សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 13, 2012

អង្គការ​លើកលែង​ទោស​អន្តរជាតិ​កាលពី​ព្រឹក​ម្សិលមិញ បាន​ទៅ​ជួប​តំណាង​ប្រជា​សហគមន៍​តំបន់​បឹងកក់ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​សហគមន៍​ក្នុង ​តំបន់​នេះ។

ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍​ ថ្ងៃទី១២ វិច្ឆិកា ២០១២
121112_06
អ្នកស្រីឈុំ បញ្ញារ័ត្ន​ (ស្តាំ)​​ ម្តាយ​យុវ​ជន​វាស់​ដី​ដែល​បាន​ស្លាប់ ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ រូបថត វីរៈ ម៉ៃ
 
ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​តែង​តាំង ស្ត្រី​មេម៉ាយ ដែល​ជា​ម្តាយ​របស់​សព​យុវជន​ស្ម័គ្រចិត្ត ដែល​បាន​ទទួល​មរណភាព ក្នុង​ពេល​ចុះ​វាស់​វែង​ដី​ធ្លី ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ភូមិ​ប្រមា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក។

ការ​តែងតាំង​តំណែង​ថ្មី ជា​ទីប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី ដល់​អ្នក​ស្រី​ឈុំ បញ្ញារ័ត្ន ជា​ម្តាយ​របស់​សព​យុវជន ច័ន្ទ ម៉ារឌី ដែល​បាន​ស្លាប់​នោះ​ បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​គ្រួសារ​របស់​សព បាន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ ៧ ថ្ងៃ។

អ្នក​ស្រី​ឈុំ បញ្ញារ័ត្ន បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ទទួល​ដំណឹង​ថា អ្នក​ស្រី ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​លោក​នាយករដ្ឋ​មន្ត្រី នៅ​ក្នុង​ខួប ៧ ថ្ងៃ សព​កូន​របស់​អ្នក​ស្រី ដែល​ត្រូវ​នឹង​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ ២០១២។ អ្នក​ស្រី​បាន​និយាយ​ថា៖«កូន​របស់​សម្តេច ឯក​ឧត្តម ហ៊ុន ម៉ានិត យក​លិខិត​តែង​តាំង​មក​ដោយ​ផ្ទាល់​ឲ្យ​ខ្ញុំ។ នេះ​គឺជា​កិត្តិយស​ធំ​ណាស់ ដែល​សម្តេច ផ្តល់​មុខ​តំណែង​យ៉ាង​ដូច្នោះ​ដល់​រូប​ខ្ញុំ»។

បើ​ទោះ​បី​ជា​បាន​ទទួល​ការ​តែង​តាំង​នូវ​មុខ​តំណែង​ជាទីប្រឹក្សា​លោក ហ៊ុន សែន​ជា​ផ្លូវ​ការ​ហើយ​ក៏​ដោយ ក៏​អ្នក​ស្រី​ឈុំ បញ្ញារ័ត្ន ដែល​បច្ចុប្បន្ន ធ្វើ​ការ​ជា​បុគ្គលិក​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ពុំ​ទាន់​ដឹង​ថា​នឹង​ត្រូវ​ចាប់​ផ្តើម​ចូល​បំពេញ​ការងារ ក្នុង​នាម​ជា​ទីប្រឹក្សា នៅ​ពេល​ណា​នោះ​ទេ​។ អ្នក​ស្រី​បាន​ថ្លែង​ថា៖«ខ្ញុំ​អត់​ទាន់​ដឹង​ថា ខ្ញុំ​នឹង​ចាប់​ផ្តើម​ធ្វើ​ការងារ​ថ្មី​នៅ​ពេល​ណា​នោះ​ទេ​ស្រេច តែ​ថ្នាក់​លើ​ចាត់​ចែង​។ ខ្ញុំ​សប្បាយ​ចិត្ត​ជាង​ត្រូវ​ឆ្នោត​ទៅ​ទៀត ហើយ​អ្វី​ដែល​ខ្ញុំ​បាន​នេះ​ គឺ​ដោយ​សារ​តែ​កូន​ប្រុស​របស់​ខ្ញុំ បាន​ចូល​ធ្វើ​ការ​ស្ម័គ្រចិត្ត ​ជាមួយ​យុវជន​របស់​សម្តេច»។

