សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Thursday, November 22, 2012

ខ្មែរ​ក្រោម​ចូល​ផ្តល់​កសិណ​លើក​ដំបូង​នៅ​សាសាក្តី​ថ្ងៃ​នេះ

Thursday, 22 November 2012 Bridget Di Certo Phnom Penh Post





















ប្រជា​ពល​រដ្ឋ​ទៅ​ចូល​រួម​ទស្ស​នា ​សវ​នា​ការ​ សា​លា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ពេល​កន្លង​មក​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ​ពួក​គេ​ត្រូវ​បាន​គេ​ពណ៌នា​ថា មាន« ក្បាល​យួន ខ្លួន​ខ្មែរ» ហើយ​ត្រូវ​បាន​បំបែក​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ បំបែក​ភរិយា​ពី​ប្តី​កូន​ពី​ឪពុកម្តាយ ហើយ​ត្រូវ​បាន​គេ​ចុច​ឈ្មោះ ដើម្បី​យក​ទៅ​ប្រហារ​ជីវិត​ដោយ​ខ្មែរ​ក្រហម។ នៅ​ថ្ងៃ​នេះ គឺជា​លើក​ដំបូង​ហើយ ដែល​ខ្មែរ​កម្ពុជា​ក្រោម មាន​ឱកាស​ឡើង​ផ្តល់​កសិណ​នៅ​សាលាក្តី​ខ្មែរ​ក្រហម។

ជោគជ័យ​តូច​នេះ គឺជា​លទ្ធផល​ល្វីង​ផ្អែម​នៃ​ការ​តស៊ូ​ដ៏​លំបាក ដែល​គេ​នឹង​នាំយក​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ប្រឆាំង​នឹង​«ខ្មែរ ក្រោម»ឡើង​តុលាការ​ខ្មែរ​ក្រហម ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ។

លោក Vinita Ramani សហ​ស្ថាបនិក អង្គការ​លទ្ធភាព​ឆ្ពោះ​ទៅ​រក​យុត្តិធម៌ បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ថា៖«ការ​ចោទ​ប្រកាន់​លើក​ដំបូង​(ក្នុង​សំណុំ​រឿង​០០២) បាន​ចោទ​លើ​អតីត​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ ពី​បទ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ចាម​មូស្លីម​នៅ​កម្ពុជា និង​ជនជាតិ វៀតណាម ប៉ុន្តែ​មិន​បាន​រាប់​បញ្ចូល​ខ្មែរ​ក្រោម​ទេ»។


ទោះបី​អ្វី​ដែល​ក្រុម​មេធាវី​ខាង​រដ្ឋប្បវេណី ហៅថា ភស្តុតាង​រឹងមាំ ទាំង​មហា​កាប់​សម្លាប់ និង​ការ​ខ្ចាត់​ព្រាត់​ដោយ​បង្ខំ ដោយ​សារ​តែ​បច្ចេកទេស នៃ​ការ​ដាក់​បណ្តឹង​តាម​ផ្លូវ​ច្បាប់ ខ្មែរ​ក្រោម​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ជនរងគ្រោះ នៃ​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​ក្នុង​ការ​ចោទ​ប្រកាន់​រឿង​ព្រហ្មទណ្ឌ នៃ​រឿងក្តី​ប្រវត្តិសាស្ត្រ របស់​តុលាការ ប្រឆាំង​នឹង​មេ​ដឹក​នាំ ដែល​នៅ​មាន​ជីវិត​បី​រូប​របស់​របប​នេះ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១,៧​លាន​នាក់​នោះ​ទេ។

ខ្មែរ​កម្ពុជា​ក្រោម ដែល​ស្ថិត​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ត្រូវ​បាន​បារាំង កាត់​ប្រគល់​ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤។ ដោយ​សារ​តែ​ការ​ពាក់​ព័ន្ធ​នឹង​វៀតណាម ពួក​គេ​ត្រូវ​បាន​គេ​កំណត់​ជា​គោល​ដៅ​ថា ជា​គេញ ឬ​ភ្នាក់ងារ​ស៊ើបអង្កេត​ចារកម្ម​អាមេរិក (CIA) ក្នុងសម័យ​ប៉ុលពត ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០។

