សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 13, 2012

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ជួប​ជាមួយ​ប្រជា​សហគមន៍​បឹងកក់

ឃុត សុភ​ចរិយា ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១៣ វិច្ឆិកា ២០១២
121113_03a
អ្នក​តំណាង​ប្រ​ជា​សហ​គមន៍​បឹង​កក់ ក្នុង​បាតុ​កម្ម​ត​វ៉ា​​​ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ស្រី​ យ៉ោម បុ​ប្ផា ​នា​ពេល​កន្លង​មក​។ រូបថត ហុង​ មិនា
 
ភ្នំពេញៈ អង្គការ​លើកលែង​ទោស​អន្តរជាតិ​កាលពី​ព្រឹក​ម្សិលមិញ បាន​ទៅ​ជួប​តំណាង​ប្រជា​សហគមន៍​តំបន់​បឹងកក់ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​និង​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​សហគមន៍​ក្នុង ​តំបន់​នេះ។

ជំនួប​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ពលរដ្ឋ​ជាង​១០០​នាក់ មក​ពី​សហគមន៍​បឹងកក់ បុរី​កីឡា ថ្ម​គោល និង​សហគមន៍​មួយ​ចំនួន ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ដាក់​ញតិ្ត​សុំ​អន្តរាគមន៍​បន្ត​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ ជំរុញ​ការ​ដោះស្រាយ​បញ្ហា​វិវាទ​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់។

ក្នុង​ជំនួប​ជាមួយ​តំណាង​ប្រជា​សហគមន៍​ក្នុង​តំបន់​នេះ អ្នក​ស្រី Amanda Howle និង​សហការី​ជាង​២០​នាក់ បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ភូមិ​ឲ្យ​អត់ធ្មត់​និង​ស៊ូទ្រាំ​ធ្វើ​ការ ​តស៊ូ​មតិ​ការពារ​សិទ្ធិ​លំនៅដ្ឋាន​និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងៗ​ទៀត ដែល​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ ។

អ្នកស្រី​ថ្លែង​ថា ៖ «ចូរ​កុំ​អស់​សង្ឃឹម ហើយ​កុំ​គិត​ថា​បងប្អូន​នៅ​ឯកោ…ពួក​យើង [សហគមន៍​អន្តរជាតិ] បាន​ដឹង​និង​យល់​យ៉ាង​ច្បាស់​ថា បង​ប្អូន​កំពុង​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ»។

ក្នុង​បទ​សម្ភាស​ដាច់​ដោយ​ឡែក​មួយ​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ ទាក់​ទង​ទៅ​នឹង​ករណី​អ្នកស្រី យ៉ោម បុប្ផា សមាជិក​សហគមន៍​បឹងកក់​និង​អ្នក​ស្រី ទឹម សាក់​មុន្នី សមាជិក​សហគមន៍​បុរី​កីឡា​អ្នក​ស្រី Amanda និយាយ​ថា ពួក​គាត់​នឹង​បន្ត​ការ​ឃ្លាំ​មើល​បន្ត​អំពី​បញ្ហា​នេះ។

អ្នក​ស្រី​ថ្លែងថា៖«យើង​បាន​ដឹង​ថា​រឿងរ៉ាវ​របស់​ពួក​គេ​ផ្ដើម​ចេញ​ពី​ ការ​តវ៉ា​ទំនាស់​ដី​ធ្លី ដូច្នេះ​បើ​សិន​ជា​រក​ឃើញ​ថា ពួក​គេ​តវ៉ា​រឿង​ដីធ្លី​យ៉ាង​ពិត​ប្រាកដ​នោះ អាជ្ញាធរ​ត្រូវ​តែ​ដោះលែង​ពួក​គេ»។

នៅ​មុខ​ស្ថានទូត​អាមេរិក អ្នក​ស្រី ទេព វន្នី តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​តំបន់​បឹងកក់ ដែល​បាន​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍ ដោះលែង​សមាជិក​របស់​ពួក​គេ គឺ​អ្នកស្រី យ៉ោម បុប្ផា និង សកម្មជន​ដី​ធ្លី​ផ្សេង​ទៀត បាន​និយាយ​ថា វត្ត​មាន​របស់​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​អ្នកស្រី ហ៊ីឡារី គ្លីនតុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ ​ដីធ្លី​ក្នុង​តំបន់​បឹងកក់ និង​តំបន់​ផ្សេង​ទៀត​ក្នុង​រាជធានី​និង​ទូទាំង​ប្រទេស​កម្ពុជា ។