កាល ពីថ្ងៃ​ទី​៣១ ខែ​តុលា​ ឆ្នាំ​ ២០១២ យុវនិសិ្សត ស្ម័គ្រ​ចិត្ត ច័ន្ទ ម៉ារឌី អាយុ ២២​ឆ្នាំ ជា​យុវជន​ស្ម័គ្រចិត្ដ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ស្ថិត​ក្នុង​ក្រុម​ទី ៨​ និង​ជា​និស្សិត​ឆ្នាំ​ទី៤ ផ្នែក​សុរិយោ​ដី នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ចំការ​ដូង ដែល​មាន​លំនៅដ្ឋាន​នៅ​សំណង់ ១២ សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​ស្លាប់​ភ្លាមៗ ​នៅ​ក្នុង​ឧបទ្ទវហេតុ ខ្យល់​ព្យុះភ្លៀង បោក​បំបាក់​ដើម​ឈើ​មួយ​ដើម សង្កត់​លើ នៅ​ខណៈ​បំពេញ​បេសកកម្ម​ចុះ​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ នៅ​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ​ស្រុក​ឆ្លូង ជា​ទី​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល បាន​បាញ់​ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ស្លាប់។

នៅ ក្នុង​ពិធី​បុណ្យ​សព​របស់​យុវជន​រូប​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ក៏​បាន​អញ្ជើញ​ទៅ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ សព​យុវជន​រូប​នោះ​ផង​ដែរ​ និង​ថែម​ទាំង​បាន​ផ្តល់​ប្រាក់​ចំនួន ២ ម៉ឺន​ដុល្លារ ដល់​ក្រុម​គ្រួសារ​សព និង​ទទួល​ខុស​ត្រូវ ក្នុង​ការ​ចំណាយ​លើ​ពិធី​បុណ្យ​នោះ​ទាំង​អស់។

លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ បាន​ថ្លែង​ថា​ លោក​គិត​ថា​ នេះ​ជា​ការ​ល្អ ដែល​បាន​ជួយ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រួសារ​របស់​យុវជន​ស្ម័គ្រចិត្ត​ ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ពេល​ចុះ​បំពេញ​បេសកកម្ម ដើម្បី​ជា​ប្រយោជន៍​ជាតិ​។ ប៉ុន្តែ​កន្លង​មក គឺ​មាន​ការ​តែង​តាំង​ទីប្រឹក្សា​ច្រើន​មក​ហើយ ជា​ទីប្រឹក្សា​ស្ថាប័ន​និង​ជា​ទីប្រឹក្សា​បុគ្គល​ ប៉ុន្តែ​ គេ​មិន​ដឹង​ថា​ ទីប្រឹក្សា​ដែល​​ត្រូវ​បាន​តែង​តាំង​យ៉ាង​ច្រើន​ទាំង​នោះ បាន​យក​ចំណេះ​ដឹង ទៅ​បម្រើ​ជា​ប្រយោជន៍​សង្គម​​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​បាន​និយាយ​ថា​ ៖​ «យើង​គួរ​ចាប់​អារម្មណ៍​ឡើង​វិញ​ថា តើ​​ការ​តែងតាំង​អ្នក​ណា​ម្នាក់​ជា​ទីប្រឹក្សា អ្នក​នោះ​ ត្រូវ​មាន​ចំណេះ​ដឹង​ ឬ​បទពិសោធ​ការងារ​យ៉ាង​ដូច​ម្តេច ដើម្បី​ឲ្យ​ពួក​គេ អាច​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។ វា​ជា​ការ​ល្អ​ហើយ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ តែ​បើ​ស្លាប់​មួយ​ តែង​តាំង​ទីប្រឹក្សា​មួយ​ តើ​ថវិកា​ជាតិ​អាច​ទ្រទ្រង់​បាន​ឬ​អត់?»។

កាល​ពីថ្ងៃ​ទី៣០ ខែ​តុលា លោក​ហ៊ុន សែន​ បាន​ប្រកាស​ថា នឹង​ប្រគល់​មេ​ដាយ​មាស ដល់​ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់​ដី​ទាំង​អស់​ ព្រម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ​ ដែល​បាន​ចូល​រួម​ក្នុង​ការ​វាស់​វែង​ដីធ្លី​ ឲ្យ​ពលរដ្ឋ តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​របស់​រដ្ឋាភិបាល​។ ក្រុម​យុវជន​ស្ម័គ្រចិត្ត បាន​ចាប់​ផ្តើម​ចេញ​ដំណើរ​ចុះ​ទៅ​វាស់​ដី​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២​ នៅ​ក្នុង​​ខេត្ត​ចំនួន​១៣​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​យុវជន​ស្ម័គ្រចិត្ត​សរុប​១១៧៨​នាក់៕

No comments:

Post a Comment

I like Blogger