សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 20, 2012

សហគមន៍​បឹងកក់​តវ៉ា​ឲ្យ​ដោះលែង​សកម្មជន

Tuesday, 20 November 2012 ឃុត សុ​ភ​ច​រិយា, From The Phnom Penh Post





















ប្រ​ជា​សហគមន៍បឹងកក់​​​​ព្យាយាម​​​ត​វ៉ា​នៅ​មុខ​វិ​មាន​សន្តិ​ភាពកាល​ពី​ម្សិលមិញ​ ខណៈ​អាជ្ញាធរ​រារាំង​។ រូបថត​ វី​រៈ ម៉ៃ 
ភ្នំពេញៈ ក្រុម​សកម្មជន​ដីធ្លី ក្នុង​សហគមន៍​បឹងកក់  ដែល​មាន​ការ​គាំទ្រ​ពី​សហគមន៍​បុរី​កីឡា និង​ថ្ម​គោល បាន​បន្ត​ការ​តវ៉ា​នៅ​នឹង​កន្លែង​ដើម្បី​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​ពួក​គេ​និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី ព្រម​ទាំង​បោះ​កំណត់​ព្រំ​ដី​១២,៤៤​ហិកតា ឲ្យ​បាន​ច្បាស់​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ក្នុង​តំបន់​នេះ។

ការ​តវ៉ា​ក្នុង​រូបភាព​បង្ហោះ​សារ​ប៉ឺតប៉ោង​ចំនួន​មួយ​រយ​ដែល​សរសេរ​ថា«SOS, Justice, Freedom»​មាន​ន័យ​ថា«សូម​សង្គ្រោះ​យើង​ខ្ញុំ យុត្តិធម៌ សេរីភាព» អមដោយ​បដា​រូបលោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា និង​លោក​ស្រី ហ៊ីឡារី គ្លីនតុន​បាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​លើ​វាល​ខ្សាច់​នៃ​អតីត​បឹងកក់​ជាទី​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​កណ្ដាល​រាជធានី​ដែល​នៅ​មិន​ទាន់​ដោះស្រាយ​ចប់់​នៅ​ឡើយ។


នៅ​មុន​ការ​ជួប​ជុំគ្នា​នៅ​លើ​ដី​វាល​នៃ​អតីត​ផ្ទៃ​បឹងកក់ ក្រុម​អ្នក​តវ៉ា​ប្រហែល​១០០​នាក់ បាន​ព្យាយាម​ដើរ​ក្បួន​ក្នុង​គោល​បំណង​ចេញ​ទៅ​ប្រមូល​ផ្ដុំ​នៅ​មុខ​វិមាន​សន្តិភាព​ជាទី​ដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន កំពុង​ប្រជុំ​ពិភាក្សា​លើ​របៀប​វារៈ​សំខាន់ៗ​ក្នុង​តំបន់​និង​ជា​អន្តរជាតិ។ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​កម្លាំង​សមត្ថកិច្ច​រាប់សិប​នាក់ ប្រដាប់​ដោយ​ខែល​និង​ដំបង។ប៉ុន្តែ មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង​ទេ។

ក្រោយ​ពី​មាន​ការ​ប្រកាស​អំពី​ការ​ព្រមាន​ប្រើ​វិធានការ​រដ្ឋបាល​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាច្រើន​ដង ក្រុម​អ្នក​តវ៉ា​បាន​ដក​ថយ​ត្រឡប់​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​វាល​ខ្សាច់​នោះ​វិញ។

អ្នក​ស្រី ទេព វន្នី តំណាង​ស្ត្រី​ក្នុង​សហគមន៍​បឹងកក់ និយាយ​ថា អាជ្ញាធរ​តែងតែ​បារម្ភ​ពី​ការ​បាត់បង់​កិតិ្តយស​និង​មុខមាត់​រដ្ឋាភិបាល នៅ​ពេល​ប្រជាពលរដ្ឋ​តវ៉ា​ពី​ការ​រំលោភ​បំពាន​នានា​នៅ​តាម​ដង​ផ្លូវ​សាធារណៈ និង​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​មាន​ដំណោះស្រាយ​ឲ្យ​យុត្តិធម៌ និង​តម្លាភាព ហើយ​តែង​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា ក្រោម​លេស​ថា ជាការ​នាំ​ឲ្យ​ខូច​របៀប​រៀបរយ សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម។

អ្នក​ស្រី​មាន​ក្ដី​មន្ទិល​អំពី​ភាព​អសកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​ក្នុង​តំបន់​បឹងកក់​ថា ទំនង​ជា​មាន​បុគ្គល​មាន​អំណាច និង​ឥទ្ធិពល​ណា​មួយ មាន​គំនិត​ចង់​កេង​យក​ចំណែក​ដី​១២,៤៤​ហិកតា ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន ផ្ដល់​ជូន​ពលរដ្ឋ​សហគមន៍​បឹងកក់​ដែល​នៅ​សេសសល់ និង​ជា​អ្នក​តវ៉ា​ទាមទារ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

អ្នកស្រី​បន្ត​ថា៖ «ទោះជា​បែប​ណា​យើង​សង្ឃឹមថា សារ​របស់​យើង​នៅ​ថ្ងៃ​ចន្ទ​នេះ នឹង​បាន​ជ្រាប​ជា​ដំណឹង​ដល់​គ្រប់​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន និង​មហាអំណាច​ទាំងអស់​នឹង​ជួយ​ជំរុញ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដាក់​សម្ពាធ​មក​លើ​អាជ្ញាធរ​ថ្នាក់​ក្រោម ដោះស្រាយ​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​យើង​ខ្ញុំ និង​សហគមន៍​នានា​ក្នុង​ប្រទេស»។

ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់ បុរី​កីឡា និង​សហគមន៍​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា កើត​ឡើង​ដោយ​សារ​តែ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ មិន​បាន​សហការ​គ្នា​ឲ្យ​បាន​ល្អ ក្នុង​ការ​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ និង​ឆន្ទៈ​របស់​រដ្ឋាភិបាល៕



No comments:

Post a Comment

I like Blogger