ស ២១ ជា​មន្ទីរ​ឃុំឃាំង​អសោច និង​ជា​កន្លែង​សួរ​ចម្លើយ របស់​របប​ម៉ៅ​ជ្រុល​និយម បាន​ជ្រើសរើស​ខ្មែរ​ក្រោម​ក្នុង«ការ​បង្គាប់​បញ្ជា» ចំនួន ១០ របស់​ខ្លួន។ ខ្មែរ​ក្រោម ត្រូវ​គេ​ប្រហារ​ជីវិត នៅ​ពេល​ចូល​មក​ដល់​ពន្ធនាគារ​នេះ។

លោក Ramani បាន​ថ្លែងថា ក្នុង​ចំណោម​គូ​ស្វាមី ដែល​បាន​រៀបការ​នឹង​គ្នា គូ​ស្វាមី​ខ្មែរ​ក្រោម ត្រូវ​បាន​គេ​យក​ទៅ​ប្រហារ​ជីវិត ក៏​ដូច​កូន​ដែល​នៅ​ជាមួយ​ឪពុក​ម្តាយ​របស់​ពួក​គេ​ផង​ដែរ។ នេះ​បើ​តាម​ភស្តុតាង ដែល​ក្រុម​អ្នក​ច្បាប់ ប្រមូល​បាន។

ខណៈ​ដែល​មាន​ភាគី​រដ្ឋ​ប្បវេណី​ខ្មែរ​ក្រោម​លើក​ដំបូង ផ្តល់​កសិណ​សាក្សី នៅ​មុខ​តុលាការ ជា​សមិទ្ធផល​សំខាន់​មួយ នៃ​ការ​ចូល​រួម​របស់​ក្រុម​ភាគតិច​ក្នុង​សំណុំ​រឿង​០០២។ ជាងនេះ​ទៅ​ទៀត​ត្រូវបាន​រឹត​បន្តឹង ដោយ​សេចក្តី​សម្រេច​របស់​សហ​ចៅក្រម​ដើម្បី​កាត់​ផ្តាច់​ការ​ជំនុំ​ជម្រះ​នេះ​ទៅជា​សំណុំ​រឿង​តូច។

មេធាវី​ភាគី​រដ្ឋប្បវេណី​លោក Mahdev Mohan ជាមួយ​នឹង​លោក​សាស្ត្រាចារ្យ គង់ ផល​លក្ខណ៍ តំណាង​ឲ្យ​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី នឹង​ឡើង​តុលាការ​នៅ​ថ្ងៃ​នេះ បាន​មាន​ប្រសាសន៍​ថា៖«ដោយ​សារ​តែ​ការ​ជំនុំ​ជម្រះ​ខ្នាត​តូច​នេះ មាន​កម្រិត វា​នឹង​មាន​ការ​លំបាក​បន្តិច​(ដើម្បី​ស្តាប់​ទំហំ​នៃ​ភាព​ឃោរឃៅ»។

បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​ខ្មែរ​ក្រោម តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល ៤ ឆ្នាំ​ចុង​ក្រោយ លោក Mohan បាន​បញ្ជាក់​ថា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​តាំង​ចិត្ត​ធ្វើ​ឲ្យ​គេ​ដឹង​ឮ​រឿង​របស់​ពួក​គេ​។ លោក បាន​អះអាង​បន្ថែម​ថា៖«ពួក​គេ ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ជា​ខ្លាំង។ ពួក​គេ ក៏​បាន​កសាង​វត្ត​របស់​ពួក​គេ​ផង​ដែរ ហើយ​កំពុង​តែ​ស្វែងរក​មធ្យោបាយ​លើ​ការ​សង​ជំងឺ​ចិត្ត​ជា​មូលធន​អាណត្តិ​ព្យាបាល និង​អាហា​រូបករណ៍ សម្រាប់​កូនៗ​របស់​ពួក​គេ»។

