សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 20, 2012

ចិន​គាំទ្រ​អាស៊ាន​មិន​ដាក់​បញ្ហា​សមុទ្រ​ចិន​ជា​បញ្ហា​អន្តរជាតិ

Tuesday, 20 November 2012 ជាង សុខា, Phnom Penh Post































លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន និង​លោកនាយក​រដ្ឋមន្ត្រី​ វេន​ ជា​ប៉ាវ​​​។ រូបថត ជី​វ័ន​

ភ្នំពេញៈ ប្រទេស​ចិន​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)ដែល​មិន​បាន​ធ្វើ​អន្តរជាតូបនីយកម្ម​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ ត្បូង​ដ៏​ចម្រូង​ចម្រាស កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​សន្យា​ធ្វើ​ការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​នេះ​។

លោក Qin Gang ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ​ចិន​បាន​កោត​សរសើរ​ដែល​ប្រទេស​អាស៊ាន​បាន​ផ្តល់​តម្លៃ​លើ​គោល​ការណ៍​និង មតិ​ឯកច្ឆន្ទ​លើ​សេចក្តី​ប្រកាស ​ស្តីពី​ក្រម​ប្រតិបតិ្ត​ ហើយ​ចិន​គាំទ្រ​ចំពោះ​គោល​ជំហរ​អាស៊ាន ដែល​អាស៊ាន ជា​អង្គ​ការ​ថ្នាក់​តំបន់ មិន​ឲ្យ​អ្នក​ក្រៅ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ទឹក​ដី​របស់​ខ្លួន​។

លោក ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «​ចិន​បន្ត​ធ្វើ​កិច្ច​សន្ទនា​ជាមួយ​នឹង​ប្រទេស​អាស៊ាន ដើម្បី​អនុវត្ត​សេចក្តី​ប្រកាស​ស្តី​ពី​ក្រម​ប្រតិបតិ្ត​ ដោយ​សន្តិ​វិធី ដើម្បី​ភាគី​ទាំង​អស់​អាច​ឈាន​ដល់​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ​និង​អនុវត្ត​ ហើយ​ដាក់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បួង​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​ល្អ​ ដូច្នេះ​យើង​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព»។


លោក​ថ្លែង​ដែរ​ថា៖ «រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ សន្តិភាព និង​ស្ថិរភាព ត្រូវ​បាន​រក្សា​បាន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង នេះ​ជា​ភស្តុតាង​នៃ​កិច្ច​ពិភាក្សា​ និង​ការ​ទំនាក់​ទំនង​រវាង​ចិន និង​ប្រទេស​អាស៊ាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ហើយ​គួរ​តែ​ផ្តល់​តម្លៃ»។

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស នៅ​តែ​ជា​បញ្ហា​ពិភាក្សា​ក្នុង​ចំណោម​មេ​ដឹក​នាំ​អាស៊ាន ​ក្នុង​កិច្ច​ប្រជុំ​​នៅ​រាជធានី​ភ្នំពេញ ហើយ​ជប៉ុន​បាន​ព្រមាន​ថា ជម្លោះ​ផ្ទៃ​សមុទ្រ​នឹង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​។

មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​ជួប​ប្រជុំ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី២១ ជាមួយ​នឹង​ដៃគូ ជប៉ុន កូរ៉េ ចិន និង​សហ​រដ្ឋ​អាមេរិក​ ហើយ​លោក យូស៊ីហ៊ីកូ ណូដា នាយក​រដ្ឋ​មន្រ្តី​ជប៉ុន បាន​សម្តែង​កង្វល់​ពី​ជម្លោះ​ដែល​មិន​ទាន់​បាន​ដោះស្រាយ។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល ចេញ​ផ្សាយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​ជប៉ុន កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹង​ថា៖ «លោក​នាយក​រដ្ឋ​មន្រ្តី ណូដា បាន​លើក​ឡើង​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង  ដែល​នឹង​មាន​ផល​ប៉ះពាល់​លើ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក»។​​

សេចក្តី​ថ្លែងការណ៍​នោះ​ក៏​បាន​បញ្ជាក់​ឡើង​វិញ អំពី​ជំហរ​របស់​ជប៉ុន​ថា ភាគី​ពាក់ព័ន្ធ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​គោរព​តាម​ច្បាប់​ អន្តរជាតិ រួម​ទាំង​ច្បាប់ UNCLOS ផង។ ​លោក​ក៏​បាន​អះអាង​ផង​ដែរ​អំពី​ភាព​ជោគ​ជ័យ​នៃ​វេទិកា​បញ្ហា​សមុទ្រ​ របស់​ប្រទេស​អាស៊ាន​ ហើយ​ទន្ទឹង​រង់ចាំ​កិច្ច​ប្រឹងប្រែង​នេះបន្ត​ទៀត​សម្រាប់​ឆ្នាំ​ ក្រោយ​និង​ឆ្នាំ​បន្ត​បន្ទាប់។

ហ្វីលីពីន​ដែល​មាន​ជម្លោះ​ដែន​សមុទ្រ​ ជា​មួយ​ចិន​ក៏​បាន​សម្តែង​ការ​​មិន​យល់​ស្រប​ជាមួយ​កម្ពុជា​ដែល​ជា ប្រធាន​កិច្ច​ប្រជុំ ដែល​បាន​លើក​ឡើង​មិន​ចំ​ៗ ​អំពី​បញ្ហា​នេះ​​នៅ​ពេល​មេ​ដឹក​នាំ​​ទាំង​១០​នៃ​ប្លុក ជួប​ជាមួយ​​ជប៉ុន។

