សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, November 22, 2012

ការ​សុំ​សិក្សា​ពី​ការ​ស្លាប់​នៅ​កោះ​ពេជ្រ​ត្រូវ​ច្រាន​ចោល

Thursday, 22 November 2012 Joe Freeman Phnom Penh Post





















គំនរ​ស្បែក​ជើង​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ បន្ទាប់​ពី​ជន​រងគ្រោះ​ត្រូវ​លើក​ចេញ​អស់​។ រូបថត លីណា

ភ្នំពេញៈ ក្រសួង​សុខាភិបាល​កម្ពុជា​ មិន​ឯក​ភាព​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ អំពី​ផល​ប៉ះពាល់​នៃ​ទុក្ខ​សោក​មក​លើ​សមាជិក​គ្រួសារ ដែល​បាន​បាត់​បង់​កូន​ចៅ នៅ​ក្នុង​ការ​រត់​ជាន់​គ្នា ដែល​​បាន​កើត​ឡើង​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ ២០១០​នោះ​ទេ​។ នេះ​បើ​យោង​តាម​ក្រុម​ស្រាវ​ជ្រាវ ដែល​បាន​ដាក់​សំណើ​សិក្សា​នេះ។

កាល ​ពី​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១០ កន្លង​ទៅ មនុស្ស​យ៉ាង​ហោច​ណាស់​ ៣៥៣​ នាក់​បាន​ស្លាប់ និង​រាប់​រយ​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​ឧបទ្ទវហេតុ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា បណ្តាល​មក​ពី​ការ​រត់​ជាន់​គ្នា នៅ​លើ​ស្ពាន​កោះពេជ្រ ជា​កោះ​ដែល​ទើប​អភិវឌ្ឍ​ថ្មី​មួយ​ របស់​រាជធានី​ភ្នំពេញ។

បើ ទោះ​បី​ជា​គណៈកម្មការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល បាន​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក ស្អិត​ទាញ​មិន​ចង់​ចេញ​ បណ្តាល​មក​ពី​ការ​ថប់​ដង្ហើម​ដោយ​សារ​តែ​រត់​ជាន់​គ្នា​ក៏​ដោយ​ ក៏​នៅ​ក្នុង​អំឡុង​ពេល​នោះ ភ្នំពេញ ប៉ុស្តិ៍​ បាន​រាយការណ៍​ដោយ​បាន​ដក​ស្រង់​សម្តី​របស់​ជន​រងគ្រោះ នៅ​ក្នុង​ហេតុការណ៍ នោះ​មួយ​ចំនួន ដែល​អះអាង​ថា ការ​ស្លាប់​ច្រើន​គរ​លើ​គ្នា ស្អិត​ដក​ខ្លួន​មិន​រួច​នោះ គឺ​ដើម​ហេតុ​បណ្តាល​មក​ពី​ខ្សែ​ភ្លើង​ ដែល​គេ​តដាក់​ភ្លើង​លម្អ​ស្ពាន​ បាន​ឆ្លង​ហើយ​ឆក់។ ក៏​ប៉ុន្តែ​យ៉ាង​ណា​ក្តី ការ​អះអាង​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ភ្លាមៗ​ផង​ដែរ​។


ភ្លាមៗ បន្ទាប់​ពី​ឧបទ្ទវហេតុ​ដែល​បាន​សម្លាប់​មនុស្ស ៣៥៣ នាក់​ និង​រង​របួស​រាប់​រយ​នាក់​ផ្សេង​ទៀត​នោះ អ្នក​ស្រាវ​ជ្រាវ​សុខភាព​ផ្លូវ​ចិត្ត​ នៅ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ នៅ​កម្ពុជា ​បាន​ចាប់ផ្តើម​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ដោយ​សម្ភាស​ឪពុក​ម្តាយ ដែល​កំពុង​កាន់​មរណទុក្ខ។ ​បញ្ជី​សំណួរ​បាន​ផ្តោត​លើ​ការ​បាត់បង់ និង​ថា​តើ​ សំណង​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល អាច​ជួយ​ក្រុម​គ្រួសារ​បន្ធូរ​ទុក្ខសោក​ដែរ​ឬ​យ៉ាង​ណា? ​អង្គការ​នេះ​បាន​ដាក់​សំណើ កាល​ពី​ឆ្នាំ​មុន ទៅ​គណៈកម្មាធិការ​សីល​ធម៌​ នៃ​ក្រសួង​សុខាភិបាល ដែល​ជា​គណៈ​ត្រួត​ពិនិត្យ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​កម្ពុជា ហើយ​ដែល​ការ​ឯកភាព​ពី​គណៈកម្មាធិការ​នេះ​ ជា​លក្ខខណ្ឌ​តម្រូវ​ចាំបាច់ ចំពោះ​ភាព​ជឿ​ជាក់​នៃ​ការ​សិក្សា​។ ​ប៉ុន្តែ នេះ​ជា​លើក​ទី ២​ ហើយ​ តាម​ការ​ចងចាំ​របស់​លោក ឈឹម សុធារ៉ា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ ដែល​គណៈ​កម្មាធិការ​នេះ​បាន​ប្រគល់​លិខិត​បដិសេធ​មក​វិញ ជាមួយ​នឹង​ការ​ពន្យល់​តិច​តួច​។

