សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Wednesday, November 21, 2012

អង្គការ​តម្លាភាព​ធ្វើ​ផែន​ការ​បី​ឆ្នាំ​បញ្ជ្រាប​ប្រជាពលរដ្ឋ​ពី​ការ​ទប់ស្កាត់​អំពើ​ពុករលួយ

Wednesday, 21 November 2012 គឹម យុទ្ធណា Phnom Penh Post





















ប្រ​ជា​សហ​គមន៍​បុ​រី​កីឡា ​​មក​តវ៉ា​ពី​ការ​បាត់​បង់​​ដី​ ផ្ទះ​សម្បែង​ សង្ស័យ​​មក​ពី​អំពើ​ពុក​រលួយ​​​។ រូប ហេង ជី​វ័ន​

ភ្នំពេញៈ អង្គការ​តម្លាភាព​កម្ពុជា​បាន​ប្រកាស​ថា ខ្លួន​នឹង​អនុវត្ត​កម្មវិធី និង​ផែនការ​យុទ្ធសាស្ត្រ​មួយ​ក្នុង​រយៈពេល​៣ឆ្នាំ ដែល​ចាប់​ផ្តើម​ពី​ឆ្នាំ​២០១២​នេះ រហូត​ដល់​ឆ្នាំ​២០១៥ ក្នុង​បំណង​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ការ​យល់​ដល់​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​របស់​អង្គការ​តម្លាភាព​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា កម្មវិធី​ផែនការ​៣​ឆ្នាំ ធ្វើ​ឡើង​ដើម្បី​គាំទ្រ​តម្លាភាព​និង​សុចរិត​ភាព ព្រមទាំង​ពង្រឹង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​រួម​គ្នា​ទប់ស្កាត់ និង​ប្រឆាំង​អំពើ​ពុករលួយ។

លោក​បន្ត​ថា កម្មវិធី​នេះ​នឹង​ធ្វើ​ការ​សហការ​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល វិស័យ​ឯកជន សិស្ស និស្សិត ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ និង​មន្ត្រី​រាជការ ដើម្បី​បង្កើត​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ។

លោក​បញ្ជាក់​ថា៖ «វា​ជា​ការ​ប្រមូល​កម្លាំង​ក្នុង​ចលនា​សង្គម​មួយ​ដើម្បី​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នូវ​ការ​យល់​ដឹង​អំពី​បញ្ហា​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម និង​ធ្វើ​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ»។

តាម​ការ​បញ្ជាក់​របស់​លោក ព្រាប កុល បាន​ឲ្យ​ដឹង​ថា កម្មវិធី​ផែនការ​៣ឆ្នាំ បាន​ធ្វើ​ឡើង​ដោយ​ពឹង​ផ្អែក​លើ​សសរ​ទ្រូង​៣​សំខាន់​គឺៈ ទី១-ការ​សិក្សា​ស្រាវជ្រាវ និង​ការ​តស៊ូ​មតិ ទី២-ការ​បង្កើត​សម្ព័ន្ធភាព​និង​ភាព​ជា​ដៃ​គូ និង​ទី៣-ការ​ចូលរួម​ពី​សាធារណជន និង​ប្រព័ន្ធ​ព័ត៌មាន​ផ្សេង។ លោក​បន្ត​ថា កម្មវិធី​ផែនការ​៣ឆ្នាំ​នេះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២លាន​៥សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែលជា​ការ​គាំទ្រ​មូលនិធិ​ដោយ​ប្រទេស ស៊ុយអែត និង​ប្រទេស​អូស្ត្រាលី។


លោក ព្រាប កុល រំពឹងថា លទ្ធផល​បាន​ពី​កម្មវិធី​ផែនការ​រយៈពេល​៣ឆ្នាំ​នេះ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​ផល​ប៉ះពាល់​ពី​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម។ លោក​បន្ថែម​ថា៖ «យើង​នឹង​ចង​ក្រង​លទ្ធផល​នេះ​ដាក់​ជូន​ទៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ដើម្បី​ដាក់​ជា​របៀប​វារៈ​មួយ​ធ្វើ​ការ​ពិភាក្សា ពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ ចាត់​ទុក​អំពើ​ពុកលួយ​ជា​ជំងឺ​សង្គម​មួយ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ និង​សង្គម»។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ ខណៈ​លោក កែវ រ៉េមី ជា​អ្នក​នាំ​ពាក្យ​អង្គភាព​នេះ បាន​បដិសេធ​មិន​ផ្តល់​ការ​ពន្យល់​បន្ថែម​ពី​គម្រោង​កម្មវិធី​នោះ។

នៅក្នុង​សេចក្តី​ប្រកាស​របស់​អង្គការ​តម្លាភាព ចែក​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ នៅ​ក្នុង​កម្មវិធី ដែល​មាន​ឈ្មោះ​ថា «រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ» អង្គការ​តម្លាភាព​កម្ពុជា​បាន​កត់​សម្គាល់​ថា អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​បញ្ហា​ធំ​មួយ​ដែល​មាន«លក្ខណៈ​ជា​ប្រព័ន្ធ»។ អំពើ​ពុករលួយ​កើត​មាន​ស្ទើរ​តែ​គ្រប់​វិស័យ​នៅ​ក្នុង​សង្គម​ដែល​រួម​មាន វិស័យ​ឯកជន វិស័យ​សាធារណៈ និង​ស្ថាប័ន​តុលាការ។

សេចក្តី​ប្រកាស​នោះ​បាន​បន្ត​ថា៖ «អំពើ​ពុករលួយ​មាន​ការ​ពាក់ព័ន្ធ​ចាប់​ពី​ឥស្សរជន​នៅ​ថ្នាក់​ខ្ពស់​រហូត​ដល់​ថ្នាក់​ទាប»។ សេចក្តី​ប្រកាស​បន្ត​ថា អំពើ​ពុករលួយ​កាត់​បន្ថយ​ចំណូល​ថវិកា​រដ្ឋ​ដែល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ ដែល​ជា​លទ្ធផល​នាំ​ឲ្យ​មាន​ការ​រារាំង​ដល់​ការ​អភិវឌ្ឍ ប្រទេស​ជាតិ ខណៈ​ដែល​អំពើ​ពុករលួយ​បាន​បំផ្លាញ​ធនធាន​សាធារណៈ​យ៉ាង​ច្រើន​លើស​លប់​កន្លង​មក។

របាយការណ៍​របស់​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ USAIDS កាលពី​ឆ្នាំ​២០០៨​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាត់បង់​ចំណូល​ថវិការដ្ឋ​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​អំពើ​ពុករលួយ។

ចំណែក របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ កាលពី​ឆ្នាំ​២០០៩ បាន​ចាត់​ប្រទេស​កម្ពុជា​ទៅ​ក្នុង​លំដាប់​ទី​១៥៨ ជាប់​ក្នុង​បញ្ជី​ពុករលួយ នៅ​ក្នុង​ចំណោម​ប្រទេស​១៨០ ក្នុង​នោះ ស្ថាប័ន​ពុករលួយ​ជាង​គេ​គឺ​តុលាការ មន្ត្រី​ផ្តល់​សេវា​សាធារណៈ និង​មន្ត្រី​ប៉ូលិស៕

No comments:

Post a Comment

I like Blogger