សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 13, 2012

ពលរដ្ឋ​២៥​គ្រួសារ​នៅ​កែវ​ផុស​មាន​ដីកា​ពី​តុលាការ​ឲ្យ​រុះរើ​ផ្ទះ

ឃុត សុភចរិយា​ ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១២ វិច្ឆិកា​ ២០១២

ព្រះសីហនុៈ ប្រជាពលរដ្ឋ​ប្រមាណ​២៥​គ្រួសារ ក្នុង​ភូមិ​កែវ​ផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​មាន​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​និង​ស្មុគស្មាញ ជាមួយ​ក្រុមហ៊ុន លោក ឧកញ៉ា ជៀម ផែន បាន អះអាង​ថា តុលាការ​ខេត្ត​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ ដើម្បី​ដក​យក​ដី​ពួក​គាត់​ទៅ​ឲ្យ​ភាគី​ក្រុមហ៊ុន។

តំណាង​ប្រជាពលរដ្ឋ​ទាំង​២៥​គ្រួសារ​ក្នុង​ភូមិ​កែវ​ផុស អ្នក​ស្រី វ៉ា ហ៊ល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កាល​ពី​ថ្ងៃ​សៅរ៍​មន្ត្រី​នគរបាល​យុត្តិធម៌ ឃុំ កែវ ផុស បាន​យក​ដីកា​បង្គាប់​ឲ្យ​រុះរើ​ផ្ទះ​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​កាល​បរិច្ឆេទ​តាំង​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១២។

អ្នក​ស្រី​ថ្លែង​ថា៖ «យើង​ពិត​ជា ឆ្ងល់​ខ្លាំង​ណាស់ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ ទើប​អាជ្ញាធរ​យក​ដីកា​នេះ​មក​ឲ្យ​ពួក​យើង ហើយ​ប្រាប់​ឲ្យ​យើង​រុះរើ​ផ្ទះ​ជា​បន្ទាន់ បើ​ពុំ​នោះ​ទេ គេ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»។


អ្នក​ស្រី បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​បាន​មក​រស់នៅ​និង​កាន់​កាប់​ដី ក្នុង​តំបន់​ភូមិ​ចំរាំង​នេះ តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ។

មិន​តែ ប៉ុណ្ណោះ​ដំណាំ​ហូប​ផ្លែ​ជាច្រើន ដែល​ពួក​គាត់​បាន​ដាំ​តាំង​ពី​នោះ​មក​បាន​ផ្ដល់​ផល​ជាច្រើន​ឆ្នាំ​មក​ហើយ ​ដែរ តែ​ពេល​នេះ​ស្រាប់​តែ​ខាង​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ចេញ​ពី​ភូមិ ដែល​ពួក​គាត់​ធ្លាប់​រស់នៅ​បែប​នេះ​ទៅ​វិញ។

អ្នកស្រី អះអាង​ថា ៖​ «យើង​ខ្ញុំ​បាន​ឯកភាព​គ្នា​រួច​ហើយ​ថា​ នឹង​មិន​អនុវត្ត​តាម​ដីកា​បង្គាប់​នេះ​ទេ ​យើង​ខ្ញុំ​ស៊ូ​ស្លាប់​នៅ​ក្នុង​ផ្ទះ​លើ​ដី​របស់​ខ្លួន ព្រោះ​យើង​គ្មាន​ដី​ឯណា​ផ្សេង​ទៀត​ដើម្បី​សង់​ផ្ទះ​នៅ​នោះ​ទេ»។​

ទំនាស់​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ នៅ​ចំណុច​ចំរាំង ភូមិ​កែវ​ផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ជាមួយ​លោក ជៀម ផែន ចាប់​ផ្ដើម តាំង​ពី​ឆ្នាំ​២០០៧។ កាល​ពី​ឆ្នាំ​២០១១ ដែល​រាជរដ្ឋាភិបាល បាន​ធ្វើ​ការ​ដោះស្រាយ​ម្ដង​រួច​មក​ហើយ ហើយ​ដែល​ពេល​នោះ​បាន​សម្រេច​ឲ្យ​ភាគី​ក្រុមហ៊ុន ផ្ដល់​ដី​សង​ទៅ​អ្នក​ភូមិ​ចំនួន​៤៩ គ្រួសារ ដែល​បាន​តាំង​លំនៅ និង​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​នៅ​តំបន់​នោះ​វិញ។ ប៉ុន្តែ ដោយ​ឡែក​សម្រាប់​ទំនាស់​ដីធ្លី រវាង​លោក​ឧកញ៉ា ជៀម ​ផែន និង​ប្រជា​ពលរដ្ឋ ៥០​គ្រួសារ​ផ្សេង​ទៀត ដែល​មាន​ដី​ចម្ការ​ដំា​ដំណាំ​ផ្សេងៗ​នេះ មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ។

