សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, November 22, 2012

អូបាម៉ា​ពុំ​បាន​និយាយ​មួយ​ម៉ាត់​សោះ​មក​កាន់​ប្រជាជន​កម្ពុជា​រហូត​វិល​ទៅ​វិញ

Thursday, 22 November 2012 David Boyle និង ឃុត សុភចរិយា Phnom Penh Post




















លោកប្រធានាធិបតី​​សហរដ្ឋ​​អាមេរិក បារ៉ាក់ អូបាម៉ា អង្គុយ​​ជួរ​​មុខ (ទី២ រាប់ពីឆ្វេង​) ស្ងាប​ក្នុង​ពេល​ប្រជុំ​​កំពូល​អាស៊ាន​ជាមួយ​​​បណ្តា​​មេដឹកនាំ​នៃ​​ប្រទេស​ផ្សេង​ទៀត​ នៅ​ក្នុង​តំបន់​អាស៊ាន និង​អាស៊ីបូព៌ា​។ រូបថត ម៉េង​ស៊្រុន

ភ្នំពេញៈ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​អាមេរិក​ ទី១​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មក​កាន់​កម្ពុជា មិន​បាន​និយាយ​ពាក្យ​មួយ​ម៉ាត់​សោះ ទៅ​កាន់​ប្រជាជន​កម្ពុជា​ឡើយ​ បើ​ទោះ​បី​ជា​មនុស្ស​ជា​ច្រើន បាន​កត់​សម្គាល់​ថា លោក​មាន​ពេលវេលា​ប្រថុច​ញ៉ុច​ណាស់​ក្តី។

ចិន កម្ពុជា និង​ប្រទេស​របប​កុម្មុយនីស្ត​ដទៃ​ទៀត បាន​ចាប់​យក​ឱកាស​ផ្សព្វផ្សាយ ដោយ​មិន​សូវ​ផ្តល់​ព័ត៌មាន​ច្រើន​ទេ ក្នុង​កិច្ច​ប្រជុំ​ជា​លក្ខណៈ​អន្តរជាតិ​។ ប៉ុន្តែ សម្រាប់​បណ្តា​ប្រទេស​លទិ្ធ​ប្រជាធិបតេយ្យ​ធំៗ នៅ​លើ​ពិភពលោក​មួយ​ចំនួន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ភ្នំពេញ នា​សប្តាហ៍​នេះ បាន​សម្រេច​ចិត្ត​នៅ​ស្ងាត់​ស្ងៀម ឬ​ស្ទាក់ស្ទើរ មិន​ផ្តល់ព័ត៌​មាន ដល់​ក្រុម​អ្នកសារ​ព័ត៌​មានជាតិ និង​អន្តរជាតិ​។

ប្រជាជន​កម្ពុជា​ជាច្រើន គិត​ចាប់​ពី​មនុស្ស​នៅ​តាម​ផ្លូវ រហូត​ដល់​ឥស្សរជន បាន​សម្តែង​ការ​ខក​ចិត្ត ដែល​មេដឹកនាំ​មហា​អំណាច​ពិភពលោក មាន​កម្មវិធី​មមាញឹក​ខ្លាំង ដែល​លោក​មិន​អាច​ថ្លែង​ទៅ​កាន់​ពួក​គេ​បាន។ អ្នក​ផ្សេង​ទៀត​សោកស្តាយ ដែល​លោក​ប្រធានាធិបតី​អាមេរិក មិន​អាច​ទៅ​ទស្សនា​កន្លែង​ប្រវតិ្តសាស្រ្ត​ដ៏​អស្ចារ្យ ដែល​បង្ហាញ​ពី​ភាព​រុងរឿង​នៃ​អាណាចក្រ​អង្គរ និង​សោកនាដកម្ម​ដែល​កើត​ឡើង​នៅ​កម្ពុជា ជា​ប្រវតិ្តសាស្រ្ត ដែល​សហរដ្ឋ​អាមេរិក បាន​ដើរ​តួនាទី​លេច​ធ្លោ។


