សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 20, 2012

ក្បួន​ដង្ហែ​នៃ​ចលនា​យុវជន​សមរង្ស៊ី​ត្រូវ​បាន​រារាំង

Tuesday, 20 November 2012 ម៉ៃ ទិត្យថារ៉ា, Phnom Penh Post





















សម​ត្ថកិច្ច​​ពិនិត្យ​​ម៉ូតូ នៅ​ផ្លូវ​ជាតិ​លេខ២​ ពេល​​ចល​នា​​យុ​វជ​ន​បក្ស​សម​រង្ស៊ី​ហែ​ក្បួន​​។ រូបថត ហុង មិ​នា​

ភ្នំពេញៈ ក្រុម​យុវជន​គណបក្ស​សមរង្ស៊ី កាលពី​ម្សិលមិញ​ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ធ្វើ​ការ​រារាំង​ដំណើរ​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​អហិង្សា នៅ​មុខ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​ដើម្បី​សុំ​ឲ្យ​ប្រធានាធិបតី​អាមេរិក​អន្តរាគមន៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ការ​លើកលែង​ទោស​ដល់​សកម្មជន​នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ដោយ​សមត្ថកិច្ច​អនុវត្ត​ក្រោម​រូបភាព​ជា​ការ​ត្រួតពិនិត្យ​លេខ​ម៉ូតូ ប័ណ្ណ​បើកបរ និង​ពន្ធ​ប្រចាំ​ឆ្នាំ។

ក្រុម​យុវជន​គណបក្ស​ប្រឆាំង​សមរង្ស៊ី ដែល​ពាក់​អាវ​យឺត​ពណ៌​ផ្ទៃ​មេឃ ខាង​មុខ​មាន​រូប​អតីត​ព្រះមហាវីរក្សត្រ​ព្រះបាទ នរោត្តម សីហនុ និង​ខាង​ក្រោយ​មាន​រូប​លោក​បារ៉ាក់ អូបាម៉ា ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​ត្រួតពិនិត្យ​ស្លាក​លេខ​ម៉ូតូ តាម​ផ្លូវ​ជាតិ​លេខ២ នៅ​ម្តុំ​ចាក់អង្រែ ប្រមាណ​ជា​៣០០​ម៉ែត្រ ពី​ទីស្នាក់ការ​គណបក្ស​សមរង្ស៊ី។ ការ​ត្រួតពិនិត្យ​នោះ​បាន​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ផង​ដែរ ព្រោះ​តែ​គ្រប់​ម៉ូតូ​អ្នក​ធ្វើ​ដំណើរ​សុទ្ធ​តែ​ត្រូវ​សមត្ថកិច្ច​ត្រួត​ពិនិត្យ។ នៅ​ក្នុង​នោះ សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​ក្រុម​ចលនា​យុវជន​គណបក្ស​សមរង្ស៊ី ប្រមាណ​១០​គ្រឿង ដោយ​សារ​ពុំមាន​ប័ណ្ណ​បើកបរ និង​ម៉ូតូ​ពលរដ្ឋ​ទូទៅ​ជិត ៥០​គ្រឿង​ទៀត។


គម្រោង​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​នៃ​ចលនា​យុវជន​គណបក្ស​សមរង្ស៊ី ធ្វើ​ឡើង​ខណៈ​លោក​ប្រធានាធិបតី និង​លោក​ស្រី ហ៊ីឡារី គ្លីនតុន រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​នឹង​មាន​វត្តមាន​នៅ​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូក​អាមេរិក កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៩ និង​ទី​២០​ខែ​វិច្ឆិកា​នេះ។

លោក សួង សុភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស​សមរង្ស៊ី​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ឃាត់​យក​ម៉ូតូ​ពួក​គេ​ពេល​ពួក​គេ​ហែ​ក្បួន​ចេញពី​ស្នាក់ការ​គណបក្ស​បាន​ប្រមាណ​៣០០​ម៉ែត្រ។ លោក​បន្តថា៖ «គោលបំណង​ពួក​ខ្ញុំ​គឺ​ស្នើ​សុំ​ឲ្យ​លោក អូបាម៉ា ជួយ​អន្តរាគមន៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ដោះ​លែង​អ្នក​ទោសនយោបាយ និង​សកម្មជន​ដីធ្លី​ព្រម​ទាំង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ នៅ​ឆ្នាំ​២០១៣ ជា​ពិសេស សុំ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ​ឲ្យ​ស្រប​ទៅ​តាម​ព្រះរាជតម្រិះ​ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ កាលពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម»។

