សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Friday, August 2, 2013

ស្រុក-ក្រុង ៥​នៅ បន្ទាយ​មាន​ជ័យ ត្រូវ​ទឹក​ជន់​លិច

Friday, 02 August 2013 ឃុត សុភចរិយា The Phnom Penh Post
130802_05a
ទឹក​លិចផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែត​​ ខេត្ត​ បន្ទាយ​មាន​ជ័យ កាល​ពី​ម្សិល​មិញ​​​។ រូបថត សហ​ការី
 
បន្ទាយ​មាន​ជ័យៈ លំនៅឋាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ស្រុក​ចំនួន​បី និង​ក្រុង​ចំនួន​ពីរ​នៃ​ខេត្ត បន្ទាយ​មាន​ជ័យ ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​ដែល​បង្ក​ឡើង​មក​ពី​ប្រព័ន្ធ សម្ពាធ​ទាប​និង​មូសុង​និរតី នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។
លោក ទ្រី ណារិន អភិបាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ បាន​ធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​ស្រុក ថ្មពួក ស្រុក ស្វាយចេក និង​ស្រុក អូរជ្រៅ រួម​ទាំង​ក្រុង សិរីសោភ័ណ និង​ក្រុង ប៉ោយប៉ែត មាន​ការ​ជន់​លិច​ផ្លូវ និង​ភូមិករ​របស់​ប្រជា​ពលរដ្ឋ។ លោក​ថ្លែង​ថា៖ «ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​នេះ​មិន​ទាន់​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ នៅ​ឡើយ​ទេ។ នៅ​ពេល​នេះ កម្លាំង​អាជ្ញាធរ​កំពុង​តែ​ប្រើ​គ្រឿង​ចក្រ​ជីក​កាយ​ប្រឡាយ ដើម្បី​បង្ហូរ​ទឹក​ចេញ»។
លោក ង៉ោ ម៉េងជ្រួន អភិបាល​ក្រុង ប៉ោយប៉ែត និយាយ​ថា៖​«ថ្វី​បើ​ពេល​នេះ​ទឹក​បាន​ហូរ​ស្រក​ពី​ភូមិ និង​ដង​ផ្លូវ​ខ្លះ​ក្ដី ប៉ុន្តែ​បើ​សិន​មាន​ភ្លៀង​ធំ​បន្ត​ធ្លាក់​មក​ទៀត​ការ​លង់​នឹង​នៅ​តែ​បន្ត អូស​បន្លាយ​រយៈ​ពេល​យូរ​ព្រោះ​ក្រុង ប៉ោយប៉ែត មាន​រាង​ដូចជា​បាត​ឆ្នាំង​ខ្ទះ​និង​មាន​ប្រព័ន្ធ​អូរ​សម្រាប់​រំដោះ​ទឹក​ចេញ ​ពី​ទីក្រុង​ចំនួន​តែ​ពីរ​ប៉ុណ្ណោះ»។
លោក យូ ប៊ុនថន អាយុ ៣៨ ឆ្នាំ នៅ​ភូមិ ប៉ាលិលេយ្យ សង្កាត់ ប៉ោយប៉ែត បាន​និយាយ​ថា ភូមិ​របស់​លោក​ឲ្យ​តែ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​គឺ​តែង​តែ ​មាន​ទឹក​លិច។ លោក​បន្ត​ថា៖​«បើ​អាជ្ញាធរ​ជីក​ប្រព័ន្ធ​មេ​លូ​បង្ហូរ​ទឹក​ឲ្យ​ធំ​នោះ ប្រហែល​ជា​គ្មាន​ការ​ដក់​លិច​បែប​នេះ​ទេ»។

