សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 13, 2012

អ្នក​បឹងកក់ បុរី​កីឡា​បោះ​តង់​នៅ​មុខ​ទូត​អាមេរិក

ឃុត សុ​ភ​ចរិយា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៩ វិច្ឆិកា ២០១២

121109_5
អ្នក​ភូមិ​បឹង​កក់​ និង​បុរី​កីឡា នៅ​មុខ​ស្ថាន​​ទូត​អា​មេរិក កាល​ពី​ម្សិល​មិញ​។ រូបថត ចរិយា
 
 ភ្នំពេញៈ អ្នក​ភូមិ​សហគមន៍​បឹងកក់ និង​បុរីកីឡា​ប្រមាណ ១០០ នាក់​បាន​នាំ​គ្នា​បោះ​តង់​នៅ​លើ​សួន​ច្បារ​មុខ​ស្ថាន​ទូត​អាមេរិក ដើម្បី​រង់ចាំ​សម្ដែង​កិច្ច​ស្វាគមន៍ ចំពោះ​ការ​អញ្ជើញ​មក​ដល់​កម្ពុជា ​របស់​លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឲ្យ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​ជួយ​ដោះ​លែង​សកម្មជន​ដីធ្លី និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ របស់​ពួក​គេ។

កញ្ញា សុង ស្រីលាភ អ្នក​ភូមិ​សហគមន៍​បឹងកក់ បាន​និយាយ​ថា ពួក​គាត់​នឹង​បោះតង់​នៅ​លើ​សួន​ច្បារ​មុខ​ស្ថាន​ទូត​អាមេរិក​ រហូត​ដល់​ថ្ងៃ​ដែល​លោក បារ៉ាក់​ អូបាម៉ា​ មក​ដល់​ប្រទេស​កម្ពុជា។ កញ្ញា បញ្ជាក់​ថា៖ «ទោះ​ជា​បែប​ណា​ ពួក​យើង​មិន​ស្នាក់​នៅ​ទីនេះ​ដើម្បី​រង់ចាំ​រហូត​ដល់​ លោក​ អូបាម៉ា មក​ដល់​នោះ​ទេ គឺ​យើង​មក​ទីនេះ​តែ​នៅ​ពេល​ព្រឹក​ប៉ុណ្ណោះ​ ហើយ​ពេល​ព្រលប់​យើង​នឹង​រើតង់​ត្រឡប់​ទៅ​វិញ​ផ្ទះ​យើង​វិញ»។ កញ្ញា​បន្ត​ថា៖ «យើង​ចង់​ជម្រាប​ជូន​ដល់​លោក​អូបាម៉ា ឲ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី​ធី​ទាំង​អស់​នៅ​កម្ពុជា ការ​លើក​ស្ទួយ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​មនុស្ស ពិសេស​សិទ្ធិ​ស្ត្រី​និង​កុមារ ដែល​កំពុង​តែ​ត្រូវ​បាន​បំពាន រួម​ទាំង​ការ​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ស្រី​ យ៉ោម​ បុប្ផា និង​អ្នក​ស្រី​ទឹម សាក់​មុន្នី»។

ផ្ទាំង​រូប​ថត​ស្ត្រី​ជន​ជាប់​ចោទ ទាំង​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំ ព្រម​ទាំង​បដា​ជាច្រើន ដែល​មាន​សរសេរ​ជា​សារ​ថា​«ដោះលែង អ្នក​ស្រី​ យ៉ោម​ បុប្ផា និង​អ្នក​ស្រី​ទឹម​ សាក់​មុន្នី បញ្ឈប់​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​ដីធ្លី» ត្រូវ​បាន​គេ​ចង​ព្យួរ​នៅ​តាម​ដើម​ឈើ​មួយ​ចំនួន នៅ​ខាង​មុខ​ស្ថាន​ទូត​អាមេរិក។

លោក គង់ វណ្ណារិទ្ធ និសិ្សត​ឆ្នាំ​ទី ២ នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង នៅ​ក្បែរ​កន្លែង​តវ៉ា​នេះ និយាយ​ថា ការ​ព្យួរ​រូបភាព​ និង​បដា​ហើយ​និង​ការ​បោះ​តង់​បែប​នេះ ធ្វើ​ឲ្យ​ខូច​សោភណភាព សួន​ច្បារ​សាធារណៈ និង​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​សាធារណ​ជន​។ លោក​ថ្លែង​ថា​៖«ខ្ញុំ​យល់​ថា ក្រុម​អ្នក​ភូមិ មិន​គួរ​បោះតង់​នៅ​ទី​នោះ​ទេ ព្រោះ​ទី​នេះ មិន​មែន​ជា​ទីលាន​សម្រាប់​ធ្វើ​បាតុកម្ម​នោះ​ទេ»។

