សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, November 21, 2012

ពលរដ្ឋ ១២ គ្រួសារ​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី​របស់​ខ្លួន

សែន ដាវីត និងផាក់ ស៊ាងលី​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២១ វិច្ឆិកា ២០១២

កោះកុងៈ ប្រជា​ពលរដ្ឋ​នៅ​ស្រុក​បទុម​សាគរ ចំនួន ១២ គ្រួសារ ដែល​មាន​ជម្លោះ​ដី​ធ្លី ជាមួយ​លោក ហេង ហ៊ុយ ដែល​ជា​អ្នក​មាន​ម្នាក់ កំពុង​ព្រួយបារម្ភ ពី​ការ​បាត់បង់​ដីធ្លី របស់​ខ្លួន​ខណៈ​ដែល​គណៈកម្មការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ដី​ជម្លោះ​ដោយ​មិន​បាន​ប្រាប់​ពី​ដំណោះស្រាយ។

លោក នាង បូរ៉ាទីណូ អ្នក​សម្រប​សម្រួល​ សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប្រជា​ពលរដ្ឋ​ទាំង ១២​គ្រួសារ​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​ធ្នង់ ឃុំកណ្តោល ស្រុក​បទុម សាគរ​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត បាន​ចុះ​ទៅ​កន្លែង​ដី​ទំនាស់​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​មិន​បាន​ប្រាប់​ពី​ដំណើរ​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នោះ​។

លោក នាង បូរ៉ាទីណូ បញ្ជាក់​ថា៖«ពួក​គាត់​ព្រួយ​ណាស់​ព្រោះ​អ្វីៗ​មិន​ទាន់​ច្បាស់​លាស់។ មិន​ដឹង​ថា ត្រូវ​បាត់​បង់​ដី ឬ​យ៉ាង​ណា​។ លទ្ធផល​ដែល​អាជ្ញាធរ​ខេត្ត​ចុះ​ទៅ​នោះ​អត់​មាន»។ លោក​ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​ទាំង​នោះ កំពុង​រស់​នៅ​និង​បង្កបង្កើន​ផល​លើ​ផ្ទៃ ដី​ជាង​១១ ហិកតា។ ដី​នោះ​កំពុង​មាន​ទំនាស់​ជាមួយ​លោក​ហេង ហ៊ុយ​ដែល​មាន​ប្លង់​កម្មសិទិ្ធ​លើ​ដី​ជម្លោះ​ជាង ៤៩០០ ម៉ែត្រ​ការ៉េ។


លោក នាង បូរ៉ាទីណូ​បន្ថែម​ថា​៖«ប្រជា​ពលរដ្ឋ​រស់​នៅ​ទីនោះ​តាំង​ពី​ដូន​តា​មក ហើយ​ខ្លះ​ថែម​ទាំង​មាន​ផ្នូរ​ដូន​តាកប់​នៅ​លើ​ដី​ជម្លោះ​នោះ​ថែម​ទៀត​ផង»។

ប្រជា​ពលរដ្ឋ​ឈ្មោះ​យ៉ន នៅ​អាយុ ២៩​ ឆ្នាំ​បាន​អះអាង​ថា​៖«ដី​នេះ ជា​ដីដូនតា​របស់​ខ្ញុំ។ ម៉េច​លោក​ហេង ហ៊ុយ ថា​ជា​របស់​គាត់ ហើយ​ឈូស​ឆាយ​ដី​ចម្ការ​របស់​យើង។ ពួក​យើង​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ច្រើន​ស្ថាប័ន​ហើយ តែ​មិន​ទាន់​មាន​ដំណោះស្រាយ»។

លោក​គង់ សុវណ្ណ មន្ត្រី​គណៈ​កម្មការ​ខេត្ត​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដី​ជម្លោះ​នោះ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​ដែល​គណៈកម្មការ​របស់​លោក​ចុះ​ទៅ​នោះ មិន​មែន​ទៅ​ដោះស្រាយ​នោះ​ទេ គឺ​គ្រាន់​តែ​ទៅ​សាកសួរ​ប្រមូល​ព័ត៌មាន​ជា​ជំហាន​ដំបូង​តែ​ប៉ុណ្ណាះ។

លោក គង់ បន្ត​ថា​៖«​ដំបូង​ឡើយ​ ប្រជា​ពលរដ្ឋ​បាន​ចុះ​កិច្ច​សន្យា​បែង​ចែក​ដី​ និង​ដោះស្រាយ​គ្នា​ជាមួយ​នឹង​លោក ហេង ហ៊ុយ ប៉ុន្តែ​ក្រោយ​មក​ប្រជា​ពលរដ្ឋ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​កិច្ច​សន្យា​នោះ​ទៅ​វិញ​។ យើង​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត»៕

No comments:

Post a Comment

I like Blogger