លោក គង់ សុខ ចៅ​សង្កាត់ ប៉ោយប៉ែត បាន​និយាយ​ថា ក្នុង​សង្កាត់​របស់​លោក​មាន​ភូមិ​ចំនួន​បួន​បាន​រង​ការ​លិច​លង់​ដោយ​ជំនន់​ ទឹក​ភ្លៀង ហើយ​លំនៅឋាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត ១០០ ខ្នង បាន​លិច។ លោក​ថ្លែង​ថា៖​«បច្ចុប្បន្ន យើង​បាន​ប្រើ​អេស្កាវាទ័រ ៤ គ្រឿង​កាយ​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​ដែល​លិច​នោះ»។
បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ចេញ កាល​ពី​ថ្ងៃ​អង្គារ បាន​ព្យាករ​ថា ក្នុង​រយៈ​ពេល​ពី​បី​ថ្ងៃ​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជោក​ជាំ​ពេញ​ផ្ទៃ​ប្រទេស។
នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ លោក លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប និង​វិសម្ពាធ​ទាប ដែល​កំពុង​គ្រប​ដណ្ដប់​លើ​តំបន់​អាង​ទន្លេ​មេគង្គ​លើ​ក្នុង​ប្រទេស​ថៃ និង​ឡាវ។
លោក​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី០៣ ដល់ ថ្ងៃ​ទី០៥ ឥទ្ធិពល​នៃ​ប្រព័ន្ធ​ខាង​លើ​នេះ អាច​នឹង​បង្ក​ឲ្យ​មាន​ព្យុះ និង ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​នឹង​អាច​បង្ក​ឲ្យ​ មាន​ជំនន់​ទឹក​ភ្លៀង នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​វាល​ទំនាប​និង​តំបន់​តាម​ដង​ទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេ​បាសាក់។
លោក អ៊ូ ម៉ៅ អាយុ ៤៨ ឆ្នាំ រស់​នៅ​ភូមិ សាមគ្គី​មាន​ជ័យ ក្រុង ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា ភូមិ​របស់​លោក​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ទេ ហើយ​តែង​តែ​ជន់​លិច​ជា​ប្រចាំ​នៅ​ពេល​ដែល​មាន​ភ្លៀង​។ លោក​ថ្លែង​ថា៖ «ឥឡូវ​នេះ​ក្នុង​ផ្ទះ​ខ្ញុំ​ទឹក​បាន​លិច​ចូល​ត្រឹម​ក​ជើង។ គ្រួសារ​ខ្ញុំ​កំពុង​រៀបចំ​ធ្វើ​ធ្នើរ​ដើម្បី​កល់​អីវ៉ាន់​ឲ្យ​ផុត​ពី​ទឹក»។
នៅ ឯ​ស្រុក អូរជ្រៅ ឃុំ អូរបីជាន់ អាជ្ញាធរ និង​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទឹក​ភ្លៀង​ដែល​ហូរ​ពី​តំបន់​ខ្ពង់រាប​ប្រទេស​ថៃ​និង​ការ​ហូរ​ចាក់​ពី​តំបន់​ មួយ​ចំនួន​នៅ​ផ្នែក​ខាង​លើ​នៃ​ស្រុក​នេះ បាន​កាត់​ផ្ដាច់​ផ្លូវ​មួយ​ខ្សែ​ក្នុង​ភូមិ កូនដំរី ត្រង់​ចំណុច​ព្រែកយាង​។ លោក សួង មឿន មេ​ឃុំ អូរ​បី​ជាន់ និយាយ​ថា អ្នក​ភូមិ កូនដំរី នៅ​ពេល​នេះ​កំពុង​ជន់​លិច​ដោយ​សារ​ទឹក​ហូរ​មក​ពី​ថៃ​ធ្វើ​ឲ្យ​ដាច់​ផ្លូវ​ ដែល​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ។ លោក​បន្ត​ថា​៖«មាន​ការ​ដាច់​ផ្លូវ​ទំបន់​ព្រែកយាង​ប្រវែង​ជាង ២០ ម៉ែត្រ»៕

 

No comments:

Post a Comment

I like Blogger