សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, August 14, 2013

អង្គការ​មួយ​ក្រុម​ស្នើ​ឲ្យ UN ពិនិត្យ​រឿង​ចិន​ផ្តល់​កាំភ្លើង

WEDNESDAY, 14 AUGUST 2013 ម៉ៃ ទិត្យថារ៉ា From The Phnom Penh Post
130814_07a
ក្រុម​យុវ​ជន​នៅ​ក្នុង​ទិវា​សន្តិ​ភាព​អន្តរ​ជាតិ​ ធ្វើ​នៅ​ភ្នំ​ពេញ កាល​ពី​ថ្ងៃ​ទី ២១ ខែ​កញ្ញា​ឆ្នាំមុន​​​។ រូបថត ម៉ៃ វី

ភ្នំពេញៈ ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព​បាន​ដាក់​លិខិត​ចំហ​មួយ ទៅ​អង្គការ​សហ​ប្រជាជាតិ UN ដោយ​អំពាវនាវ​ឲ្យ​អង្គការ​កំពូល​នេះ ពិនិត្យ​ឡើង​វិញ ចំពោះ​ប្រទេស​ចិន ដែល​បាន​ផ្តល់​អាវុធ​ឲ្យ​មក​កម្ពុជា នៅ​គ្រា​ដែល​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។
លិខិត​ចំហ​របស់​ក្រុម​ការងារ​កម្ពុជា​ដើម្បី​សន្តិភាព ដែល​បាន​ផ្ញើ​ទៅ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ចន្ទ បាន​លើក​ឡើង​ថា ប្រហែល​កាល​ពី​ពីរ​សប្តាហ៍​មុន ប្រទេស​ចិន បាន​ផ្តល់​កាំភ្លើង​ខ្លី​ចំនួន ១០០០ ដើម និង​គ្រាប់​កាំភ្លើង​ចំនួន ៥ ម៉ឺន​គ្រាប់ ឲ្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា។
លិខិត​បាន​លើក​ឡើង​ទៀត​ថា៖ «ទង្វើ​នេះ គឺ​មិន​ត្រឹម​ត្រូវ និង​មិន​អាច​ទទួល​យក​បាន ចំពោះ​ប្រជាជន​កម្ពុជា ហើយ​វា​ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ គឺ​មាន​តែ​បង្កើន​ភាព​តាន​តឹង​សម្រាប់​កម្ពុជា​តែ​ប៉ុណ្ណោះ»។
ក្រុម​ការងារ កម្ពុជា​ដើម្បី​សន្តិភាព សរសេរ​នៅ​ក្នុង​លិខិត​ចំហ​នោះ​ទៀត​ថា៖ «នេះ​គឺជា​ពេល​តាន​តឹង​បំផុត​សំរាប់​ប្រជាជន​កម្ពុជា»។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ បាន​ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ធានា​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត​ដោយ​តម្លាភាព និង​ភាព​ជឿ​ជាក់​បាន​សម្រាប់​ប្រជាជន​កម្ពុជា ដោយ​សារ​តែ​អង្គការ​សហ​ប្រជាជាតិ គឺជា​អ្នក​ធានា​នូវ​សេរីភាព​មូលដ្ឋាន សិទ្ធិ​មនុស្ស សន្តិភាព និង​ស្ថិរភាព ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក ហើយ​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​តែ​ធានា​ថា ជំនួយ​យោធា​របស់​ចិន​នៅ​ក្នុង​ពេល​នេះ គឺ​មិន​មាន​ការ​ភ័យ​ខ្លាច ឬ​មិន​កម្រិត​សេរីភាព​បញ្ចេញ​មតិ របស់​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា​ឡើយ។