លោក​សុធារ៉ា​បាន​ថ្លែង​បន្ត​ថា៖«​ ខ្ញុំ​គិត​ថា រដ្ឋាភិបាល ​ប្រហែល​មិន​ចាប់​អារម្មណ៍​ទេ​។ ខ្ញុំ​មិន​ដឹង​ទេ​ថា​តើ​ពួក​គេ​ខ្លាច​ថា ការ​សិក្សា​នេះ ​ដោយ​សារ​មូល​ហេតុ​នយោបាយ ឬ​យ៉ាង​ណា ​នោះ​ជា​មូលហេតុ​ដែល​ពួក​គេ​មិន ពិនិត្យ​មើល»។ លោក​បាន​បន្ថែម​ថា លោក​មិន​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ការ​សិក្សា​នេះទេ ហេតុ​ដូច្នេះ លោក​មិន​អាច​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​ អំពី​ខ្លឹម​សារ​នៃ​ការ​សិក្សា​ឡើយ។ លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា របៀប​ដែល​គណៈ​កម្មាធិការ​សីល​ធម៌​កម្ពុជា ចាត់​ការ​លើ​ការ​សិក្សា​ស្រាវជ្រាវ គឺ​ខុស​ពី​របៀប​ដែល​គណៈ​ត្រួត​ពិនិត្យ​សីល​ធម៌​​ នៅ​សាកល​វិទ្យាល័យ​ក្រៅ​ប្រទេស​ ពួក​គេ​នឹង​ពិនិត្យ​មើល​គ្រោះ​ថ្នាក់ ដែល​​ការ​សិក្សា​ស្រាវ​ជ្រាវ​ អាច​មាន​ក្នុង​សហគមន៍​ទី​នេះ​។ ​ពួក​គេ​ចង់​ពិនិត្យ​មើល​ចំណុច​ជាច្រើន ថា​តើ​វា​ជា​ការ​ស្រាវ​ជ្រាវ​ដោយ​សារ​មូលហេតុ​នយោបាយ ផល​ប៉ះ​ពាល់​លើ​សិទិ្ធមនុស្ស​ និង​ការ​រិះគន់​រដ្ឋាភិបាល​ឬ​យ៉ាង​ណា​?»។ ​

លោក អេង ហួត ប្រធាន​គណៈកម្មាធិការ​សីលធម៌ និង​លោក ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល មិន​ឆ្លើយ​តប​នឹង​ទូរស័ព្ទ ដែល​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ឡើយ។

ទោះ​ជា​យ៉ាង​ណា ក្នុង​រយៈ​ពេល២ ឆ្នាំ ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នោះ​មក​​ ​រដ្ឋាភិបាល​មិន​បាន​រំឭក​អំពី​ឧបទ្ទវហេតុ​នេះ​ឡើយ។ បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ហៅ​ឧបទ្ទវហេតុ​នេះ​ថា ជា​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​កម្ពុជា​ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​ក៏ ដោយ ក៏​ប៉ុន្តែ ក្នុង​ពិធី​បើក​សម្ពោធ​ស្ពាន​ថ្មី​តម្លៃ​២លាន​ដុល្លារ​អាមេរិក មន្រ្តី​បាន​ចៀស​វាង​មិន​លើក​ឡើង​អំពី​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា ​នោះ​ទេ​។​

