សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 20, 2012

អ្នក​សារ​ព័ត៌មាន​ទាំងអស់​ត្រូវ​បាន​ដេញ​មិន​ឲ្យ​ស្តាប់​សុន្ទរកថា លោក អូបាម៉ា

Tuesday, 20 November 2012 David Boyle និង វង្ស សុខេង Phnom Penh Post





















លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន និង​​លោក​ប្រធានាធិបតី​​សហរដ្ឋ​​អាមេរិក បារ៉ាក់ អូបាម៉ា (ឆ្វេង) នៅ​​ក្នុង​​ជំនួបនៅ​​ឯ​វិមាន​​សន្ដិភាព​​កាល​ពី​ថ្ងៃ​​ម្សិលមិញ​​។ រូបថត ស្រេង​ ម៉េងស្រ៊ុន

ភ្នំពេញៈ ខណៈ​ដែល​លោក បារ៉ាក់ អូបាម៉ា ​ចាប់​ផ្តើម​ថ្លែង​សុន្ទរកថា ជា​សាធារណៈ​ដំបូង​លើ​ទឹក​ដី​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង នៅ​ក្នុង​ទស្សនៈ​ដែល​លោក​មាន​គោល​បំណង​លើក​ឡើង​ពី​បញ្ហា​សេរីភាព បញ្ចេញ​មតិ​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រាប់​បញ្ចូល​ទាំង​ក្រុម​ព័ត៌មាន​ផ្ទាល់​របស់ លោក​ផង ត្រូវ​បាន​អម​ដំណើរ​តម្រូវ​ឲ្យ​ចេញ​យ៉ាង​រហ័ស។

កិច្ច ប្រជុំ​ទ្វេភាគី​រវាង​លោក អូបាម៉ា និង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន មាន​ភាព «តានតឹង»​។ នេះ​បើ​យោង​តាម​លោក Ben Rhodes អនុ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក។

ដូច​ដែល​បាន សន្យា​លោក អូបាម៉ា បាន​លើក​ឡើង​ជាមួយ​លោក ហ៊ុន សែន អំពី​បញ្ហា​គណបក្ស​ប្រឆាំង ​បញ្ហា​សិទិ្ធមនុស្ស ដែល​សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​លើក​ឡើង។

លោក​ Rhodes បាន​ថ្លែង​ថា៖​ «​ជា​ពិសេស ខ្ញុំ​និយាយ​អំពី​សេចក្តី​ត្រូវ​ការ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ដោយ​សេរី​និង យុតិ្តធម៌ ការ​តម្រូវ​ឲ្យ​មាន​គណៈកម្មាធិការ​បោះឆ្នោត​ឯករាជ្យ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នានា ការ​ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ឲ្យ​គណបក្ស​ប្រឆាំង​ធ្វើ​សកម្មភាព​បាន​ពេញ​លេញ»។


ក្នុង​ កិច្ច​ប្រជុំ​បន្ទាប់ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​បើក លោក អូបាម៉ា ថ្លែង​បាន​ប្រមាណ​ជា ១០ វិនាទី ក្រុម​អ្នក​យក​ព័ត៌មាន​ចុង​ក្រោយ​ក៏​ត្រូវ​បាន​តម្រូវ​ឲ្យ​ចាក ចេញ​ដែរ។

ទម្លាប់​បែប​នេះ​ជា​រឿង​ធម្មតា ក្នុង​អំឡុង​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ និង​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ ​ប៉ុន្តែ ដូច​ជា​ប្លែក ដែល​សូម្បី​តែ​ក្រុម​សារ​ព័ត៌មាន​ផ្ទាល់​របស់​លោក អូបាម៉ា ក៏​តម្រូវ​ឲ្យ​ចាក​ចេញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​សម្រាប់​សហរដ្ឋ អាមេរិក​។

ក្រោយ​ពេល​សួរ​ថា​ តើ​អ្នកណា​ទទួល​ខុស​ត្រូវ​ដេញ​អ្នក​សារ​ព័ត៌​មាន លោក Sean McIntosh ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ ថ្លែង​ថា៖«បើ​អ្នក​ចង់​បាន​ចម្លើយ សូម​សួរ​ទៅ​អ្នក​រៀប​ចំ​អាស៊ាន​»។