រដ្ឋ​មន្រ្តី​ការ​បរទេស​ហ្វីលីពីន លោក Albert F. Del Rosario ​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​៖ «​​នៅ​កិច្ច​ប្រជុំ​លើក​ទី​២១​ កាល​ពី​ម្សិលមិញ ​ទស្សនៈ​ផ្សេង​គ្នា​ត្រូវ​បាន​លើក​ឡើង​ពី​ការ​បង្រួប​បង្រួម​អាស៊ាន ដែល​ត្រូវ​កែប្រែ ដោយ​ប្រធាន​ទៅ​ជា​ការ​ឯកភាព​របស់​អាស៊ាន»។

លោក បន្ថែម​ថា៖ «នេះ​គឺ​មិន​មែន​ជា​ការ​យល់​ឃើញ​របស់​ហ្វីលីពីន​ទេ យ៉ាង​ហោច​ក៏​មាន​ការ​យល់​ឃើញ​ពី​ប្រទេស​ដទៃ​ទៀត​ដែរ។ ប្រធានាធិបតី Benigno Aquino III ​បាន​ចង្អុល​បង្ហាញ​ថា នេះ​ជា​សិទ្ធិ​របស់​ហ្វីលីពីន​ដើម្បី​ការពារ​អត្ថប្រយោជន៍​ជាតិ របស់​ខ្លួន​នៅ​ពេល​គិត​ថា​ជា​ការ​ចាំបាច់»។

ទោះ​ជា​យ៉ាង​ណា លោក កៅ គឹមហួន ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​ទាំង​១០ នៃ​រដ្ឋ​ជា​សមាជិក​ប្លុក​នេះ កាល​ពី​ថ្ងៃ​អាទិត្យ ពួក​គេ​បាន​ប្តេជ្ញា​ថា ​នឹង​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​មិន​ប្រើ​ កម្លាំង​អាវុធ ហើយ​អនុវត្ត​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ចំណោម​សមាជិក​ដែល​ពាក់ព័ន្ធ​ជា​មួយ​នឹង​ក្របខ័ណ្ឌ​ការងារ​របស់​អាស៊ាន​។

លោក​ថ្លែង​បន្ត ​ថា​៖ «ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ​មេដឹកនាំ​អាស៊ាន​បាន​សម្រេច​ចិត្ត​ថា​ ពួក​គេ​នឹង​​មិន​ធ្វើ​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​​ក្លាយ​ជា​បញ្ហា​​អន្តរជាតិ​​នោះ​ទេ​​ ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ ពួក​គេ​នឹង​​ផ្តោត​ទាំង​ស្រុង​ទៅ​លើ​យន្ត​ការ​អាស៊ាន​ដែល​មាន​ស្រាប់​នា​ ពេល​បច្ចុប្បន្ន​​»។ ​លោក​បន្ត​ទៀត​ថា នៅ​​ពេល​ជា​មួយ​គ្នា​នេះ​​ ពួក​គេ​បាន​ឯកភាព​បន្ត​​អនុវត្ត​​ DOC ទាំង​ស្រុង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។​

ជប៉ុន​និង​ចិន​ក៏​មាន​ជម្លោះ​ដែន​ សមុទ្រ​នេះដែរ​ ហើយ​​នៅ​តែ​មិន​ទាន់​ដោះ​ស្រាយ​បាន​។ ​ទោះ​ជា​យ៉ាង​ណា លោក ណូដា ​បាន​ថ្លែង​ថា ​ជប៉ុន​នៅ​តែ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​រុំារ៉ៃ​នេះ​ដោយ សន្តិ​វិធី​ និង​​ភាព​អត់​ធ្មត់​ ហើយ​ជំរុញ​នូវ​ «​ទំនាក់​ទំនង​ដែល​ផ្តល់​ប្រយោជន៍​ទៅ​​វិញ​ទៅ​មក​ដោយ​ផ្អែក​លើ​អត្ថ ប្រយោជន៍​ជា​យុទ្ធ​សាស្រ្ត​រួម​ជាមួយ​ចិន​»។

លោក ​សុរិន​ ពិត​សុវ៉ាន់ អគ្គលេខា​ធិការ​អាស៊ាន​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​ព្យាយាម​បង្កើត​បទដ្ឋាន វិធាន​ច្បាប់​ក្នុង​តំបន់​ដើម្បី​ដោះស្រាយ​ភាព​ខ្វែង​គំនិត​គ្នា។ ​សហរដ្ឋ​អាមេរិក​សូម​គាំទ្រ​អាស៊ាន​ក្នុង​ការ​ធ្វើ​ការងារ​លើ​បញ្ហា នេះ ដែល​នឹង​មាន​ប្រយោជន៍ ពី​ព្រោះ​ថា ​វិធាន​ច្បាប់ និង​លក្ខខណ្ឌ​តម្លា​ភាព​នឹង​មាន​ប្រ​យោជន៍​​គ្រប់​ភាគី​៕

No comments:

Post a Comment

I like Blogger