សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, August 14, 2013

មនុស្ស​មួយ​ក្រុម​បួង​សួង​សុំ​សន្តិភាព

WEDNESDAY, 14 AUGUST 2013 ឆាយ ច័ន្ទនីដា The Phnom Penh Post
130814_05
ក្រុម​អ្នក​បួង​សួង​សុំ​សន្តិ​ភាព​នៅ​​រមណីយ​ដ្ឋាន ​វត្ត​ភ្នំ​កាល​ពី​ឆ្នាំមុន​​។ រូបថត ម៉ៃ វីរៈ
ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ២០ នៅ​កម្ពុជា នឹង​ធ្វើ​ពិធី​បួងសួង​សុំ​ឲ្យ​មាន​សន្តិភាព នៅ​រមណីយដ្ឋាន វត្តភ្នំ នា​វេលា​ម៉ោង ៤ រសៀល ថ្ងៃ​ពុធ​នេះ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ជាច្រើន​កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពី​ភាព​ចលាចល​ណា​មួយ ដែល​អាច​កើត​ឡើង ខណៈ​ដែល​គណបក្ស​ប្រឆាំង បាន​ព្រមាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត ហើយ​កង​កម្លាំង​ជាច្រើន ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ពង្រាយ​ខុស​ប្រក្រតី។
លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កម្មវិធី​ដែល​គ្រោង​ធ្វើ​ឡើង នឹង​មាន​មនុស្ស​ចូល​រួម​មិន​តិច​ជាង ១០០ នាក់​ឡើយ ដោយ​អ្នក​ទាំង​នោះ មក​ពី​អង្គការ សហព័ន្ធ សហជីព សមាគម និង​បណ្តាញ​យុវជន​នឹង​ជួប​ជុំ​គ្នា​នៅ​បរិវេណ​មុខ​នាឡិកា​វត្តភ្នំ ហើយ​ធ្វើ​ការ​បួង​សួង​នៅ​ចំ​ថ្ងៃ​សីល​នេះ។

លោក​បន្ត​ថា៖ «យើង​បន់​ស្រន់​តាម​ជំនឿ​សាសនា សុំ​ឲ្យ​មាន​សន្តិភាព​សម្រាប់​អ្នក​បោះឆ្នោត និង​សូម​កុំ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា»។
ការ​ធ្វើ​ពិធី​បួងសួង​សុំ​សន្តិភាព​នេះ គឺ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស លទ្ធផល​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ចន្ទ ដែល​លទ្ធផល​នេះ ដូច​គ្នា​ទៅ​នឹង​ការ​ប្រកាស​របស់​គណបក្ស​ប្រជាជន កាល​ពី​យប់​ថ្ងៃ​ទី ២៨ ខែ កក្កដា គឺ​គណបក្ស​ប្រជាជន​ឈ្នះ​បាន ៦៨ អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន ៥៥ អាសនៈ។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ច្រាន​ចោល​ភ្លាមៗ​ចំពោះ​លទ្ធផល​នេះ ដោយ​អះអាង​ដូច​កាល​ពី​ពេល​កន្លង​មក​ថា ខ្លួន​ជា​អ្នក​ឈ្នះ ដោយ​ទទួល​បាន​អាសនៈ​យ៉ាង​តិច​ចំនួន ៦៣។ គណបក្ស​ប្រឆាំង​បាន​ធ្វើ​ការ​ព្រមាន​ជា​ច្រើន​លើក​មក​ហើយ​ថា ខ្លួន​នឹង​ធ្វើ​ការ​តវ៉ា​ធំ​មួយ ប្រសិន​បើ​គណៈកម្មការ​ឯករាជ្យ​មួយ មិន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​ទេ​នោះ​។ ជាមួយ​គ្នា​នេះ ចាប់​តាំង​ពី​ថ្ងៃ​បោះឆ្នោត​មក រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ខុស​ប្រក្រតី ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជាច្រើន មាន​ការ​ភ័យ​ខ្លាច៕

No comments:

Post a Comment

I like Blogger