​កត់​សម្គាល់​ការ​ដង្ហែ​ក្បួន​នេះ អាជ្ញាធរ​មូលដ្ឋាន​ថា មិន​មាន​ការ​សុំ​ច្បាប់​ទេ តែ​ក៏​មិន​មាន​នគរបាល​បង្ក្រាប ឬ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ត្រូវ​បាន​ដាក់​ពង្រាយ​ដែរ​។ ប៉ុន្តែ គេ​បាន​ឃើញ​មាន​ក្រុម​មន្ត្រី​មូលដ្ឋាននិង​នគរបាល​ខ្លះ​ស្លៀកពាក់​ស៊ីវិល និង​មាន​អាយកូម ចាំ​ថត​សកម្មភាព​នេះ​ដែរ។
ក្រុម​អ្នក​រៀបចំ​ពិធី​ជុំ​គ្នា​បួង​សួង​សុំ​សន្តិភាព​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ចាប់​ផ្តើម​លើក​ទី​មួយ​សម្រាប់​ការ​បួង​សួង​សុំ​សន្តិភាព​ក្រោយ​បោះឆ្នោត ហើយ​ការ​ជុំ​គ្នា​លើក​ទី២ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២១ ខែ សីហា ខាង​មុខ​នេះ គឺ​ចំ​ថ្ងៃ​សីល​ដដែល៕

No comments:

Post a Comment

I like Blogger