ពេល​នោះ នៅ​ពេល​សួរ​ថា​តើ​ អាជ្ញាធរ​បាន​ត្រៀម​លក្ខណៈ​សម្រាប់​ពិធី​បុណ្យ​ក្នុង​ឆ្នាំ​នេះ​ដែរ​ឬ​ យ៉ាងណា​? លោក ម៉ាន់ ឈឿន អតីត​អភិបាល​រង​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ថា ​ស្ពាន​ថ្មី​ពង្រឹក​សុវត្ថិភាព។ «[អ្នក​មក​លេង​] មិន​គួរ​ភ័យ​ខ្លាច​ថា មាន​អ្វី​អាក្រក់​កើត​ឡើង​ ចំពោះ​ពួក​គេ​ឡើយ។ ស្ពាន​នេះ​ត្រូវ​បាន​សាង​សង់​យ៉ាង​ល្អ​»។ ​

ស្ពាន​ថ្មី​នេះ មិន​នៅ​ឆ្ងាយ​ពី​ស្ពាន​ចាស់​ដែល​ត្រូវ​បាន​បំផ្លាញ​កាល​ពី​ចុង​ឆ្នាំ​មុន​ ឡើយ។ ទី​កន្លែង​ស្ពាន​ចាស់​នោះ​នៅ​តែ​ជា​ការ​រំឭក​ដ៏​សោក​សៅ​ ចំពោះ​មនុស្ស​ជាច្រើន​នាក់ ដែល​នៅ​ទី​នោះ នៅ​យប់​នោះ ពេល​ដែល​មនុស្ស​រាប់​ពាន់​នាក់​ភ័យ​តក់​ស្លត់​ លើ​ស្ពាន​មាន​មនុស្ស​កកកុញ​។ ពិធី​បុណ្យ​អុំទូក​ឆ្នាំ​មុន ត្រូវ​បាន​លុប​ចោល ដោយ​សារ​កើត​មាន​គ្រោះ​ទឹក​ជំនន់ ខណៈ​ដែល​នៅ​ឆ្នាំ​នេះ ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ ដោយ​សារ​តែ​សម្តេច​ឪ នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត​។

លោក Sonny Krishnan ​អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភព​លោក នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​ការ​បដិសេធ​ការ​សិក្សា​មិន​មែន​ជា​ការ​បដិសេធ​លើ​ការ​ រក​ឃើញ​នៃ​ការ​សិក្សា​ក៏​ដោយ ក៏​ប៉ុន្តែ​វា​បង្ក​លក្ខណៈ​ស្ទើរ​តែ​មិន​អាច​ចុះ​ផ្សាយ​វា​ក្នុង ទស្សនាវដ្តី​វេជ្ជសាស្រ្ត​ល្បី​ឈ្មោះ​បាន​។ លោក​បាន​បញ្ជាក់​ថា៖​«អ្វី​ក៏​ដោយ ដែល​ទាក់ទង​នឹង​ការ​ស្រាវ​ជ្រាវ​លើ​មនុស្ស ត្រូវ​ការ​ការ​ឯកភាព​នេះ​។ ​នោះ​ជា​មូលដ្ឋាន​ទាំង​មូល​ នៃ​គណៈ​កម្មាធិការ​សីលធម៌ ដើម្បី​ធានា​ថា ពួក​គេ​ប្រើ​ប្រាស់​វិធីសាស្រ្ត​ស្រាវ​ជ្រាវ​សម​ស្រប ជា​ពិសេស​នៅ​ពេល​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជាមួយ​នឹង​ស្រ្តី និង​កុមារ​ និង​អ្នក​មាន​វិបតិ្ត​ខ្លាំង​»។​

លោក Krishnan ​បាន​បន្ត​ថា ​ចំពោះ​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក ស្តី​ពី​ជំងឺ​គ្រុន​ចាញ់ ​គណៈកម្មាធិការ​បាន​បដិសេធ​គំនិត​បឋម។ ប៉ុន្តែ នៅ​ពេល​ពួក​គេ​ឆ្លើយ​តប​នឹង​ការ​រិះគន់ និង​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​សំណើ​របស់​ខ្លួន ស្ថាប័ន​រដ្ឋាភិបាល​មួយ​នេះ ​បាន​ឯកភាព​លើ​សំណើ​នោះ។

លោក ​Krishnan បាន​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​គិត​ថា គ្មាន​កត្តា​​នយោបាយ​ក្នុង​គណៈ​កម្មាធិការ​នោះ​​ឡើយ។ សមាជិក​​ក្នុង​គណៈកម្មាធិការ​សីលធម៌​ទាំង​នេះ ជា​គ្រូ​ពេទ្យ​វិជ្ជាជីវៈ»៕ TK


No comments:

Post a Comment

I like Blogger