កាលពី​៨​ឆ្នាំ​មុន សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​រួបរួម​គ្នា កសាង​វត្ត​មួយ និង​បូជនីយដ្ឋាន ដើម្បី​រំឭក​ដល់​ជនរងគ្រោះ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ខេត្ត​តាកែវ។ សាលា​បឋមសិក្សា​មួយ ក៏​បាន​ជា​មូលហេតុ នៅ​ពី​ក្រោយ​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​នេះ​ផង​ដែរ ពោល​គឺ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​សាលា​នេះ គឺជា​អតីត​បន្ទប់​ឃុំឃាំង​របស់​ខ្មែរ​ក្រហម ដែល​បាន​ឃុំ​ខ្លួន​ពួក​ខ្មែរ​ក្រោម។

លោក Mohan បាន​ថ្លែងថា៖«មាន​អ្នក​ជាតិ​និយម​ជាច្រើន ដែល​ស្រឡាញ់​ខ្មែរ​ក្រោម។ មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ជាច្រើន ដែល​ជឿថា ទឹកដី​កម្ពុជា​ក្រោម​(នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន) គឺជា​ទឹក​ដី​មួយ​ចំណែក​របស់​កម្ពុជា មិន​មែន​ជា​របស់​វៀតណាម​ទេ។ តែ​ក៏​មាន​ការ​មាក់​ងាយ​ខ្មែរ​ក្រោម​ផង​ដែរ»។

ដូច​ដែល​បាន​រាយការណ៍​នៅ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នាពេល​ថ្មីៗ​នេះ ដែល​មាន​ចំណង​ជើង​ថា «ប្រាប់​ពួក​គេ ថា​ខ្ញុំ​ចង់​សម្លាប់​ពួក​គេ»​ឆ្លុះ​បញ្ចាំង​ពី​ការ​សម្លាប់​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅ​លើ​ព្រះសង្ឃ​ខ្មែរ​ក្រោម ដែល​តវ៉ា​ចំពោះ​ការ​កាត់​ក្តី​មិន​យុត្តិធម៌ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​វៀតណាម។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក Andrew Cayley ក៏បាន​បញ្ជូន​ភស្តុតាង​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ជា​ច្រើន ដែល​ពួក​ខ្មែរ​ក្រហម​បានធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​ដែរ ដែល​ទង្វើ​ទាំង​នោះ​ជា​ផ្នែក​នៃ​របាយការណ៍​សង្ខេប​សម្រាប់​សំណុំ​រឿង​០០៣ និង សំនុំ​រឿង​០០៤ ដែល​ប្រឆាំង​ដោយ​រដ្ឋាភិបាល។

លោក Cayley បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ថា៖«ខ្ញុំ​ចំណាយ​ពេលវេលា​ជាមួយ​ពួក​ខ្មែរ​ក្រោម។ ខ្ញុំ​ស្តាប់​រឿង​រ៉ាវ ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​គេ ហើយ​ពួក​គេ​គឺជា​មនុស្ស​ដែល​គេ​មិន​រាប់​បញ្ចូល​ក្នុង​សង្គម​ជាពិសេស បាន​រង​នូវ​ការ​ធ្វើ​បាប​យ៉ាង​ព្រៃផ្សៃ ដោយ​សារ​កេរដំណែល​តែ​មួយ​គត់​របស់​ពួក​គេ»។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖«ខ្ញុំ​បាន​សន្យា​នៅ​ចំពោះ​ពួក​ខ្មែរ​កម្ពុជា​ក្រោម​ថា ខ្ញុំ​នឹង​មិន​ភ្លេច​ពួក​គេ​ទេ ហើយ​ពួក​គេ​នឹង​ក្លាយជា​ផ្នែក​មួយ​នៅ​ក្នុង​ដំណើរការ​ផ្លូវ​ច្បាប់​របស់​តុលាការ​នេះ។ ការ​ផ្តល់​ចម្លើយ​របស់​សាក្សី នៅ​ថ្ងៃ​នេះ​គឺជា​ការ​អនុវត្ត​តាម​ការ​សន្យា​មួយ​ផ្នែក​ដែល​ខ្ញុំ​បាន​សន្យា​ជាមួយ​ពួក​ខ្មែរ​ក្រោម»៕NR/BP

No comments:

Post a Comment

I like Blogger