លោក​បន្តថា ក្រុម​យុវជន​គណបក្ស​សមរង្ស៊ី​នៅ​ភ្នំពេញ​ទាំង​៩​ខណ្ឌ នឹង​បង្ហោះ​ប៉ឺតប៉ោង​ចេញ​ពី​ទីតាំង​ផ្សេងៗ​នៅ​ចំ​ពេល​ដែល​លោក អូបាម៉ា មក​ដល់​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ចន្ទ ដោយ​មាន​ចង​ភ្ជាប់​នូវ​បដា​ទាមទារ​សុំ​ឲ្យ​លោក អូបាម៉ា ជួយ​អន្តរាគមន៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​នោះ​ផង ដែល​នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​លោក។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹងថា លោក​គាំទ្រ​ចំពោះ​ទង្វើ​ពួក​គេ ពីព្រោះ​សង្គម​កម្ពុជា ជា​សង្គម​បើក​ចំហ តែ​អ្នក​ទាំង​នោះ​ក៏​ត្រូវ​តែ​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ព្រោះថា រដ្ឋាភិបាល​កំពុង​តែ​រៀបចំ​កិច្ចប្រជុំ​អាស៊ាន។លោក​បន្ត​ថា៖«សិទ្ធិ​សេរីភាព​របស់​ប្រជាជន​មិនមែន​ជា​សត្រូវ​របស់​រាជរដ្ឋាភិបាល​នោះ​ទេ»។

លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ពុំ​អាច​ទាក់ទង ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាលពី​ម្សិលមិញ។

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ពេល​ពិនិត្យ​ការងារ​នៅ​មណ្ឌល​ព័ត៌មាន នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ព្រឹក​ថ្ងៃទី​១៩​វិច្ឆិកា​ថ្លែងថា លោក អូបាម៉ា នឹង​មក​ដល់​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១៩ វិច្ឆិកា។លោក​ជម្រាប​អ្នក​កាសែត​ថា លោក អូបាម៉ា​មក​ទស្សនកិច្ច​កម្ពុជា​នេះ ក្នុង​នាម​ជា​មិត្ត​មិនមែន​ជា​គ្រូ​ប្រដៅ​របស់​កម្ពុជា​ទេ។

ឆ្លើយ​នឹង​សំណួរ​អ្នក​កាសែត​ជុំវិញ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ដែល​ថា លោក អូបាម៉ា នឹង​លើក​ឡើង​ជាមួយ​នឹង​ប្រមុខ​ដឹក​នាំ​កម្ពុជា លោក ខៀវ កាញារីទ្ធ ប្រតិកម្ម​តប​ថា៖ «លោក អូបាម៉ា មក​នេះ​មក​ជា​មិត្ត មិន​មែន​មកជា​គ្រូ​ប្រដៅ​ទេ។ អ៊ីចឹង​លើ​ការ​ជជែក​គ្នា គឺ​ស្មើ​សិទ្ធិ ស្មើភាព។ សំខាន់ គឺ​ការ​ជំរុញ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​អាមេរិក​ជា​រឿង​ធំ»។

រីឯ​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ របស់​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន តាម​រយៈ​ការ​ស្នើ​ឲ្យ​លោក អូបាម៉ា ជួយ​ធ្វើ​អន្តរាគមន៍​នោះ ត្រូវ​លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា សុំ​ឲ្យ​អ្នក​ដែល​ទាមទារ បញ្ជូន​ឈ្មោះ​មក អ្នក​ណា​ខ្លះ ជា​អ្នក​ទោស​នយោបាយ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា៖ «បើ​មាន​អ្នក​ទោស​នយោបាយ សុំ​ឲ្យ​ឈ្មោះ​មក យើង​នឹង​ពិនិត្យ​ពិចារណា។ ប៉ុន្តែ បើ​អ្នក​ទោស​ដែល​ជាប់​ដោយសារ​បញ្ហា​រំលោភ ប៉ះពាល់​ទៅ​លើ​ច្បាប់​ព្រហ្មទណ្ឌ​របស់​កម្ពុជា​ទេ អាហ្នឹង​ជា​រឿង​ផ្សេង»។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់​អង្គការ​លីកាដូ​បាន​ថ្លែងថា អាជ្ញាធរ​ត្រូវ​ខិតខំ​ការពារ​និង​ពង្រឹង​សន្តិសុខ​ជូន​មន្ត្រី​មក​ចូលរួម​ប្រជុំ​អាស៊ាន ប៉ុន្តែ បើ​ការ​ធ្វើ​ការ​តវ៉ា​ឬក៏​បញ្ចេញ​មតិ​ដោយ​សន្តិវិធី មិន​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ នោះ​អាជ្ញាធរ​មិន​គួរ​រារាំង​ពួក​គេ​ទេ។ លោក​បន្ត​ថា៖ «យើង​គួរ​តែ​បង្ហាញ​ឆន្ទៈ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ទៅ​ពិភពលោក ឲ្យ​គេ​ដឹងថា យើង​ពុំ​បាន​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ទេ​ពីព្រោះ​យើង​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ»៕

No comments:

Post a Comment

I like Blogger