ចំណែក អ្នក​ស្រី សេង ចាន់​ធានី ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​ដែល​មាន​ការ​តវ៉ា​នេះ បាន​និយាយ​ថា អ្នក​ភូមិ ទាំង​នេះ បាន​ព្យាយាម​រក​គ្រប់​មធ្យោបាយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​វិវាទ របស់​ពួក​គាត់ ខណៈ​អាជ្ញាធរ​មិន​អើពើ ចំពោះ​អ្វី​ដែល​ពួក​គាត់​ទាម​ទារ។ សាលា​រាជធានី​គួរ​តែ​ប្រញាប់​ដោះស្រាយ​រឿង​នេះ​។

ទោះ​ជា​បែប​ណា​ក្ដី លោក​ ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​បាន​ព្រមាន​ថា​ នឹង​ចាត់​វិធាន​ការ​ ទៅ​លើ​អ្នក​ភូមិ​ទាំង​នេះ ប្រសិន​បើ​ពួក​គាត់​ នៅ​តែ​បន្ត​ការ​ចង​តង់​ និង​ផ្ទាំង​រូប​ភាព​ តាម​ដើម​ឈើ​នៅ​លើ​សួន​សាធារណៈ។ លោក​ថ្លែង​ថា​៖«យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចង ឬ​បោះ​តង់​តវ៉ា​បែប​អនាធិបតេយ្យ ​ដែល​នាំ​ឲ្យ​ខូច​របៀប​រៀប​រយ​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​បែប​នេះ​បាន​ទេ យើង​នឹង​ចាត់​វិធានការ​សង្គមកិច្ច​ទៅ​លើ​ពួក​គាត់ បើ​ពួក​គាត់​នៅ​តែ​បន្ត​ធ្វើ​បែប​នេះ»។

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ម្នាក់ បាន​ចេញ​មក​ប្រាប់​តំណាង​សហគមន៍​ថា លោក​ឯក​អគ្គរដ្ឋ​ទូត មិន​អាច​ចេញ​មក​ជួប​ពួក​គាត់​បាន​ទេ ព្រោះ​អ្នក​ទាំង​អស់​គ្នា មិន​បាន​ដាក់​លិខិត​ស្នើ​សុំ​ជួប​ផ្ទាល់​ជាមួយ​គាត់។ មន្ត្រី​រូប​នោះ​ ដែល​ស្នើ​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ប្រាប់​តំណាង​អ្នក​ភូមិ​ថា៖«ការ​ ដែល​អ្នក​ទាំង​អស់​គ្នា​មក​បោះ​តង់​តវ៉ា​នៅ​មុខ​ស្ថានទូត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​នេះ គឺជា​ការ​ដាក់​សម្ពាធ​មួយ​យ៉ាង​ធ្ងន់ធ្ងរ មក​លើ​លោក​ឯក​អគ្គ​រដ្ឋ​ទូត ក៏​ដូច​ជា​រដ្ឋាភិបាល​អាមេរិក»។

ទោះ ជា​បែប​ណា​ក្ដី មន្ត្រី​រូប​នោះ​បាន​ជំរុញ​ឲ្យ​តំណាង​អ្នក​ភូមិ សរសេរ​លិខិត​ស្នើ​សុំ​ជួប​លោក​ឯក​អគ្គរដ្ឋ​ទូត​ដោយ​ផ្ទាល់ និង​ប្រាប់​ពី​គោល​បំណង​ឲ្យ​ជាក់​លាក់​ អំពី​អ្វី​ដែល​ជា​គោល​សំខាន់​នៃ​ជំនួប​នោះ​ជា​ជាង​ការ​មក​ជួប​ប្រជុំ​នៅ​ទី នេះ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ផ្សេងៗ​។

ក្រោយ​មក​អ្នក​ភូមិ​ទាំង​នោះ បាន​នាំ​គ្នា​រើតង់ ហើយ​សរសេរ​ញតិ្ត ដើម្បី​ស្នើ​សុំ​ជួប​ដោយ​ផ្ទាល់ ជាមួយ​លោក​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក អំពី​បញ្ហា​ប្រឈម​របស់​ពួក​គេ​ ដែល​អាជ្ញាធរ​រាជ​ធានី និង​រដ្ឋាភិបាល​កម្ពុជា​មិន​អើពើ​ដោះស្រាយ៕

No comments:

Post a Comment

I like Blogger