លោក ជាង សុខា ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ក្រុម​ការងារ​កម្ពុជា ដើម្បី​សន្តិភាព ដាក់​លិខិត​ទៅ​អង្គការ​សហ​ប្រជាជាតិ​នេះ គឺ​ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា ស្ថានភាព​នយោបាយ កំពុង​តែ​ឡើង​កម្ដៅ រវាង​គណបក្ស​ធំៗ​ទាំង​ពីរ ហើយ​ប្រសិន​បើ​មាន​បាតុកម្ម រហូត​ដល់​មាន​ការ​បង្រ្កាប​នោះ​គឺ​អាវុធ​នេះ ក៏​មាន​ចំណែក​ក្នុង​ការ​យក​ទៅ​បង្ក្រាប​បាតុករ​ផង​ដែរ​។
លោក​ថ្លែង​ថា៖ «ចំពោះ​ដំណើរការ​កសាង​សន្តិភាព​នេះ​អង្គការ​សហ​ប្រជាជាតិ ក៏​មាន​ការ​ចូល​រួម​ផង​ដែរ ពុំ​មែន​មាន​តែ​កម្ពុជា​ខ្លួន​ឯង​នោះ​ទេ​ដូច្នេះ​យើង​សង្ឃឹម​ថា អង្គការ​សហ​ប្រជាជាតិ និង​អាច​ធ្វើ​ការ​ឆ្លើយ​តប បើ​មិន​ដូច្នេះ​ទេ វា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សន្តិភាព​នៅ​កម្ពុជា»។
កាល​ពី​ថ្ងៃ ៣០ ខែ កក្កដា ចិន បាន​ប្រគល់​កាំភ្លើង​ខ្លី ១ ពាន់​ដើម​និង​គ្រាប់​ចំនួន ៥ ម៉ឺន​គ្រាប់ ដល់​កម្ពុជា នៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ ហើយ​នៅ​ពេល​នោះ មន្ត្រី​បាន​លើក​ឡើង​ថា ជំនួយ​នេះ​មិន​មែន​ជា​អ្វី ដែល​ធ្វើ​ឡើង ដើម្បី​រឹត​បន្តឹង​សន្តិសុខ នៅ​ក្នុង​អំឡុង​រយៈ​ពេល​ក្រោយ​ការ​បោះឆ្នោត​នោះ​ទេ គឺជា​កិច្ច​ព្រម​ព្រៀង​ចាស់ នៃ​កិច្ច​សន្យា​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី សម្រាប់​ការ​ពង្រឹង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​រវាង​ប្រទេស ចិន និង​កម្ពុជា។
កាល​ពី​ចុង​ខែ មករា ឆ្នាំ ២០១៣ ចិន ក៏​បាន​ផ្តល់​ឲ្យ​កម្ពុជា នូវ​ឧទ្ធម្ភាគចក្រ​ចំនួន ១២ គ្រឿង ក្រោម​ជំនួយ​កម្ចី​សម្បទាន​របស់​ចិន ដែល​មាន​តម្លៃ ១៩០ លាន​ដុល្លារ សម្រាប់​បម្រើ​ការ​សង្គ្រោះ​បន្ទាន់ និង​ការពារ​បូរណភាព​ដែន​ដី ដែន​ទឹក និង​ដែន​អាកាស​កម្ពុជា។ កាល​ពី​ឆ្នាំ ២០១១ ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ផ្នែក​យោធា​ជា​ទ្រង់​ទ្រាយ​ធំ​លើក​ទី ២ ឲ្យ​កងទ័ព​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​យោធា នៃ​ប្រទេស​ទាំង​ពីរ​។ ហើយ​នៅ​ដើម​ខែ ឧសភា ឆ្នាំ ២០១០ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន លោក ហ៊ូ ជិនតាវ ប្រធានាធិបតី ចិន បាន​ប្រកាស​ផ្តល់​ជំនួយ​ជា​សម្ភារ​យោធា ដែល​មាន​តម្លៃ​សរុប ១០០ លាន​យ័ន ស្មើ​នឹង ១៤ លាន​ដុល្លារ ដល់​កម្ពុជា​។សម្ភារ​ទាំង​នោះ មាន​រថយន្ត​យោធា ២៥៧ គ្រឿង សម្លៀក​បំពាក់ និង​សម្ភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ចំនួន ៥ ម៉ឺន​សម្រាប់។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ដោយ​បង្វែរ​សំណួរ​ទៅ​លោក គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ នគរបាល​ជាតិ ប៉ុន្តែ​លោក ច័ន្ទថារិទ្ធ ពុំ​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។
លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ ត្រូវ​បាន​ស្រង់​សម្តី នៅ​លើ​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​នា​ពេល​កន្លង​មក​ថា៖ «អាជ្ញាធរ​ចិន​ជាន់​ខ្ពស់ បាន​និយាយ​ថា កម្ពុជា​និង​ចិន គឺ​តែងតែ​រួប​រួម​គ្នា ហើយ​ចិន​តែង​តែ​ជួយ​កម្ពុជា​ទាំង​ជំនួយ និង​ចំណង​ទាក់​ទង​ការ​ទូត»៕

No comments:

Post a Comment

I like Blogger