សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, November 5, 2012

​បឹងកក់-បុរី​កីឡា​រក​អន្តរា​គមន៍​ពី​ប្រធានាធិបតី​ USA

ឃុត សុ​ភ​ច​រិ​យា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី៦ វិច្ឆិកា ២០១២
121106_03
ក្រុម​អ្នក​ភូមិ​អង្គុយ​សំពះ និង​ស្រែក​សុំ​ការ​ជួយ​អន្តរា​គមន៍​នៅ​មុខ​ទូត​អា​មេ​រិ​ក​។ រូបថត លីណា

ភ្នំពេញៈប្រជា​ពលរដ្ឋ​ជិត​១០០​នាក់ មក​ពី​សហគមន៍​ចំនួន​បួន ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​កាល​ពី​ព្រឹក​ម្សិលមិញ ដើម្បី​ដាក់​ញតិ្ត​ស្នើ​សុំ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ជួយ​អន្តរាគមន៍ ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជួយ​ដោះ​លែង​សកម្មជន​របស់​ពួក​គេ ចំនួន​ពីរ​នាក់​ដែល​កំពុង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ នៅ​គុក​ព្រៃ​ស ដោយ​សារ​តែ​បញ្ហា​តវ៉ា​ការពារ​សិទ្ធិ​លំនៅដ្ឋាន ។

លោក​អូបាម៉ា ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​មក​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​នេះ ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ធំៗ​មួយ​ចំនួន​ទៀត។

ក្រុម​អ្នក​ភូមិ​ដែល​កំពុង​ប្រឈម ការ​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម ក្នុង​រាជធានី​ភ្នំពេញ ​រួម​មាន​ សហគមន៍​ថ្ម​គោល​(ព្រលាន​យន្ត​ហោះ​ពោធិ៍ចិនតុង) បឹង​ឈូក បុរីកីឡា និង​សហគមន៍​បឹងកក់ រំពឹង​ថា វត្តមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក នឹង​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​នូវ​ដំណោះស្រាយ​សមរម្យ មួយ​សម្រាប់​ពួក​គេ ។


ក្រុម​សមត្ថកិច្ច​ដែល​មិន​ចង់​ឲ្យ​មាន​ការ​ដើរ​ហែ​ជា​ក្បួន នៅ​តាម​ដង​ផ្លូវ បាន​ធ្វើ​ការ​រារាំង​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ មិន​ឲ្យ​ដើរ​ចេញ ពី​តំបន់​បឹងកក់​ឡើយ​។ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ក្រុម​ សមត្ថកិច្ច​ និង​ក្រុម​អ្នក​ភូមិ​ទាំង​នេះ​រួច​មក គេ​ឃើញ​ក្រុម​អ្នក​តវ៉ា បាន​ជិះ​រ៉ឺម៉ក​កង់បី និង​ម៉ូតូ ដោយ​មាន​កាន់​ទង់​ជាតិ​កម្ពុជា និង​អាមេរិក ឆ្មោះ​ទៅ​កាន់​ស្ថានទូត​អាមេរិក ដើម្បី​ដាក់​ញតិ្ត។