លោក​បាន​បញ្ជាក់​ថា៖ «​អ្នក​ត្រូវ​សួរ​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា។ យើង​មិន​ពាក់ព័ន្ធ​ទេ អ្នក​ត្រូវ​និយាយ​ទៅ​​អ្នក​រៀប​ចំ​អាស៊ាន ព្រោះ​សូម្បី​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យើង​ក៏​មិន​ត្រូវ​គេ​ អនុញ្ញាត​ឲ្យ​ស្តាប់​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ផង»។

នៅ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កិច្ច​ប្រជុំ​មេ​ដឹក​នាំ​អាស៊ាន​និង សហរដ្ឋ​អាមេរិក លោក កៅ គឹមហួន រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា សារ​ព័ត៌មាន​ត្រូវ​​អនុញ្ញាត​ឲ្យ​ចូល​សម្រាប់​តែ​សុន្ទរកថា​បើក​របស់​លោក នាយក​រដ្ឋ​មន្រ្តី​តែ​ប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់​ថា៖«សម្តេច​ នាយក​រដ្ឋ​មន្រ្តី​មិន​ទាន់​បាន​បញ្ចប់​សុន្ទរកថា​បើក​ទេ ​នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​ត្រូវ​បាន​ស្នើ​ឲ្យ​ចាក​ចេញ​ពី​បន្ទប់​នោះ​»។

ចំពោះ ការ​លើក​ឡើង​អំពី​ភាព​ «តាន​តឹង​» នៃ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នោះលោក​បាន​បង្វែរ​ឲ្យ​អ្នក​យក​ព័ត៌មាន​ទៅ ស្តាប់​សន្និសីទ​សារព័ត៌មាន​ពិសេស​ស្តី​ពី​ប្រធាន​បទ​នោះ​ ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក ប្រាក់ សុខុន​ ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្រ្តី​។

លោក​ ថ្លែង​ថា លោក សុខុន បាន​ផ្តល់​ការ​ថ្លែង​សរុប​ដោយ​សង្ខេប​របស់​គាត់​ជា​ភាសា​ខ្មែរ ហើយ​បដិសេធ​មិន​ឆ្លើយ​សំណួរ​លំបាកៗ​របស់​អ្នកយក​ព័ត៌មាន​លោក​ខាង ​លិច​ទេ ដោយ​សារ​ថា ភាសា​អង់គ្លេស​របស់​លោក​មិន​ល្អ​គ្រប់គ្រាន់ បន្ទាប់​ពី​សួរ​ទៅ​វិញ​ថា​ តើ​លោក​​ លោក​ស្រី មិន​ឮ​អ្វី​ដែល​លោក​សុខុន និយាយ​ប្រហែល​៣០​នាទី​មុន​ទេ​ឬ?​

លោក ប្រាក់ សុខុន ដំបូង​បាន​សង្ខេប​ការ​ថ្លែង​លោក អូបាម៉ា ​ក្នុង​អំឡុង​ការ​ជជែក​ទ្វេ​ភាគី ដោយ​លើក​ឡើង​អំពី​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​របស់​លោក​ប្រធានាធិបតី​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ការ​រំលែក​ទុក្ខ ចំពោះ​ការ​សោយ​ទិវង្គត​របស់​សម្តេច​ឪ នរោត្តម សីហនុ ​និង​ការ​កត់​សម្គាល់​របស់​លោក​ដែល​ថា«​មាន​​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​ រក​កំណែ​ទម្រង់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​កំណែ​ទម្រង់​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​»។

