សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 13, 2012

អង្គការ​១០០​ត្រៀម​ដាក់​ញត្តិ​ជូន​មេ​ដឹកនាំ​ពិភពលោក

ម៉ៃ ទិត្យថារ៉ា​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១២ វិច្ឆិកា ២០១២
121112_03a
នគរ​បាល​ត្រៀម​ទប់ស្កាត់​ការ​​ដើរ​ហែ​​ក្បួន​កាល​ពី​សប្តាហ៍​មុន​។ រូប មិនា
 
ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ជាង ១០០ នឹង​ដាក់​ញត្តិ ជូន​មេ​ដឹក​នាំ​កំពូល​អាស៊ាន និង​មេ​ដឹក​នាំ​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា នៅ​ភ្នំពេញ ដោយ​ផ្តោត​អំពី​បញ្ហា​ដី​ធ្លី​ បញ្ហា​លំនៅដ្ឋាន​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​ការងារ និង​បញ្ហា​ព្រៃឈើ ដែល​កំពុង​ញាំញី​ក្នុង​សង្គម​កម្ពុជា។

លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ កម្មករ​កាត់​ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ញត្តិ​ដែល​នឹង​ត្រូវ​ដាក់​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​១០០ ជូន​មេ​ដឹក​នាំ​អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ គឺ​ផ្តោត​ជា​រួម​ទៅ​លើ​បញ្ហា​ដី​ធ្លី បញ្ហា​លំនៅដ្ឋាន បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ការងារ និង​បញ្ហា​ព្រៃ​ឈើ​។ លោក​ឲ្យ​ដឹង​ទៀត​ថា​៖ «ចំពោះ​ខ្ញុំ​នឹង​ធ្វើ​ញត្តិ​ពីរ គឺ​ញត្តិ​រួម និង​ញត្តិ​ដាច់​ដោយ​ឡែក​របស់​អង្គការ​ខ្ញុំ ដើម្បី​ជម្រាប​ជូន​មេដឹកនាំ​អាស៊ាន អំពី​បញ្ហា​ពលករ​ចំណាក​ស្រុក។ ខ្ញុំ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ស្ថាប័ន​សហជីព​អាស៊ាន ដែល​មាន​តួនាទី​នៅ​ក្នុង​អាស៊ាន ដើម្បី​ជួយ​ពលករ​ចំណាក​ស្រុក ដែល​ជួប​ប្រទះ​បញ្ហា គឺ​ប្រទេស​ដែល​ទទួល​ ប្រទេស​បញ្ជូន និង​ទីភ្នាក់ងារ ត្រូវ​តែ​រក​ដំណោះស្រាយ​ នៅ​ពេល​ដែល​ពលករ​មាន​បញ្ហា»។

រីឯ​លោក​លោក អ៊ូ វីរៈ  ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានឲ្យ​ដឹង​ថា លោក​នឹង​ដាក់​ញត្តិ ទៅ​លោក​បារ៉ាក់ អូបាម៉ា នៅ​ពេល​ដែល​លោក ​មាន​វត្តមាន នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​និយាយ​ថា​៖«ខ្ញុំ​នឹង​ជម្រាប​ជូន​លោក​អូបាម៉ា អំពី​បញ្ហា​ដីធ្លី សកម្មជន​សិទ្ធិ​មនុស្ស ដូច​ជា​លោក ម៉ម សូណង់ដូ និង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម»។

យ៉ាង​ណា​ក្តី លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី បាន​ថ្លែង​ថា រដ្ឋាភិបាល​នឹង​មិន​មាន​ប្រតិកម្ម​តប​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ ​ទេ ពីព្រោះ​អង្គការ​មួយ​ចំនួន ទទួល​បាន​ប្រាក់​ជំនួយ​ពី​សហរដ្ឋ​អាមេរិក វា​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ តែ​ផ្ទុយ​ទៅ​វិញ ការ​ដាក់​ញត្តិ​ ឬ​ប្តឹង​ផ្តល់​បែប​នេះ គឺ​វា​បញ្ជាក់​ឲ្យ​លោក​អូបាម៉ា​ឃើញ​ថា​ កម្ពុជា​ជា​ប្រទេស​សេរី គឺ​គេ​អាច​ធ្វើ​អ្វី​តាម​ចិត្ត​គេ​នឹក​ឃើញ។ លោក​និយាយ​ថា ៖«យើង​មិន​យល់​ថា​ ញត្តិ​ដែល​បាន​ដាក់​ចោទ​ប្រកាន់​រដ្ឋាភិបាល ដាក់​ទៅ​លោក​បារ៉ាក់ អូបាម៉ា​ មាន​សុពលភាព​នោះ​ទេ»។​

នៅ​ក្នុង កិច្ច​ប្រជុំ​កំពូល ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា មេ​ដឹក​នាំ​អាស៊ាន អាមេរិក ចិន និង​មេដឹកនាំ​នៃ​ប្រទេស​ដទៃ​ទៀត គ្រោង​នឹង​ជជែក​ពិភាក្សា​គ្នា អំពី​បញ្ហា​បរិស្ថាន សន្តិសុខ​ថាមពល​បញ្ហា​តំបន់ និង​បញ្ហា​សកល​មួយ​ចំនួន​ផ្សេង​ទៀត​។ ប៉ុន្តែ សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ពួក​គេ​នឹង​ឆ្លៀត​ឱកាស​នេះ ដើម្បី​ប្រាប់​ទៅ​មេ​ដឹក​នាំ​ពិភពលោក​ អំពី​បញ្ហា​ដែល​កំពុង​តែ​ញាំញី​ប្រទេស​នេះ ​ជា​ពិសេស​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រីក្រ​កាន់​តែ​ច្រើន​ឡើង​ៗ ទទួល​រងគ្រោះ។

ចំណែក​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា ដែល​តែង​តែ​ទៅ​សុំ​អន្តរាគមន៍​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ឲ្យ​ជួយ​អន្តរាគមន៍​បញ្ហា​ជម្លោះ​ដី​ធ្លី​របស់​ពួក​គេ ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ​រង់​ចាំ​សម្ដែង​កិច្ច​ស្វាគមន៍ ចំពោះ​ការ​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា របស់​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក ដើម្បី​សុំ​ឲ្យ​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍ ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​ជួយ​ដោះ​លែង​សកម្មជន​ដីធ្លី​ និង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ៕

No comments:

Post a Comment

I like Blogger