ក្នុង​លិខិត​ចេញ​ពី​ចិត្ត​មួយ លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​កាន់​សញ្ជាតិ​អាមេរិក សម្តែង​ការ​សោកស្តាយ​ដែល​សារៈ​សំខាន់ ​នៃ​ភារកិច្ច លោក​អូបាម៉ា ត្រូវ​ចូលរួម បាន​រារាំង​លោក​ មិន​បាន​ថ្លែង​ជា​សាធារណៈ ​ឬ​ទស្សនា «ភាព​ស្រស់​បំព្រង​ឋិតថេរ នៃ​វប្បធម៌​កម្ពុជា»។ លោក ឆាំង យុ បាន​សរសេរ​ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី អាមេរិក បាន​កប់​ក្នុង​ការ​ងារ ...។ ខ្ញុំសោក​ស្តាយ​ ដែល​លោក​ប្រធានាធិបតី​ មិន​ដែល​បាន​ទស្សនា​ប្រាសាទ​អង្គរ​វត្ត ជា​អច្ឆរិយៈ​មួយ​ ក្នុង​ចំណោម​អច្ឆរិយៈ​ទាំង​ ៧​ នៅ​លើ​ពិភពលោក»។

លោក យុ បាន​កត់​សម្គាល់​ថា នៅ​ប្រទេស​មីយ៉ាន់ម៉ា លោក អូបាម៉ា បាន​ជួប «​ប្រជា​ជន​ភូមា​រាប់​ពាន់​នាក់​ដើរ​តាម​ផ្លូវ» ហើយ​ជួប​លោក​ស្រី Aung San Suu Kyi នៅ​ភូមិ​គ្រឹះ​មាត់​ទន្លេ​របស់​លោក​ស្រី ហើយ​ពេល​លោក​នៅ​ប្រទេស​ថៃ លោក​បាន​គាល់​ព្រះមហាក្សត្រ​ថៃ និង​ទទួល​ការ​ស្វាគមន៍​ពី​មេដឹក​នាំ​សាសនា​នៅ​វត្ត​ភូ»។ ​លិខិត​នោះ​បាន​បន្ត​ថា៖ ​«ប៉ុន្តែ នៅ​កម្ពុជា ជាមួយ​នឹង​ភាព​អ៊ឹកអធឹក​តិច​តួច ​ក្បួន​រថយន្ត​ របស់​លោក​ប្រធានាធិបតី បាន​បើក​ឆ្លង​កាត់​ផ្លូវ​ស្ងាត់។ ពុំ​មាន​ឆ្មាំ​កិត្តិយស ឬ​ស្រ្តី​ស្រស់​ប្រិមប្រិយ ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​លោក​ឡើយ»។

លោក អូបាម៉ា ចំណាយ​ពេល​តែ ១៤ ម៉ោង​ប៉ុណ្ណោះ នៅ​មីយ៉ាន់ម៉ា ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ២៤ ម៉ោង នៅ​ភ្នំពេញ។

កាល ​ពី​ម្សិលមិញ​ អ្នក​ផ្សេង​ទៀត​សោកស្តាយ ចំពោះ​ការ​បាត់​បង់​ឱកាស​មាស​ សម្រាប់​លោក អូបាម៉ា ថ្លែង​ទៅ​កាន់​ប្រជាជន​កម្ពុជា​ឡើង​វិញ ​អំពី​អ្វី​ ដែល​លោក​បាន​ពិភាក្សា ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន អំពី​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​សិទិ្ធ​មនុស្ស។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ដែល​បាន​ពិភាក្សា​ជា​លក្ខណៈ​ឯក​ជន​ស្តីពី​បញ្ហា​យុតិ្តធម៌​សង្គម និង​នយោបាយ ជាមួយ​នឹង​សហរដ្ឋ​អាមេរិក អម​នឹង​កិច្ច​ប្រជុំ​កំពូល​នោះ បាន​ថ្លែង​ថា ដោយ​គ្មាន​ការ​អត្ថាធិប្បាយ​ជា​សាធារណៈ​ពី​លោក អូបាម៉ា កិច្ច​ពិភាក្សា​​របស់​លោក ជាមួយ​នឹង​លោក ហ៊ុន សែន ងាយ​នឹង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង ក្នុង​សារព័ត៌​មាន​ក្នុង​ស្រុក។ លោក​លើក​ឡើង​ថា៖ «ខ្ញុំ​អាច​ប្រាប់​អ្នក​ថា ខ្ញុំ​កោត​សរសើរ​ការ​ដែល​លោក អូបាម៉ា ពិត​ជា​បាន​លើក​ឡើង​ពី​បញ្ហា​សិទិ្ធ​មនុស្ស​ជា​ច្រើន​ ដែល​លោក​បាន​លើក​ឡើង ប៉ុន្តែ ​ខ្ញុំ​រំពឹង​ស្តាប់​ការ​អត្ថាធិប្បាយ​ជាសាធារណៈ​ពី​លោក​ប្រធានាធិបតី ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ ​វា​នឹង​បន្ថែម​ទម្ងន់​លើ​បញ្ហា​ដែល​យើង​កំពុង​ជំរុញ»។ លោក​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា មនុស្ស​ម្នាក់​គត់​ ដែល​អាច​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ពិត​នោះ គឺ​លោក អូបាម៉ា ផ្ទាល់​»។ ​លោក​បាន​ពន្យល់​ថា វា​នឹង​ពិបាក​សម្រាប់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ក្នុង​ការ​បកស្រាយ​ បន្ធូរ​ សម្រាល​សម្តី​របស់​លោក​ប្រធានាធិបតី​អាមេរិក។