បន្ទាប់ មក​លោក​ថ្លែង​អំពី​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជម្រាប​ទៅ​លោក​ប្រធានាធិបតី​ថា ​លោក​ពេញ​ចិត្ត​ជាមួយ​នឹង​ការ​ថ្លែង​ត្រង់ៗ ​របស់​លោក​ បារ៉ាក់​ អូបាម៉ា ប៉ុន្តែ លោក​ថា ​មាន​ការ​បំផ្លើស​ដែល​បង្កើត​ឲ្យ​មាន​ការ​យល់​ឃើញ​ថា ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​មាន​សភាព​អាក្រក់​ជាង​នៅ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក ហ៊ុន សែន បាន​ថ្លែង​ដដែលៗ អំពី​ការ​ស្នើ​សុំ​លោក បារ៉ាក់ អូបាម៉ា លុប​បំណុល​ភាគ​ច្រើន​បំផុត ក្នុង​ចំណោម​បំណុល​ជាង ៣៧០ លាន​ដុល្លារ​​របស់​កម្ពុជា​ដែល​ជំពាក់​អាមេរិក។ កម្ពុជា​កាល​ពី​ឆ្នាំ​មុន​បាន​ស្នើ​សង​៣០​ភាគរយ​នៃ​បំណុល​នោះ​ ​ដោយ​ហៅ​សំណើ​នេះ​ថា​ ជា​ការ​សម្រុះ​សម្រួល​ពាក់ព័ន្ធ​នឹង​លុយ​ដែល​កម្ពុជា​​និយាយ​ថា​ ត្រូវ​បាន​ប្រើ​ដោយ​​រដ្ឋា​ភិបាល​គាំទ្រ​ដោយ​អាមេរិក ក្នុង​ទសវត្សរ៍​៧០​ ដើម្បី​បង្ក្រាប​ប្រជាជន​របស់​ខ្លួន។​

លោក ប្រាក់ សុខុន បាន​ថ្លែង​ដែរ​ថា ​៖ «​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​សង្កត់​ធ្ងន់​ថា ក្នុង​ប្រទេស​កម្ពុជា​មិនមាន​អ្នក​ទោស​នយោបាយ​ទេ​ ប៉ុន្តែ​ អ្នក​នយោបាយ​ដែល​រំលោភ​ច្បាប់ ពួក​គេ​ត្រូវ​តែ​ប្រឈម​នឹង​ការ​កាត់​ទោស»។

លោក​បាន​ថ្លែង​ថា ការ​ថ្លែង​ទាំង​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បំភ្លឺ​ថា ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក ម៉ម សូណង់ដូ ​មិន​ត្រូវ​បាន​បិទ​នោះ​ទេ ប៉ុន្តែ​ វា​ជា​បុគ្គល​ទេ​ដែល​បាន​រំលោភ​បំពាន​ច្បាប់ ហើយ​ត្រូវ​តែ​ដោះស្រាយ​ដោយ​តុលាការ ហើយ​គាត់​​នៅ​តែ​មាន​ឱកាស​ប្តឹង​ឧទ្ធរណ៍​។

លោក ម៉ម សូណង់ដូ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា ជា​មេ​គំនិត​បង្កើត​គម្រោង​ការ​ធ្វើ​អបគមន៍ ប៉ុន្តែ​ការ​កាត់​ទោស​នេះ​ត្រូវ​ច្រាន​ចោល​ដោយ​រដ្ឋាភិបាល​បរទេស ខ្លះ​និង​ក្រុម​សិទ្ធិ​មនុស្ស​ថា ជា​ហេតុផល​នយោបាយ។ ភ្លាមៗ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន តំណាងរាស្រ្ត​ជាន់​ខ្ពស់​អាមេរិក​​មួយ​ចំនួន បាន​ផ្ញើ​លិខិត​មួយ​ដល់​លោក អូបាម៉ា ចោទ​ប្រកាន់​លោក​ ហ៊ុន សែន​ ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុម​ហ៊ុន​កាប់​ឈើ​ខុស​ច្បាប់ ហើយ​បាន​ជំរុញ​ឲ្យ​លោក​លើក​អំពី​ករណី​នេះ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ដទៃ ទៀត​នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក។

កាល​ពី​ខែ​ឧសភា ​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ចូល​ព័ទ្ធ​ភូមិ​ប្រមា ក្នុង​ខេត្ត​ក្រចេះ ជា​កន្លែង​ដែល​ចោទ​ប្រកាន់​ថា មាន​ចលនា​អបគមន៍ ហើយ​បាន​បាញ់​ទៅ​លើ​អ្នក​ភូមិ​ដែល​តវ៉ា​ថា​ពួក​គេ​ជា​ជន​រងគ្រោះ​នៃ​ ការ​រំលោភ​យក​ដី​ធ្លី ហើយ​ការ​បាញ់​នោះ បាន​សម្លាប់​ក្មេង​ស្រី​វ័យ១៤​ឆ្នាំ​ម្នាក់​៕


No comments:

Post a Comment

I like Blogger