សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 20, 2012

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​តម្កល់​ករណី​សម រង្ស៊ី

Tuesday, 20 November 2012 គឹម យុទ្ធណា Phnom Penh Post































 លោក សម រង្ស៊ី ដែល​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​​។ ភ្នំពេញ ប៉ុស្ដិ៍

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ កាលពី​ម្សិលមិញ បាន​តម្កល់​រក្សា​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​បិទ​ផ្លូវ​តវ៉ា​លើ​សំណុំ​រឿង​របស់ លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី ដែល​បាន​ប្តឹង​ជំទាស់​នឹង​ការ​លុប​ឈ្មោះ​កូន​ក្តី​របស់​លោក​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។

នេះ​ជាការ​សម្រេច​តម្កល់​សំណុំ​រឿង​លើក​ទី​ពីរ ដែល​គណបក្ស​សមរង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​មក​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​បាន​តម្កល់​ម្តង​រួច​មក​ហើយ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នូវ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ជា​ជនជាតិ​វៀតណាម​ចំនួន ៣៥៧​នាក់ នៅ​ក្នុង​ឃុំ​ចំនួន ៣ ក្នុង​ស្រុក កោះធំ ខេត្ត​កណ្តាល។

លោក ជូង ជូងី ដែលជា​មេធាវី​ដើម​បណ្តឹង​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​សវនាការ​ដែល​មាន​លោក ឯក សំអុល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ព្រម​ទាំង​សមាជិក​៧នាក់​ផ្សេង​ទៀត​នោះ បាន​ប្រកាស​សម្រេច​រក្សា​ទុក​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​របស់ គ.ជ.ប ទាំង​ស្រុង និង​បិទ​បណ្តឹង​តវ៉ា​ផង​ដែរ។


លោក បញ្ជាក់​ថា៖ «លោក​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ឯក សំអុល បាន​ប្រកាស​រក្សា​តម្កល់​សេចក្តី​សម្រេច​របស់​គ.ជ.ប ទុក​ជា​បាន​ការ​ដដែល និង​បិទ​ផ្លូវ​មិន​មាន​បណ្តឹង​តវ៉ា»។

លោក​មេធាវី មិន​បាន​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​ពី​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​បាន​តម្កល់​រក្សា​ការ​សម្រេច​របស់​គ.ជ.ប ទេ លោក​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា៖ «ខ្ញុំ​មិន​អស់ចិត្ត​ចំពោះ​សេចក្តី​សម្រេច​បែប​ហ្នឹង គឺ​វា​ហួស​ពី​ការ​និយាយ»។

លោក​បញ្ជាក់​ថា កូន​ក្តី​របស់​លោក នៅ​មិន​ទាន់​មាន​ប្រតិកម្ម​បែបណា​នៅ​ឡើយ​ទេ កាលពី​ថ្ងៃ​ម្សិលមិញ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅឯ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ជាប់​ពន្ធនាគារ ត្រូវ​បាន ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ គ.ជ.ប  កាលពី​ថ្ងៃទី​៥ វិច្ឆិកា សម្រេច​លុប​ឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយ​សំអាង​លើ​សាល​ដីការ​របស់​តុលាការ​កំពូល​ទាក់ទិន​ទៅ​នឹង​រឿង​បំផ្លាញ តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ខេត្ត ស្វាយរៀង កាលពី​ឆ្នាំ​២០០៩។ តែ លោក​មេធាវី ជូង ជូងី បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់ កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

មិន​ត្រឹម​តែ​លោក សម រង្ស៊ី ម្នាក់​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត សូម្បី​តែ​សមាជិក​គ្រួសារ​របស់​លោក ក៏​ត្រូវ​បាន​ចៅ​សង្កាត់​បឹងរាំង​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផង​ដែរ ដោយ​សំអាង​ថា​គ្រួសារ​របស់​លោក​បាន​ផ្លាស់​ប្តូរ​លំនៅ​ពី​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​ទៅ​រស់នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​ជា​ទីស្នាក់ការ​គណបក្ស​សមរង្ស៊ី។