លោក​នង ឌីណារ៉ា​មេ​ឃុំ​កែវ​ផុស ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាល ពី​ម្សិលមិញ​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ដីកា​បង្គាប់​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​ទើប​តែ​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ព័ត៌មាន​នេះ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​ថា​ដីកា​បង្គាប់​របស់​សាលា​ដំបូង​ខេត្ត​នោះ​ ត្រូវ​បាន​ចេញ​ដោយ លោក ម៉ុង មុន្នី​ចរិយា ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ តាំង​តែ​ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១២​មក​ម្ល៉េះ។

លោក​មេ ឃុំ​បាន​ថ្លែង​ថា៖​«ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​ដីកា​នោះ​នៅ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ពី​អត្ថន័យ​នៃ​ដីកា​បង្គាប់​នោះ​យ៉ាង​ ម៉េច​ដែរ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​កែវផុស បាន​នាំ​យក​ដីកា​នោះ​ទៅ​ប្រគល់​ឲ្យ​ក្រុម​អ្នក​ភូមិ​កាល​ពី​ថ្ងៃ​សៅរ៍ »។

លោក​មេ​ឃុំ​រូប​នេះ​សម្តែង​នូវ​សមាន​ចិត្ត​ចំពោះ​អ្នក​ភូមិ​ថា ៖ ​«ខ្ញុំ​ពិត​ជា​មាន​ក្ដី​អាណិត​អាសូរ​ដល់​ប្រជាពលរដ្ឋ​ខ្ញុំ​ទាំង​នោះ ណាស់ ប្រសិន​បើ​ពួក​គាត់​នឹង​ត្រូវ​បាន​ចាត់​វិធាន​ការ​រុះរើ​តាម​អំណាច​ដីកា​បង្គាប់​របស់​តុលាការ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​មែន​នោះ។ ប៉ុន្តែ បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី រឿង​រ៉ាវ​នេះ​មិន​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​របស់​ខ្ញុំ​ទេ»។

លោក បាន សារុំ អភិបាល​ស្រុក ស្ទឹងហាវ បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ដែរ​ថា លោក​មិន​បាន​ដឹង​ពី​កាល​បរិច្ឆេទ​នៃ​ការ​អនុវត្តន៍​ដីកា​បង្គាប់​របស់ តុលាការ​ខេត្ត​នោះ​នៅ​ឡើយ។

លោក​ថ្លែង​ថា៖«​មក​ទល់​ពេល​នេះ ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​ដីកា​បង្គាប់​ណាមួយ​ពី​តុលាការ ឲ្យ​ជួយ​សហការ​ក្នុង​ការ​រុះរើ​ផ្ទះ​អ្នក​ភូមិ​នៅ​ឡើយ​ទេ»។

កាល​ពី​ម្សិលមិញ លោក គី តែត តំណាង​ឲ្យ​ភាគី​ក្រុមហ៊ុន​លោក​ឧញ៉ា ជៀម ផែន ដែល​បច្ចុប្បន្ន​កំពុង​មាន​វិវាទ​ដី​ធ្លី​ចំនួន​ជាង​១០​ហិកតា ​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ចំការដូង​ប្រេង​ឧកញ៉ា ម៉ុង រិទ្ធី បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​មិន​ខ្វល់​ថា តើ​អ្នក​ភូមិ​ទាំង​នោះ​គាត់​មាន​ការ​រឹង​រូស ឬ​ក៏​ក្រាញ​ននៀល​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ នេះ​ជា​ដីកា​បង្គាប់​របស់​តុលាការ​មិន​មែន​ជា​លិខិត​សាមញ្ញ​នោះ​ឡើយ។

លោក បាន​ថ្លែងថា​៖​ «ពួក​គាត់​រុះរើ ឬ ក៏​មិន​រុះរើ គឺជា​រឿង​របស់​គាត់ ព្រោះ​រឿង​នេះ​ស្ថិត​នៅ​លើ​សមត្ថកិច្ច​តុលាការ និង​អាជ្ញាធរ​ដែន​ដី ថា​តើ​ ត្រូវ​អនុវត្ត​បែប​ណា​ចំពោះ​ក្រុម​ជន​រឹង​ទទឹង​នឹង​ច្បាប់»៕

No comments:

Post a Comment

I like Blogger