មាន​អារម្មណ៍​រកាំ ចិត្ត​ដែល​លោក​ អូបាម៉ា មិន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ជា​សាធារណៈ​អំពី​សិទិ្ធ​មនុស្ស នៅ​តាម​ដង​ផ្លូវ ដែល​ប្រជាជន​កម្ពុជា​ធម្មតា​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​លើ​បញ្ហា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល។

លោក ថុល សីហា អ្នក​រត់​ម៉ូតូឌុប​អាយុ ២៦ ឆ្នាំ ដែល​បាន​ចូល​រួម​ការ​តវ៉ា ដែល​បាញ់​អក្សរ SOS នៅ​លើ​ដំបូល​ផ្ទះ​នៅ​អាកាស​យានដ្ឋាន​នោះ បាន​ថ្លែង​ថា លោក​ខក​ចិត្ត​យ៉ាង​ខ្លាំង ដែល​លោក​ប្រធានាធិបតី​អាមេរិក ​មិន​បាន​លើក​ឡើង​បញ្ហា​ដូច​ជា សិទិ្ធមនុស្ស ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ សេរីភាព​បញ្ចេញ​មតិ និង​ភាព​អយុតិ្តធម៌​នៅ​កម្ពុជា។ លោក​ថ្លែង​ថា​៖«​ ខ្ញុំ​គិត​ថា ​គាត់​ដឹង​យ៉ាង​ជាក់​ច្បាស់​ថា សហគមន៍​ងាយ​ទទួល​រង​គ្រោះ​ និង​អង្គការ​ក្នុង​ស្រុក និង​អន្តរជាតិ​ព្រម​ទាំង​អ្នក​កាសែត ចង់​ឲ្យ​គាត់​និយាយ​អំពី​បញ្ហា​ទាំង​នេះ​ជា​សាធារណៈ​ដើម្បី​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​បញ្ហា​ទាំង​អស់​ ខណៈ​ដែល​ប្រជាជន​កំពុង​ទាមទារ​វា»។ លោក​សីហា​បន្ត​ថា​៖«ខ្ញុំ​មាន​ការ​ចង់​ដឹង​ណាស់​ នៅ​ពេល​ខ្ញុំ​ឃើញ​ថា លោក​ហ៊ុន សែន ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ក្នុង​ស្រុក និង​អន្តរជាតិ​សួរ​លោក អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ខណៈ​ដែល​លោក​កំពុង​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​បិទ​កិច្ច​ប្រជុំ​​​»។

