សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 13, 2012

មន្ត្រី​បក្ស​ប្រឆាំង​រំពឹង​ថា សភា​អាមេរិក​និង​អនុម័ត​ការ​រិះគន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន

  Tuesday, 13 November 2012 David Boyle, From The Phnom Penh Post



















លោកស្រី មូរ សុ​ខ​ហួរ តំណាង​រា​ស្ត្រ​គណ​បក្ស​សម​រង្ស៊ី ក្នុងក្បួន​​​​ក្រុម​យុ​វជនបក្ស​ដែល​​សម​ត្ថកិច្ចរារាំង​​​​​។ រូបថត មិនា​ 

ភ្នំពេញៈ សភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​អនុម័ត​សេចក្តី​សម្រេច​ប្រហាក់​ប្រហែល នឹង​លិខិត​រិះគន់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​បាន​ផ្ញើ​ជូន​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​រាប់​សិប​នាក់ កាល​ពី​សប្តាហ៍​មុន​។ នេះ​បើ​យោង​តាម​តំណាង​រាស្រ្ត​ជាន់​ខ្ពស់​នៃ​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។

លោក​ស្រី​ មូរ សុខហួរ អ្នក​តំណាង​រាស្រ្ត​គណបក្ស​ សម រង្ស៊ី បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លិខិត​របស់​សមាជិក​សភា ដែល​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ បាន​រំលោភ​សិទិ្ធ​មនុស្ស និង​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​នោះ គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ក្តី​បារម្ភ​ដែល​កំពុង​កើត​ឡើង​របស់​ សហ​រដ្ឋ​អាមេរិក​មក​លើ​ព្រឹត្តិការណ៍​វិវត្ដ​នៅ​កម្ពុជា ហើយ​ជឿ​ជាក់​ថា លោក អូបាម៉ា នឹង​លើក​ឡើង​បញ្ហា​ទាំង​នេះ​នា​សប្តាហ៍​នេះ។



លោក​ស្រី បាន​បន្ត​ថា ៖ «លោក​ប្រធានាធិបតី អូបាម៉ា មក​កម្ពុជា​មិន​ត្រឹម​តែ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ប៉ុណ្ណោះ​ទេ គឺ​លោក​មក ព្រោះ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ ហើយ​កំពុង​រំលោភ​លើ​សិទិ្ធ​មនុស្ស​»។ លោក​ស្រី​បន្ត​ទៀត​ថា៖«ខ្ញុំ​ប្រាកដ​ណាស់​ថា លោក បារ៉ាក់ អូបាម៉ា ប្តេជ្ញា​ខ្លាំង​ហើយ​ភាសា​របស់​លោក​ ក៏​នឹង​មាន​លក្ខណៈ​ខ្លាំង​ដែរ​»។

លោក​ស្រី មូរ សុខហួរ បាន​បន្ថែម​ថា លោក​ស្រី​និង​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​លិខិត​ និង​សេចក្តី​សម្រេច ដែល​លោក​ស្រី​ប្រាកដ​ថា នឹង​ត្រូវ​បាន​អនុម័ត​ដោយ​សភា​សហរដ្ឋ​អាមេរិក ពេល​សភា​ជួប​ប្រជុំ​នៅ​ចុង​ខែ​នេះ។

លោក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​ដូច​ដែល​ខ្ញុំ​បាន​និយាយ មូលហេតុ គឺ​យើង​មាន​ការ​គាំទ្រ និង​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា មាន​ការ​រំលោភ​សិទិ្ធ​មនុស្ស​ជាច្រើន​ឆ្នាំ​»។

លោក​ស្រី​បាន​សង្កត់​ធ្ងន់​ទៀត​ថា ពួក​គេ​ពុំ​បាន​ស្នើ​សុំ​ឲ្យ​សភា​អាមេរិក​ធ្វើ​ការ​ពិចារណា​ផ្អែក​លើ​ជំនួយ​ឡើយ។

លិខិត​ចុះ​ថ្ងៃ​ទី ៣១ ខែ​តុលា ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ចន ម៉ាក់ខេន អតីត​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណ​រដ្ឋ និង​លោក Barbara Boxer ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​ជំរុញ​ឲ្យ​លោក បា​រ៉ាក់ អូបាម៉ា ​លើក​ឡើង​នូវ​បញ្ហា​រំលោភ​សិទិ្ធ​មនុស្ស​ធំៗ​ជាច្រើន​ករណី ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

លិខិត​នោះ​ក៏​បាន អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត​កម្ពុជា និង​ស្នើ​ឲ្យ​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី ​ពី​ការ​ផ្តន្ទាទោស​ព្រហ្ម​ទណ្ឌ​ដែល​គណបក្ស សម រង្ស៊ី អះអាង​ថា គឺ​ដោយ​សារ​មូល​ហេតុ​នយោបាយ ដើម្បី​ឲ្យ​មេ​ដឹក​នាំ​ប្រឆាំង​រូប​នេះ​អាច​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ។