អ្នក ស្រី ឆាយ គឹម​ហ៊ន តំណាង​ក្រុម​អ្នក​តវ៉ា មក​ពី​សហគមន៍​បុរី​កីឡា បាន​និយាយ​ថា​ ពួក​គាត់​បាន​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​ អស់​រយៈពេល​ជាង ១០​ខែ​មក​ហើយ ចាប់​តាំង​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នក​ស្រី​ស៊ុយ សុផាន បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​សម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​កាលពី​ដើម​ខែ​មករា​មក ប៉ុន្តែ​ពុំ​មាន​លទ្ធផល​អ្វី​ទាល់​តែ​សោះ។ មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​បាន​ចាប់​សមាជិក​សកម្ម​របស់​ពួក​គាត់​ម្នាក់ ដែល​តវ៉ា​ទាមទារ​ដំណោះស្រាយ ជំនួស​កូន​ប្រុស​ដែល​ពិការ​និយាយ​មិន​រួច យក​ទៅ​ដាក់​គុក តាម​ការ​ចោទ​ប្រកាន់​របស់​ម្ចាស់​ក្រុមហ៊ុន​ពី​បទ​ញុះញង់​បង្ក​បទ​ឧក្រិដ្ឋ។ អ្នក​ស្រី​ថ្លែង​ថា៖«យើង​រំពឹង​ថា​ញត្តិ​របស់​យើង​នឹង​បាន​ទៅ​ដល់​ដៃ លោក បារ៉ាក់​ អូបាម៉ា ហើយ​លោក​នឹង​ពិនិត្យ​ពិចារណា និង​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ដំណោះ​ស្រាយ​ល្អ​សម្រាប់​ពួក​យើង​»។ អ្នក​ស្រី​គឹម ហ៊ន​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ញត្តិ​របស់​សហគមន៍​ពួក​គាត់ គឺ​ស្នើ​សុំ​ឲ្យ​លោក​អូបាម៉ា ជួយ​អន្តរាគមន៍​ទៅ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ដោះលែង​អ្នក​ស្រី ទឹម សាក់​មុន្នី និង​សុំ​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន​សាងសង់​អគារ​ផ្ទះ​ល្វែង​ចំនួន​ពីរ​បន្ថែម​ទៀត ទៅ​តាម​កិច្ច​សន្យា​របស់​ខ្លួន​ដើម្បី​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ ដែល​នៅ​មិន​ទាន់​ទទួល​បាន​ផ្ទះ​នៅ​ឡើយ។

ជា​មួយ​គ្នា​នោះ​មេដឹក​នាំ​ចលនា​ស្ត្រី​ក្នុង​សហគមន៍​បឹងកក់​ដែល​ទើប​តែ​ត្រូវ​បាន​អង្គការ​ Vital Voice Global Partnership ប្រកាស​ផ្ដល់​ពាន​រង្វាន់ Global Leadership Award កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​ស្រី​ទេព វន្នី បាន​និយាយ​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ​ដែន​ដីនៅ​តែ​មិន​ព្រម​ដោះ​ស្រាយ​បញ្ចប់​បញ្ហា របស់​ពួក​គាត់​នោះ​ទេ។ អ្នក​ស្រី​បន្ត​ថា សំណើ​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​១២,៤៤ ហិកតា​ផ្ដល់​ប័ណ្ណកម្ម​សិទ្ធិ​ដីធ្លី ដោយ​មិន​កាត់​គ្រួសារ​ណា​មួយ​ចេញ​ពី​គម្រោង​ទទួល​បាន​ចំណែក​ដី​ ដែល​ពួក​គាត់​បាន​ស្នើសុំ ជា​ច្រើន​ខែ​មក​នេះ នៅ​មិន​ទាន់​មាន​ចម្លើយ​និង​ដោះស្រាយ​នៅ​ឡើយ​ទេ។ ជាមួយ​គ្នា​នេះ​ ដោយ​សារ​តែ​ការ​តវ៉ា​ទាមទារ​ដំណោះ​​ស្រាយ​លើ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ សកម្មជន​ស្ត្រី​របស់​សហគមន៍​បឹងកក់​ម្នាក់ គឺ​អ្នក​ស្រី យ៉ោម​ បុប្ផា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​គុក ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្កហិង្សា​។ អ្នក​ស្រី​ថ្លែង​ថា​៖

«យើង​សុំ​អំពាវនាវ ដល់​លោក​ អូបាម៉ា ជួយ​អន្តរាគមន៍​ដោះ​លែង​សកម្មជន​ស្ត្រី​របស់​យើង និង​ជួយ​ឲ្យ​មាន​ការ​ផ្ដល់​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដី​ធ្លី ក្នុង​សហគមន៍​របស់​យើង​ និង​សហគមន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ឆាប់ ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌»។

ក្រុម​អ្នក​ភូមិ បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ បន្ទាប់​ពី​តំណាង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក បាន​ចេញ​មក​ទទួល​យក​ញតិ្ត​របស់​ពួក​គេ៕

No comments:

Post a Comment

I like Blogger