អ្នក​ស្រី​ថ្លែង​ថា៖«យើង​មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា តាម​រយៈ​ការ​ជួយ​អន្តរាគមន៍​បន្ត​ពី​អ្នក​ទាំង​ពីរ​ទៅ​ប្រមុខ​រដ្ឋាភិបាល​ កម្ពុជា និង​នាំ​មក​នូវ​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​នៅ​កម្ពុជា ហើយ​សកម្មជន​ដីធ្លី​របស់​ពួក​យើង​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នឹង​ត្រូវ​ បាន​ដោះលែង»។

អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ចាប់​ឃុំ​ខ្លួន កាលពី​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១២ ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស។ ក្រោយពី​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​អ្នក​ស្រី យ៉ោម បុប្ផា ក្រុម​សមាគម​អ្នក​រត់​ម៉ូតូ​ឌុប​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក្នុង​អំពើ​ វាយ​ប្រហារ​កាប់​និង​ចាក់​ដោយ​ពូថៅ និង​ទួរណឺវិស បាន​ចេញ​មុខ​ប្រឆាំង​តប​ទៅ​នឹង​ការគាំទ្រ​របស់​ប្រជា​សហគមន៍​បឹងកក់ ហើយ​ដែល​សហគមន៍​នេះ​អះអាងថា​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​គេ​ឃុបឃិត​មួល​បង្កាច់​ដើម្បី​គំរាម​កំហែង​បំបាក់​ស្មារតី កុំ​ឲ្យ​ប្រជា​សហគមន៍​នេះ ចេញ​មុខ​ប្រឆាំង​និង​ចង់​បាន​ចំណែក​ដី​១២,៤៤​ហិកតា ។

លោក វ៉ាត សារ៉ាត់ ឪពុក​ជនរងគ្រោះ វ៉ាត ថៃ​សេង អះអាង​ថា៖«ខ្ញុំ​មាន​ភស្ដុតាង​និង​សាក្សី​សម្រាប់​បញ្ជាក់​ថា យ៉ោម បុប្ផា ពិតជា​ជន​ល្មើស ក្នុង​អំពើ​មនុស្សឃាត​ដោយ​ចេតនា មក​លើ​កូន​ប្រុស​ខ្ញុំ និង​ជន​រងគ្រោះ ង៉ែត ចិត្ត … សហគមន៍​បឹងកក់ បំភ្លៃ​ករណី​នេះ​ទៅ​ជា​ករណី​ដី​ធ្លី ដែល​ប្រាស​ចាក​ពី​ការ​ពិត»។ ប៉ុន្តែ លោក លួស សាខន ប្ដី​អ្នកស្រី​យ៉ោម បុប្ផា បាន​បដិសេធ ហើយ​ថា​ប្រពន្ធ​គាត់​ពិត​ជា​រង​នូវ​ការ​ចោទ​ប្រកាន់​ទាំង«អយុត្តិធម៌»។

អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​ចុះទៅ​សួរ​សុខ​ទុក្ខ​និង​ពិនិត្យ​ពី​សុខភាព​អ្នក​ស្រី យ៉ោម បុប្ផា និង​អ្នក​ស្រី ទឹម សាក់​មុន្នី នៅឯ​ពន្ធនាគារ​ព្រៃ​ស ពីថ្ងៃ​ចន្ទ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា អ្នក​ទាំង​ពីរ​មាន​ភាព​ស្គមស្គាំង​ព្រោះ​តែ​ដេក​មិន​សូវ​លក់ និង​ហូប​មិន​សូវ​បាន។

អ្នក​ស្រី​ប្រាប់​ថា ក្នុង​បន្ទប់​ឃុំឃាំង មាន​ភាព​ចង្អៀត និង​មាន​ជនជាប់​ចោទ​ច្រើន​នាក់​ឃុំ​ក្នុង​បន្ទប់​តែ​មួយ ដែល​នាំ​ឲ្យ​ខ្យល់​អាកាស​ចេញ​ចូល​មិន​បាន​ល្អ។

អ្នកស្រី​បន្ថែម​ថា៖«អ្នក​ទាំង​ពីរ​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ ហើយ​ថា​ពួក​គាត់​តូច​ចិត្ត​ណាស់ ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​នេះ»។

អ្នកស្រី​បញ្ជាក់​ថា៖ «យើង​នឹង​រង់ចាំ​ឃ្លាំ​មើល​សវនាការ​លើ​រឿង​ក្ដី​អ្នក​ទាំង​ពីរ ថា​តើ​មេធាវី ដើម​បណ្ដឹង​នឹង​មាន​ភស្ដុតាង​អ្វី​មក​សំអាង ក្នុងការ​ដាក់​បន្ទុក លើ​អ្នក​ទាំង​ពីរ»៕

ទី១៣ វិច្ឆិកា ២០១២
 

No comments:

Post a Comment

I like Blogger