ទាំង​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​សភា ដែល​ជា​ហត្ថលេខី​លើ​លិខិត​នោះ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សាកសួរ​ព័ត៌មាន​ពី​ភ្នំពេញ ប៉ុស្តិ៍ ឡើយ។

គ្មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ណាមួយ ចំពោះ​លិខិត​នោះ ត្រូវ​បាន​ប្រកាស​នៅ​រាជធានី​ភ្នំពេញ ពី​មន្រ្តី​នៅ​ក្រសួង​ការ​បរទេស និង​ក្រសួង​ព័ត៌មាន ហើយ​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ផ្សេងៗ​ពុំ​លើក​ទូរស័ព្ទ ឬ​បាន​បិទ​ទូរស័ព្ទ​របស់​ខ្លួន​តែ​ម្តង​។

លោក Carlyle Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកល វិទ្យាល័យ New South Wales បាន​ថ្លែង​ថា ភាព​ស្ងប់ស្ងាត់ គឺជា​ការ​ឆ្លើយ​តប​សមស្រប ដែល​បង្ហាញ​ពី​ការ​យល់​ដឹង អំពី​យន្ត​ការ​នៃ​ប្រព័ន្ធ​នយោបាយ​សហរដ្ឋ​អាមេរិក ហើយ​ លោក បាន​សួរ​ថា​ តើ​លទ្ធផល​អ្វី​ខ្លះ​ដែល​ព្រឹទ្ធ​សមាជិក​សហរដ្ឋ​អាមេរិក​ព្យាយាម សម្រេច​នោះ។

លោក​បាន​លើក​ឡើង​ថា៖ «ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្វី​ ដែល​អ្នក​ស្នើ​សុំ ព្រោះ​លោក ហ៊ុន សែន អាច​តឹងរ៉ឹង ​ប្រសិន​បើ​លោក​ចង់ ហើយ​ចិន​មិន​បាន​លើក​ឡើង​ពី​បញ្ហា​ទាំង​អស់​នេះ​ទេ កម្ពុជា​និង​លោកហ៊ុន សែន ពួក​គេ​បាន​ចង្អុល​បង្ហាញ​ការ​នោះ​ជា​ច្រើន​លើក​ច្រើន​សា​ហើយ​»។

លោក បញ្ជាក់​ថា៖ ​«តើ​នេះ​ជា​យុទ្ធសាស្រ្ត​នយោបាយ ឬ​តើ​អ្នក​មាន​យុទ្ធសាស្រ្ត​បន្ត​ដែរ​ឬ​ទេ? តើ​យើង​នឹង​បោះ​ឆ្នោត​លើ​សេចក្តី​សម្រេច ក្នុង​ព្រឹទ្ធសភា​? តើ​យើង​នឹង​កម្រិត​ប្រាក់​ទៅ​ស្ថានទូត ឬ​ជំនួយ​ដល់​កម្ពុជា​ ដើម្បី​ដាក់​ទោស​ពួក​គេ ដាក់​សម្ពាធ​លើ​ពួក​គេ​លើ​សិទិ្ធ​មនុស្ស​? តើ​អ្នក​នឹង​ធ្វើ​អ្វី​បន្ទាប់​ទៀត?»។

បើ​ទោះ​ជា​សេចក្តី​សម្រេច​ មាន​ផល​ប៉ះពាល់​តិចតួច សេចក្តី​សម្រេច​អាច​ជា​«ការ​ព្រមាន» ដែល​បង្ហាញ​ថា សភា​អាមេរិក​ដែល​អាច​មាន​អំណាច​លើ​ផល​ប្រយោជន៍​សំខាន់​របស់​កម្ពុជា ដូច​ជា ការ​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​វិស័យ​កាត់​ដេរ និង​ការ​លើក​លែង​បំណុល​បន្សល់​ពី​សម័យ​ លន់ នល់។

លោក Carlyle Thayer បាន​បញ្ជាក់​បន្ថែម​ថា ៖ «​សំឡេង​ខ្លាំង​ផ្នែក​ការ​ទូត​នេះ វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ​ហើយ​អ្នក​បោះឆ្នោត​នៅ​អាមេរិក​ទទួល​ភាព​រីករាយ​។ ពួក​គេ​រីករាយ​ដែល​​ឮពី​ការ​លើក​ឡើង​ពី​បញ្ហា​សិទិ្ធ​មនុស្ស​ប៉ុន្តែ វា​ត្រូវ​ការ​សុភវិនិច្ឆ័យ​និង​តុល្យភាព»៕ TK

No comments:

Post a Comment

I like Blogger