ទោះយ៉ាងណា លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​រិះគន់​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថា ជា​ការ​សម្រេច​ក្រោម«ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច»។

លោក​បញ្ជាក់​ថា៖ «យើង​ដឹង​រួច​ជា​ស្រេច​ហើយ​ថា ស្ថាប័ន​ទាំងអស់ គឺ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន។ យើង​កំពុង​តែ​តស៊ូ​មតិ តាម​រយៈ​ប្រជាពលរដ្ឋ សហគមន៍​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល​ដើម្បី​កៀងគរ​ស្ថាប័ន​ប្រជាធិបតេយ្យ​សំខាន់ៗ​ឲ្យ​ទៅ​ជា​ស្ថាប័ន​ឯករាជ្យ អព្យាក្រឹត​វិញ​ទើប​អាច​ដោះស្រាយ​បញ្ហា​បាន​ទាំង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស អំពើ​ពុករលួយ ការ​បោះឆ្នោត»។

នៅ​ពេល​ចោទ​សួរ​ថា តើ​ការ​តម្កល់​សេចក្តី​សម្រេច​នោះ វា​មាន​ផល​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​របស់​លោក​សម រង្ស៊ី ឬ​យ៉ាង​ណា​នោះ? លោក យឹម សុវណ្ណ​បាន​ថ្លែងថា បើ​កាល​ណា​មាន​ដំណោះស្រាយ​នយោបាយ​រួម រឿង​ទាំង​អស់​នោះ​វា​អាច​ដោះស្រាយ​បាន។ លោក​ថា បញ្ហា​សំខាន់​ពេល​នេះ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ផ្នែក​នយោបាយ​មួយ ពីព្រោះ​ករណី​របស់​ឯកឧត្តម សម រង្ស៊ី មិន​មែន​ជា​ករណី​ទោស​ព្រហ្មទណ្ឌ​ឬ​បទឧក្រិដ្ឋ​នោះ​ទេ វា​ជា​ករណី​រឿង​នយោបាយ​សុទ្ធសាធ។

លោក​បញ្ជាក់​ថា៖ «គណបក្ស​កាន់​អំណាច គឺ​គេ​ប្រើប្រាស់​ស្ថាប័ន​របស់​គេ​ទាំងអស់ បង្ក​ឲ្យ​មាន​បញ្ហា​កើត​ឡើង និង​មិន​មាន​ការ​ឯកភាព​ជាតិ។ ដូច្នេះ ប្រសិន​បើ​គណបក្ស​ប្រជាជន​នៅ​ធ្វើ​បន្ត​ទៀត នោះ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ វា​មិន​មាន​ទេ»។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា លោក សម រង្ស៊ី ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ថា គាត់​គ្មាន​សិទ្ធិ​នៅ​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ។

លោក បាន​បញ្ជាក់​ថា៖ «ដូច្នេះ​តាម​ច្បាប់​បោះឆ្នោត គាត់​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​បាន​ទេ»។

លោក​បាន​បន្ដ​ទៀត​ថា តាម​ផ្លូវ​ច្បាប់ គឺ​ដូចជា​គ្មាន​ដំណោះស្រាយ​អ្វី​នោះទេ ពីព្រោះ​ការងារ​ត្រូវ​បាន​ធ្វើ​ក្នុង​រយៈពេល​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​ក្រោយ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​បាន​បិទ​ផ្លូវ​តវ៉ា​អស់​ហើយ។

លោក បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មិន​ដឹង​ដែរ​ទេ​ថា មាន​ការ​សម្របសម្រួល​បែប​នោះ តែ​បើ​តាម​ច្បាប់​បោះឆ្នោត គឺ​អត់​មាន​ទេ។ យើង​មិន​អាច​កែ​តម្រូវ​ច្បាប់​ទៅតាម​មនុស្ស​ម្នាក់​ៗ​បាន​តាម​ចិត្ត​យ៉ាង​អ៊ីចឹង​នោះ​ទេ!»៕

No comments:

Post a Comment

I like Blogger