សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, August 14, 2013

សង្គម​ស៊ីវិល​ខក​ចិត្ត​នឹង​ការ​ចូល​រួម​ស៊ើប​អង្កេត​ការ​បោះឆ្នោត

WEDNESDAY, 14 AUGUST 2013 SHANE WORRELL - មាស សុខជា The Phnom Penh Post
130814_04
លោករដ្ឋ​មន្ត្រី​មហាផ្ទៃ ស ខេង និង​មន្ត្រី​សង្គម​ស៊ី​វិលជួប​អ្នកកាសែត​ក្រោយ​ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​។ រូបថត សែន ដាវិត​

ភ្នំពេញៈ ក្តី​រំពឹង​របស់​សង្គម​ស៊ីវិល​ដែល​សង្ឃឹម​ថា នឹង​បាន​ចូល​រួម​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី នៃ​ការ​បោះឆ្នោត​ទំនង​ជា​រលាយ​ទៅ​វិញ បន្ទាប់​ពី​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប កាល​ពី​ម្សិលមិញ​អះអាង​ថា ពួក​គេ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ដើរ​តួ​ត្រឹម​តែ​ជា​អ្នក​សង្កេត​ការណ៍​តែ​ប៉ុណ្ណោះ។
លោក ជាម យៀប បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​លើក​ឡើង​ថា រដ្ឋាភិបាល​បាន​សម្រេច​មិន​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ជា សមាជិក​សកម្ម នៃ​គណៈកម្មការ​នេះ​ទេ​ឬ ប៉ុន្តែ​លោក​បាន​ប្រាប់​ផ្ទាល់​មក​ភ្នំពេញ ប៉ុស្តិ៍ ថា ពួក​គេ​នឹង​ដើរ​តួនាទី​នៅ​ក្នុង​កម្រិត​សកម្ម​ខ្លាំង​ជាង​មុន​។ លោក​បន្ត​ថា៖ «ប្រសិន​បើ [អង្គការ​ក្រៅ​រដ្ឋាភិបាល] គ្រាន់​តែ​ចូល​រួម​ស្តាប់​ឬ​សង្កេត​ការណ៍ នោះ​វា​គ្មាន​បញ្ហា​ទេ»។
បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​ក្រុម​សង្គម​ស៊ីវិល​និង​រដ្ឋ​មន្រ្តី​ក្រសួង មហា​ផ្ទៃ​លោក ស ខេង កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទន្ទឹង​រង់​ចាំ​នូវ​តួនាទី​មួយ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​នេះ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​តំណាង​មួយ​រូប​ក្នុង ចំណោម​តំណាង​សង្គម​ស៊ីវិល​ដែល​ជួប​ពិភាក្សា​ជាមួយ លោក ស ខេង បាន​ថ្លែង​ថា លោក​មាន​ការ​ខក​ចិត្ត​នៅ​ពេល​ឮ អំពី​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​មិន​ត្រូវ​ឲ្យ​ចូល​ពាក់​ព័ន្ធ​ទេ។ លោក​បន្ត​ថា៖ «វា​នឹង​ជា​ចំណុច​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ។ វា​ជា​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង»។
លោក អ៊ូ វីរៈ បាន​ថ្លែង​ថា គណបក្ស​ទាំង​ពីរ​គួរ​តែ​ត្រឡប់​ទៅ​តុ​ពិភាក្សា​វិញ ដោយ​ឲ្យ គ.ជ.ប សម្រប​សម្រួល​ការ​ស៊ើប​អង្កេត និង​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​ពាក់​ព័ន្ធ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ «នោះ​ហើយ ទើប​ជា​ចំណុច​អាច​ទទួល​យក​បាន​ច្រើន​ជាង​មុន»។
លោក ជាម យៀប និង​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពីរ​រូប​ទៀត ត្រូវ​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ អំពី​គណៈកម្មការ​ស៊ើប​អង្កេត​នេះ។ លោក​បន្ថែម​ថា គណៈកម្មការ​នេះ​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពាក់​ព័ន្ធ​ពី គ.ជ.ប ខណៈ​ស្ថាប័ន​នេះ​ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ជា​ស្ថាប័ន​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល។
លោក ជាម យៀប បាន​ថ្លែង​សំដៅ​ទៅ​រក​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អន្តរជាតិ​ថា ៖ «គ.ជ.ប មាន​សិទ្ធិ​តាម​ច្បាប់​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ វា​មិន​ចាំ​បាច់​ប្រើ​អង្គការ​សហ​ប្រជាជាតិ​គ្រប់​គ្រង​យើង​ទេ»។
លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​មិន​បាន​ឮ​ការ​អត្ថាធិប្បាយ​ផ្ទាល់​ពី​លោក ជាម យៀប ដែល​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ត្រូវ​ដក​ចេញ​ពី​គណៈកម្មការ​នេះ​ទេ ប៉ុន្តែ លោក​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា ទំនង​ជា​កំពុង «ធ្វើ​ឲ្យ​អ្វីៗ​ផ្ងារ​ជើង​ឡើង»។
លោក​បន្ត​ថា ៖ «ឥឡូវ​នេះ ពួក​គេ​កំពុង​ផ្លាស់​ប្តូរ​អ្វីៗ។ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា តើ​គាត់​និយាយ​អ្វី​នោះ​ទេ គាត់​សន្យា ទូរស័ព្ទ​មក​យើង»។
លោក សុន ឆ័យ បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​បណ្តឹង​ទៅ គ.ជ.ប កាល​ពី​ម្សិលមិញ បើ​ទោះ​ជា​គណបក្ស​ប្រឆាំង​មិន​ទុក​ចិត្ត គ.ជ.ប ក៏​ដោយ។
លោក​បាន​ថ្លែង​ថា រូប​លោក និង លោក កឹម សុខា បាន​ទៅ​ការិយាល័យ​សហភាព​អឺរ៉ុប​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។ លោក​បន្ត​ឲ្យ​ដឹង​ថា៖ «ពួក​គេ​ទំនង​បារម្ភ​អំពី​ការ​តវ៉ា។ ប៉ុន្តែ វា​សំខាន់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នេះ»។
ខណៈ​លោក សម រង្ស៊ី គ្រោង​នឹង​ត្រឡប់​មក​ដល់​ប្រទេស​វិញ​នៅ​ថ្ងៃ​ស្អែក លោក សុន ឆ័យ បាន​ថ្លែង​ថា ការ​ជជែក​មិន​មែន បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ជា​អាទិភាព​សម្រាប់​គណបក្ស​លោក​ទេ។ លោក​បន្ត​ថា៖«យើង​ជា​អ្នក​ធ្វើ​ឲ្យ​មាន​សន្តិភាព ផ្ទុយ​ទៅ​វិញ គឺ​ភាគី​ម្ខាង​ទៀត​ទេ​ដែល​មាន​កងទ័ព»។
អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា កាល​ពី​ម្សិលមិញ​ថ្លែង​ថា គណបក្ស​ទាំង​ពីរ​អាច «បង្កើត​គណៈកម្មការ​នេះ​ដោយ​ខ្លួន​ឯង វា​ជា​រឿង​របស់​ពួក​គេ»។
ជាមួយ​នឹង​រយៈ​ពេល​តែ ៧២ ម៉ោង​ដើម្បី​ជំទាស់​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​បឋម​របស់ គ.ជ.ប ដែល​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​ទូទាំង​ប្រទេស​បាន​ប្រជុំ​គ្នា​កាល ពី​រសៀល​ម្សិលមិញ ពិភាក្សា​ពី​ជំហាន​បន្ទាប់​ដែល​ពួក​គេ​ត្រូវ​ធ្វើ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ៖ «យើង​មិន​ទាន់​បាន​ផ្ញើ​អ្វី​ទៅ គ.ជ.ប ទេ។ ឥឡូវ​នេះ [មន្រ្តី​គណបក្ស] កំពុង​ប្រជុំ»។
ការ​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​បឋម ដែល​ធ្វើ​ឡើង​មុន​ពេល​គណៈកម្មការ​ស៊ើប​អង្កេត​ត្រូវ​បង្កើត​ឡើង​បាន​ធ្វើ​ឲ្យ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា គ.ជ.ប ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ណា​មួយ ដែល​នឹង​ផ្ទុះ​ឡើង។
ភាព​មិន​ច្បាស់​លាស់​នៅ​ក្រោយ​ពេល​បោះឆ្នោត​នេះ បាន​បន្ត​កើត​មាន​កាល​ពី​ម្សិលមិញ និង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​សហជីព​តាម​រោងចក្រ​និង​ក្រុម​អង្គការ​សិទ្ធិ ការងារ​ថ្លែង​ថា ៣០ ភាគរយ​នៃ​កម្មករ​តាម​រោងចក្រ​កាត់​ដេរ​មិន​បាន​ទៅ​ធ្វើ​ការងារ ដោយ​សារ​ភ័យ​ខ្លាច​ស្ថានភាព​ចលាចល​ណា​មួយ​ពី​គណបក្ស​នយោបាយ។
សេចក្តី​ថ្លែង​ការណ៍​មួយ​សង្កត់​ធ្ងន់​ថា៖ «យើង​ថ្កោល​ទោស​ខ្លាំង​ក្លា ចំពោះ​វត្តមាន​យោធា​ដែល​មាន​លក្ខណៈ​មិន​ចាំ​បាច់ និង​មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​នេះ»។
ក្រុម​សហជីព​ក៏​បាន​ថ្លែង​ដែរ​ថា ពួក​គេ​មាន​ការ​ខក​ចិត្ត​ចំពោះ «ការ​ខ្វះ​ឆន្ទៈ» របស់ គ.ជ.ប ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ទៅ​លើ «ករណី មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដែល​កើត​ឡើង​ស្ទើរ​គ្រប់​កន្លែង»។
មនុស្ស​ប្រមាណ ១០០ នាក់​មក​ពី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​ជា ២០ នឹង​ប្រាព្ធ​ពិធី​មួយ​នៅ​រមណីយដ្ឋាន វត្តភ្នំ នៅ​ថ្ងៃ​នេះ​ដើម្បី​បន់​ស្រន់​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី៕ PS

No comments:

Post a Comment

I like Blogger