សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, August 14, 2013

ក្រុម​មួយ​ប្រកាស​គាំទ្រ​លទ្ធផល​បោះឆ្នោត

THURSDAY, 15 AUGUST 2013 STUART WHITE និង ជាង សុខា From Phnom Penh Post
130815_07
ពល​រដ្ឋ​ខ្មែរ​នៅ​វត្ត​ចម្ប៉ា​​​ចាំ​ទប់​ស្កាត់​ជន​ជាតិ​វៀតណាមមិន​ឲ្យ​ចូល​បោះ​ឆ្នោ​ត​។ រូបថត លីណា

ភ្នំពេញៈ សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជាធិបតេយ្យ​កម្ពុជា CDSIF ដែល​ហៅ​ខ្លួន​ឯង​ថា ជា «អង្គការ​មិន​លម្អៀង​ផ្នែក​នយោបាយ និង​មិនមែន​រដ្ឋាភិបាល» កាល​ពី​ថ្ងៃ​ពុធ បាន​ប្រកាស​គាំទ្រ​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ កក្កដា​ថា ជា​ការ​បោះឆ្នោត​ដោយ​រលូន សេរី ត្រឹមត្រូវ។
សហព័ន្ធ​នេះ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា៖ «ដោយ​មាន​ការ​សង្កេត​ផ្ទាល់​ពី​ដំណើរការ​បោះឆ្នោត​នៅ​ទូទាំង ២៤ ខេត្ត ក្រុង នោះ​សហព័ន្ធ CDSIF បាន​បញ្ជាក់​ដដែលៗ ពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ខ្លួន ចំពោះ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​សកល​ឆ្នាំ ២០១៣ ហើយ​អះអាង​ថា ការ​បោះឆ្នោត​សកល​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដោយ​រលូន សមរម្យ តម្លាភាព សេរី និង ត្រឹមត្រូវ»។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​ហៅ​ការ​បោះឆ្នោត​ថា «ជា​ភ័ស្តុតាង​មិន​អាច​ប្រកែក​បាន ដែល​ប្រជាធិបតេយ្យ​នៅ​ក្នុង​កម្ពុជា​បន្ត​រីក​ចម្រើន»។
ទោះ​យ៉ាង​ណា សហព័ន្ធ CDSIF ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ ធ្វើ​ជា​អ្នក​សង្កេត​ការណ៍​មួយ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នេះ គឺជា​សមាជិក​ដែល​ប្រកាស​ខ្លួន​ឯង​ថា ជា​ក្រុម ឆត្រ «កែវ​ភ្នែក​យុត្តិធម៌» ដែល​កាល​ពី​ឆ្នាំ ២០០៣ មាន​ការ​ពាក់​ព័ន្ធ​នឹង​គម្រោង​របស់​រដ្ឋាភិបាល ក្នុង​ការ​បណ្ដុះ​នូវ​ជំនាញ​ខាង​ការ​សង្កេតការណ៍​បោះឆ្នោត ដោយ​គាំទ្រ​គណបក្ស​ប្រជាជន ដែល​ការ​សម្ដែង​បំណង​របស់​ពួក​គេ គឺ​ត្រូវ​ធ្វើ​ឲ្យ​ខូច​នូវ​ការ​វាយ​តម្លៃ​របស់​អ្នក​សង្កេត​ការណ៍​ផ្សេង​ទៀត ដែល​មិន​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល។

យោង​តាម​ឯកសារ​សរសេរ​ដោយ​ដៃ​មួយ​ច្បាប់ ដែល​អ្នក​ចូល​រួម​ទទួល​បាន ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​ភូមិគ្រឹះ​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នា​ក្រុង តាខ្មៅ និង​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ឆ្នាំ ២០០៣ បាន​ឲ្យ​ដឹង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​កែវ​ភ្នែក​យុត្តិធម៌​ប្រមាណ ៧៦ អង្គការ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រាប់​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត»។ ប្រភព​មួយ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ ដោយ​ខ្លាច​គេ​ស្គាល់​នោះ​បាន​រាយការណ៍​ថា នៅ​ពេល​នោះ​អ្នក​ចូល​រួម​ការ​ជួប​ជុំ​បី​នាក់​ទៀត បាន​ប្រាប់​ថា គណបក្ស​ប្រជាជន បាន​និយាយ​ថា៖ «បើ​សិន​យើង​ឈ្នះ​តាម​ច្បាប់ នោះ​ក៏​នៅ​តែ​យើង​ឈ្នះ​។ បើ​យើង​ចាញ់​តាម​ច្បាប់ ក៏​យើង​ត្រូវ​តែ​ឈ្នះ​ដដែល»។ ប្រភព​នេះ បាន​បន្ត​ក្នុង​លក្ខខណ្ឌ​មិន​ច្បាស់​លាស់​ថា អង្គការ​នេះ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ប្រកាស​គាំទ្រ​ការ​បោះឆ្នោត​នេះ​ថា មាន​លក្ខណៈ​សេរី និង​ត្រឹមត្រូវ​ដោយ​មិន​ខ្វល់​ពី​អ្វី​កើត​ឡើង​ឡើយ។
អនុ​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ផ្លូវ​ច្បាប់ និង​ដោះស្រាយ​វិវាទ របស់ គ.ជ.ប លោក កែ រិទ្ធ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ មិន​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​របស់​សហព័ន្ធ CDSIF ជាមួយ​គណបក្ស​ណា​មួយ​ទេ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​លម្អៀង​ជា​ច្រើន ត្រូវ​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេតការណ៍។
លោក កែ រិទ្ធ បាន​ថ្លែង​ថា៖ «យើង​មិន​ផ្ដោត​លើ​ថា តើ​ក្រុម​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ មាន​ទំនាក់​ទំនង​នយោបាយ​ណា​មួយ​ជាមួយ​នឹង​គណបក្ស​ណា​មួយ​ឡើយ​។ ផ្អែក​តាម​ការ​សង្កេត​ការណ៍​របស់​ខ្ញុំ មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​ត្រូវ​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍ ប៉ុន្តែ​អង្គការ​មួយ​ចំនួន មាន​និន្នាការ ខ្លះ​ទៅ​បក្ស​នេះ និង​ខ្លះ​ទៀត​ទៅ​បក្ស​នោះ»។
ទោះ​យ៉ាង​ណា លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល បាន​ថ្លែង​ថា ភាព​លម្អៀង​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ការ​ណែនាំ​ផ្ទាល់​របស់ គ.ជ.ប.។ លោក​បាន​ថ្លែង​ថា៖ «យោង​តាម​ក្រឹត្យក្រម​នៃ គ.ជ.ប. ពួកគេ​គួរ​តែ​គ្មាន​បក្ខពួក និង​មិន​មាន​ទំនាក់​ទំនង​គ្នា​។ ប៉ុន្តែ​ក្រឹត្យក្រម​នេះ មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​នោះ​ទេ»។ «នៅ​ពេល​ធ្វើការ​សង្កេត​ការណ៍​បោះឆ្នោត អ្នក​សង្កេតការណ៍ គួរ​តែ​មិន​មាន​ទំនាក់​ទំនង​នឹង​គណបក្ស​ណា​មួយ​ឡើយ​។ វា​ច្បាស់​ណាស់ នេះ​ជា​គោលការណ៍​ពិភពលោក​។ បើ​សិន​ពួកគេ​មិន​គោរព​តាម​គោលការណ៍​នេះ​ទេ នោះ​កិច្ចការ​ពួក​គេ អាច​ចោទ​ជា​សំណួរ​ជាច្រើន»៕ PN

No comments:

Post a Comment

I like Blogger