សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Monday, November 5, 2012

អតីត​ផ្កាយ​បី ឌឿន សុវណ្ណ ត្រូវ​តុលាការ​សាក​សួរ​តែ​មិន​ឃុំ​ខ្លួន​ទេ

Tuesday, 06 November 2012 ប៊ុត រស្មីគង្គា, From The Phnom Penh Post

121106_09
លោកឧ​ត្តម​សេនីយ៍ គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​​​ នាពេល​កន្លង​មក។ រូបថត វី​រៈ ម៉ៃ

ភ្នំពេញៈ មន្ត្រី​តុលាការ​ម្នាក់​បាន​អះអាង​ថា អតីត​ទីប្រឹក្សា​ក្រសួង​មហា​ផ្ទៃ​លោក​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ ត្រូវ​តុលាការ​ភ្នំពេញ​សួរ​ចម្លើយ​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​ត្រូវ​ចោទ​ប្រកាន់​ពីបទ​គំរាម​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ចុះ​វាស់​វែង​ដីធ្លី នៅក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ខែ​តុលា។
លោក លី លីប​ម៉េង ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹងថា លោក​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ ដែល​ត្រូវ​ដក​ហូត​តំណែង និង​តួនាទី រួច​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​នគរបាល​ជាតិ​នោះ​ត្រូវ​តុលាការ​សួរ ចម្លើយ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ។
លោក​ចៅក្រម បញ្ជាក់ថា លោក ឌឿន សុវណ្ណ ត្រូវ​តុលាការ​ចោទ​ប្រកាន់​លើ​ពីរ​ករណី គឺ​គំរាម​យោង​តាម​មាត្រា​៦០៧​ និង​ជ្រៀត​ជ្រែក​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ​ យោង​តាម​មាត្រា​៦០៩​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី។
លោក​ចៅក្រម​ថ្លែង ថា៖«គាត់​បាន​មក​បង្ហាញ​ខ្លួន​នៅ​ឯ​សាលា​ដំបូង​ភ្នំពេញ​ព្រឹក​មិញ។ ខ្ញុំ​បាន​បញ្ចប់​ការ​សួរ​ចម្លើយ​លើ​ការ​ចោទ​ប្រកាន់​រូប​គាត់ហើយ»។ លោក​បន្ថែម​ថា៖ «ទោះ​ជា​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ក្ដី ក៏​គាត់​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ។ គាត់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ តុលាការ។ គាត់​ត្រូវ​ចូលមក​បង្ហាញ​ខ្លួន​នៅ​តុលាការ​គ្រប់​ពេល​ដែល​តុលាការ​ត្រូវ​ការ»។
លោកឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិ​មាន​ប្រសាសន៍​ថា​ លោក ឌឿន សុវណ្ណ ត្រូវ​បណ្ដេញ​ចេញ​ពី​នគរបាល​ជាតិ កាល​ពី​ខែ​តុលា ហើយ​តំណែង​និង​តួនាទី​គាត់​ក៏​ត្រូវ​បាន​ដក​ហូត​តាម​ព្រះ​រាជ​ក្រឹត្យ ហើយ​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក​បដិសេធ​មិន​ធ្វើ​អធិប្បាយ​លម្អិត​ពី​ករណី​នេះ​ទេ។
លោក​បាន​ថ្លែង​ថា៖ «​គាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​នគរ​បាល​ជាតិ​រួចហើយ»។
មន្ត្រី នគរបាល​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្រសួង​មហា​ផ្ទៃ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា ពី​ថ្ងៃ​ទី​៣១ ​ខែតុលា លោក ឌឿន សុវណ្ណ ​និង​ភរិយា​គាត់​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​លើក​លែង​ទោស ចំពោះ​សកម្ម​ភាព​ឆ្គាំឆ្គង​របស់​គាត់​ពី​ពេល​កន្លង​មក។ គាត់​សូម​ប្រគល់​ដី​ទំហំ​ជាង​៥០​ហិកតា ដែល​គាត់​បាន​ទិញ​ពី​អ្នក​ភូមិ​សង្គម​ថ្មី ឃុំ​ថ្ម​ដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់​ទុក​ជា​សម្បត្តិ​រដ្ឋ​(រាជ​រដ្ឋាភិបាល​)​ដោយ​ឥត​ទាម ទារ​សំណង​អ្វី​ទាំង​អស់។
