សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, August 14, 2013

ចាប់​ឈើ​គ្រញូង​ជិត ២ តោន​ពេល​រើ​ចុះ​ទូក​ទៅ​វៀតណាម

WEDNESDAY, 14 AUGUST 2013 គឹម សារុំ From The Phnom Penh Post
130814_10b
ឈើ​ប្រណីត​ដែល​សមត្ថកិច្ច​​ស្ទាក់​ចាប់​​បាន​កន្លង​​មក​។ រូបថត សហ​ការី

កំពតៈ ឈើ​គ្រញូង​ជាច្រើន​ដុំ​និង​មាន​ទម្ងន់​ជិត ២ តោន ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត កំពត ចាប់​បាន​កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​អង្គារ នៅ​ភូមិ ស្លាបតាឱន ស្រុក កំពង់ត្រាច ខេត្ត កំពត ខណៈ​ឈ្មួញ​កំពុង​រើ​និង​ជញ្ជូន​ចេញ​ពី​រថយន្ត​ដើម្បី​ដាក់​ក្នុង​ទូក​បំណង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម។
លោក អ៊ិន ជីវ៉ា ស្នងការ​រង​នគរបាល​ខេត្ត កំពត បាន​ឲ្យ​ដឹង​ថា ដុំ​ឈើ​គ្រញូង​ដែល​កម្លាំង​សមត្ថកិច្ច​ស្រុក កំពង់ត្រាច រឹប​អូស​បាន កាល​ពី​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី១៣ ខែ សីហា គឺ​ឈ្មួញ​បម្រុង​ដឹក​ចេញ​ទៅ​វៀតណាម។
លោក​ថា សមត្ថកិច្ច​ចម្រុះ​ដែល​មាន​ខាង​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​ព្រះ​រាជអាជ្ញា​ខេត្ត​បាន​ថ្លឹង​ឃើញ​ជាង ១.៥០០ គីឡូក្រាម ហើយ​បាន​ធ្វើ​កំណត់​ហេតុ​រួម​គ្នា​រួច​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រក្សា​ទុក​បណ្តោះ​អាសន្ន។

លោក​ថ្លែង​ថា៖ «ឈើ​គ្រញូង​ទាំង​នេះ ឈ្មួញ​ដឹក​តាម​រថយន្ត​ពីរ គ្រឿង ប៉ុន្តែ​មួយ​ចំនួន​ឈ្មួញ​បាន​យក​ចុះ​ទូក​ខ្លះ​ហើយ​ព្រោះ​សមត្ថកិច្ច​យើង​ទៅ​ចាប់​ក្នុង​ពេល​ឈ្មួញ​កំពុង​រើ​ដាក់​ទូក។ ឈើ​គ្រញូង​ដែល​រឹប​អូស​បាន​ទាំង​នេះ ខាង​មេ​ព្រៃ​នឹង​ធ្វើ​កំណត់​ហេតុ​ទៅ​កាន់​តុលាការ»។
លោក ហាញ់ គារ អធិការ​ស្តីទី​នគរបាល​ស្រុក កំពង់ត្រាច​បាន​ឲ្យ​ដឹង​ថា ឈើ​គ្រញូង​នេះ​មិន​ដឹង​ថា ឈ្មួញ​ដឹក​មក​ពី​ទី​ណា​ទេ តែ​កម្លាំង​លោក​បាន​ស្ទាក់​ចាប់​នៅ​ពេល​កម្មករ​កំពុង​រើ​ពី​រថយន្ត​ដាក់​ចូល​ទៅ​ក្នុង​ទូក។
លោក ហាញ់ គារ បាន​ប្រាប់​ថា ឈើ​នោះ​គេ​ដឹក​តាម​រថយន្ត ដែល​មួយ​គ្រឿង​ជា​រថយន្ត​កូរ៉េ​កែច្នៃ​ពណ៌​ខៀវ​ចំណុះ​មួយ​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-1034 និង​មួយ​គ្រឿង​ទៀត​ម៉ាក សាំយ៉ុង ពណ៌ ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-0296 ប៉ុន្តែ​អ្នក​បើក​បរ​និង​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​អស់ មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់៕

No comments:

Post a Comment

I like Blogger