អ្នក​វិភាគ​នយោបាយ​ លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា​៖ ​«​លោក​ អូបាម៉ា បាន​មក​ទី​នេះ ផ្តោត​សំខាន់ លើ​បញ្ហា​ពាណិជ្ជកម្ម ហើយ​មិន​ចង់​ធ្វើ​ឲ្យ​កម្ពុជា​ ក្លាយ​ជា​ឆាក​លើស​ពី​បញ្ហា​សន្តិសុខ​ទ្វេភាគី និង​បញ្ហា​ពាណិជ្ជកម្ម ដែល​គាត់​ត្រូវ​ចរចា​នៅ​កិច្ច​ពិភាក្សា​ជាមួយ​ប្រទេស​មហា​អំណាច​ដូច​ជា ចិន​»។ លោក​បន្ត​ថា៖ «​ពិត​ណាស់ ​នៅ​កិច្ច​ជំនួប​ទ្រង់ទ្រាយ​នេះ ​ដែល​ជា​ទ្រង់ទ្រាយ​ពិភពលោក ប្រសិន​បើ​ប្រធានាធិបតី អូបាម៉ា ធ្វើ​សន្និសីទ​កាសែត បើ​ទោះ​បី​ជា​សន្និសីទ​ខ្លី​មួយ​ក៏​ដោយ ក៏​អាច​នឹង​ហាក់​បី​ដូច​ជា​គាត់​ដណ្តើម​ការ​និយាយ​របស់​អ្នក​ដទៃ​»។ លោក​បន្ត​ទៀត​ថា​៖ «រឿង​មួយ​ទៀត​គាត់​នឹង​មិន​ចង់​ឲ្យ​គេ​ឃើញ ខណៈ​ដែល​គាត់​កំពុង​គាំទ្រ​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន»។ លោក​បន្ថែម​ថា លោក អូបាម៉ា ​អាច​នឹង​ប្រហែល​ជា​មាន​ការ​ប្រុងប្រយ័ត្ន ខ្លាច​ធ្វើ​ឲ្យ​លោក​ ហ៊ុន សែន បាក់​មុខ​ជា​សាធារណៈ​ខ្លាំង​ពេក​។ លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ទៀត​ថា ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​សន្និសីទ​កាសែត​ខ្លី​មួយ ពី​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​កិច្ច​ជំនួប​ទ្វេ​ភាគី ជាមួយ​លោក ហ៊ុន សែន ​គួរ​ឲ្យ​មាន​ការ​សរសើរ ដែល​បាន​ធ្វើ​ការ​ពន្យល់​យ៉ាង​ច្បាស់​ភ្លាម​ៗ​ អំពី​អ្វី​ដែល​បាន​កើត​ឡើង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោក បាន​ធ្វើ​ការរិះ​គន់​ទៅ​លើ​ក្រសួង​ការ​បរទេស​​កម្ពុជា​​ ដែល​​មិន​បាន​រៀប​ចំ​ឲ្យ​មាន​​ការ​បក​ប្រែ​ទៅ​ជាភា​សា​ផ្សេង​ទៀត ​ក្រៅ​ពី​ភាសា​ខ្មែរ​​ ក្នុង​អំឡុង​ពេល​ប្រជុំ​​ ដែល​ធ្វើ​ឲ្យ​អ្នក​សែត​បរទេស​ជាច្រើន​ខក​ចិត្ត​។

លោក អូបាម៉ា ក៏​បាន​ថ្លែង​ផង​ដែរ​ ទៅ​សារព័ត៌មាន​អាមេរិក ដោយ​ចោទ​ប្រកាន់​ថា មាន​ការ​អនុញ្ញាត​ឲ្យ​ចិន​ជា​ថ្មី​ម្តង​ទៀត​រុញ​របៀប​វារៈ​របស់ ពួក​គេ​ ចេញ​តាម​រយៈ​កម្ពុជា​។

ពិត​ណាស់ សញ្ញា​នៃ​ការ​លម្អៀងរបស់​​កម្ពុជា​ ទៅ​រក​ចិន មិន​បាន​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​មាន​ភាព​ច្បាស់​ជាង​មុន​​ ហើយ​ដែល​ក្នុង​នោះ​ផង​ដែរ​ មាន​បដា​ចំនួន​បី​ ដែល​សរសេរ​ជា​ភាសា​អង់​គ្លេស​ អបអរ​​អំណាច​របស់​ចិន ហើយ​មាន​តែ​បដា​របស់​ចិន​ទេ ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ពាស​ពេញ​​នៅ​​ខាង​ក្រៅ​ទីស្តីការ​គណៈ​រដ្ឋ​ មន្រ្តី និង​វិមាន​សន្តិភាព​។ ​បដា​មួយ ក្នុង​ចំណោម​បដា​ ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​នោះគឺ​ថា «​ជយោ!សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​!»​។

លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​សរសើរ​លោក អូបាម៉ា​ថា​ជា​មេ​ដឹក​នាំ​ឆ្នើម ដែល​បាន​យល់​ អំពី​សាធារណជន ប៉ុន្តែ​បញ្ហា​គឺ​ដោយសារ​ពេល​វេលា​តិច​ពេក សម្រាប់​កិច្ច​ជំនួប​។ លោក​ថា កម្ពុជា​ស្វែងរក​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព  នៃ​ទំនាក់​ទំនង​របស់​ខ្លួន ជាមួយ​អាមេរិក​និង​ចិន។ លោក​បាន​ថ្លែង​ថា​៖ «គាត់​មាន​ឈាម​ចម្រុះ ហើយ​គាត់​ជួប​ជាមួយ​មនុស្ស​ទូទៅ​សាមញ្ញ​»។ «ខ្ញុំ​អាច​យល់​អំពី​អារម្មណ៍ ដែល​គាត់​មិន​បាន​ទៅ​លេង​អង្គរ​វត្ត​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ថា គាត់​​មិន​បាន​ភ្លក្ស​ហាំបឺហ្គ័រ​កម្ពុជា‑អាមេរិក​នៅ​ភ្នំពេញ​»៕ TK/PS


No comments:

Post a Comment

I like Blogger