លោក គង់ សំអាត មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​មាន ប្រសាសន៍​ថា យោង​តាម​មាត្រា​៦០៧​ និង​៦០៩​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​ បើ​លោក ឌឿន សុវណ្ណ​ ត្រូវ​បាន​រក​ឃើញ​ថាមាន​ទោស​កំហុស​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ទាំង​ពីរ​ពិត​មែន ​គាត់​អាច​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​​ពន្ធ-​នាគារពី​៣​ទៅ​៥​ឆ្នាំ​ និងពិន័យ​ជា​ប្រាក់​ពី​៤​ទៅ​១០​លាន​រៀល។
លោកថ្លែង​ថា៖ «​ដើម្បី​ការពារ​ការ​រត់​គេច កង​នគរបាល​ត្រូវ​ចាត់​ឲ្យ​តាម​ឃ្លាំ​មើល​គាត់​ជា​ប្រចាំ»។
កាល ពី​ថ្ងៃ​ទី​១២​តុលា លោក​នាយក​រដ្ឋមន្ត្រី បាន​ដាក់​លិខិត​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​កម្ពុជា​ដើម្បី​សុំ​ដក​តំណែង និង​តួនាទី​លោក ឌឿន សុវណ្ណ និង​បណ្ដេញ​លោក​ចេញ​ពី​ក្រប​ខ័ណ្ឌ​នគរបាល​ជាតិ បន្ទាប់​ពី​លោក ឌឿន សុវណ្ណ បាន​ដាក់​លិខិត​ផ្ញើ​ទៅ​ប្រធាន​ការិយា​ល័យ​គ្រប់​គ្រង​ដែន​ដី នគរូបនីយកម្ម​និង​សំណង់ នៅ​ក្នុង​ស្រុក​វាល​វែង និង​មេ​ឃុំ​សង្គម​ថ្មី​ខេត្ត​ពោធិ៍សាត់ សុំ​ជួយ​សម្រួល​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី នៅ​ក្នុង​ឃុំ​សង្គម​ថ្មីវាស់​វែង​ដីធ្លី​ដែល​គាត់​បាន​ទិញ ពី​អ្នក​ភូមិ​៩​គ្រួសារ​កាល​ពី​ឆ្នាំ​២០០៨។ នៅក្នុង​លិខិត​នោះ​លោក ឌឿន សុវណ្ណ ថា ៖ «បើអ្នក​ភូមិ​មិន​ព្រម​អនុវត្ត​តាម​កិច្ច​សន្យា​លក់​ដី​ពួកគេ​ទៅឲ្យ គ្រួសារ​ខ្ញុំ​ទេ ខ្ញុំ​នឹង​ប្ដឹង​ពួកគេ​ទៅ​តុលាការ​ដើម្បី​ឲ្យ​សង​លុយ​មក​ឲ្យ​ខ្ញុំវិញ»។
លោកឧត្ដមសេនីយ៍​ត្រី សារុន ​ចាន់​ធី ស្នង​ការ​នគរបាល​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា លោក​មិន​ដឹង​រឿង​ដី​លោក ឌឿន សុវណ្ណ នៅ​ក្នុង​ស្រុក​វាល​វែងនេះ​ទេ។
លោក ថ្លែង​ថា៖«រហូត​មក​ដល់​ពេលនេះ ​ខ្ញុំ​មិន​ទាន់​ដឹង​ថា គាត់​បាន​ទិញ​ដី​ពី​អ្នក​ភូមិ​៩​គ្រួសារ​នៅ​ក្នុង​ស្រុក​វាល​វែង​ទេ។ ខ្ញុំ​មិន​អាច​ធ្វើ​អធិប្បាយ​ពី​ករណី​នេះ​ឡើយ»។
លោកវរសេនីយ៍​ត្រី ធាង ឡេង អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា លោក​ក៏​មិន​បាន​ដឹង​អំពី​ដីធ្លី​របស់​លោក ឌឿន សុវណ្ណ នៅ​ក្នុង​ស្រុក​នេះ​ដែរ។
លោកបន្តថា៖ «ខ្ញុំ​ទើប​តែ​ត្រូវ​បញ្ជូន​មក​ធ្វើ​ការ​ជា​អធិការ​នគរបាល​ស្រុក​វាល វែង​ពាក់​កណ្ដាល​ឆ្នាំ​នេះ។ ខ្ញុំ​មិន​ដឹង​ពី​ដីធ្លី​គាត់​នៅ​ក្នុង​ស្រុក​នេះទេ»។
លោក ហូ សិទ្ធី ​នាយ​ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​ពី​ថ្ងៃ​ម្សិលមិញ។
លោក ឌឿន សុវណ្ណ ​និង​មេធាវី​ការពារ​ក្ដី​គាត់​ក៏មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​លើ​រូប​គាត់​បាន​ដែរ៕ PN

No comments:

Post a Comment

I like Blogger