សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!

Tuesday, November 20, 2012

អាជ្ញាធរ​ប្រើ​កម្លាំង​ហ៊ុមព័ទ្ធ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ

Monday, 19 November 2012 ឃុត សុ​ភ​ច​រិយា, Phnom Penh Post





















កម្លាំង​នគរ​បាល​​រាជ​ធានី បាន​​ហ៊ុមព័ទ្ធ​​ការ​​តវ៉ា​​របស់​ក្រុមអ្នក​ភូមិ នៅ​តំបន់​បឹង​កក់ កាល​ពី​ម្សិល​មិញ​​​។ រូបថត វីរៈ ម៉ៃ

ភ្នំពេញៈ កង​កម្លាំង​នគរបាល ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់​រាប់​សិប​នាក់ បាន​ដាក់​បារ៉ាស់ និង​ឈរ​បិទ​ផ្លូវ​ជាច្រើន​ជាន់ នៅ​ជុំវិញ​តំបន់​បឹងកក់ កាល​ពី​ម្សិលមិញ ជាទី​ដែល​ប្រជា​សហគមន៍​រងគ្រោះ ដោយ​សារ​តែ​បញ្ហា​ជម្លោះ​ដីធ្លី ប្រមាណ ២០០ នាក់​ កំពុង​ធ្វើ​ការ​តវ៉ា ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន កំពុង​ជួប​ប្រជុំ​នៅ​វិមាន​សន្តិភាព ដើម្បី​អនុម័ត​លើ​សេចក្ដី​ប្រកាស​ស្តីពី​សិទ្ធិ​មនុស្ស​អាស៊ាន។

ក្រុម អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ឃ្លាំ​មើល​ពី​សកម្មភាព​ទាំង​នេះ បាន​រិះគន់​ថា អាជ្ញាធរ​កំពុង​ព្យាយាម​បិទ​បាំង​ការ​ពិត​ដល់​សហគមន៍​អន្តរជាតិ​ពី​ការ​ រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

លោក មឿន តុលា មន្ត្រី​ជាន់​ខ្ពស់​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​និយាយ​ថា៖« ​ការ​ដាក់​កម្លាំង​រាប់​សិប​នាក់​មក​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ចេញ​ទៅ​តវ៉ា​ នៅ​ខាង​ក្រៅ​គឺ​បង្ហាញ​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ»។


លោក​អំ សំអាត មន្ត្រី​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​និយាយ​ថា អាជ្ញាធរ​ គួរ​តែ​បើក​ឱកាស​ឲ្យ​អ្នក​ភូមិ ចេញ​ទៅ​ធ្វើ​ការ​បញ្ចេញ​មតិ​ នៅ​តាម​ទីសាធារណៈ ឬ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​បង្ហាញ​ថា កម្ពុជា​ បើក​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​និយាយ​ស្ដី​ឬ​រិះគន់​ពី​ភាព​អសកម្ម​ របស់​រដ្ឋាភិបាល​។ លោក​ថ្លែង​ថា​៖«​ករណី​បឹងកក់​ក៏​ដូចជា​ករណី​ដីធ្លី​នៅ​តំបន់​ផ្សេងៗ​ក្នុង ​ប្រទេស​កម្ពុជា​ កើត​ឡើង​និង​អូស​បន្លាយ​មិន​មាន​ការ​ដោះស្រាយ​ជា​យូរ​មក​ហើយ ដោយ​សារ​តែ​អាជ្ញាធរ​ខ្វះ​ឆន្ទៈ និង​តម្លាភាព​ក្នុង​ការ​ដោះស្រាយ»។

ប្រជា ពលរដ្ឋ​ប្រមាណ​២០០ នាក់​នេះ​មក​ពី​សហគមន៍​ថ្ម​គោល សហគមន៍​ផ្លូវ​៣៤៧ បុរីកីឡា និង​សហគមន៍​បឹងកក់។ ​អ្នក​ភូមិ​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​លើ​វាល​ខ្សាច់​នៃ​អតីត​បឹងកក់ បាន​ធ្វើ​ការ​បង្ហោះ​សារ​អំពាវនាវ សុំ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​លោក​ស្រី ហ៊ីឡារី គ្លីនតុន រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក និង​បណ្តា​មេ​ដឹក​នាំ​នៃ​ប្រទេស​អាស៊ាន​ជួយ​អន្តរាគមន៍ និង​ជំរុញ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ឲ្យ​គិត​គូរ​សាជាថ្មី​អំពី​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ និង​ពលរដ្ឋ​ជាច្រើន​នៅ​ទូទាំង​ប្រទេស ដែល​កំពុង​ទទួល​រង​គ្រោះ​។

ក្រុម សកម្មជន​ដីធ្លី​ទាំង​នេះ​ បាន​នាំ​គ្នា​លើក​ផ្ទាំង​កៅស៊ូ​តង់​ធំៗ​ចំនួន​ពីរ​ដែល​មាន​សរសេរ​ពាក្យ​ «SOS» មាន​ន័យ​ថា ជួយ​សង្គ្រោះ​ពួក​យើង​ខ្ញុំ​ផង​ និង​រូបភាព លោក​បារ៉ាក់ អូបាម៉ា និង​លោក​ស្រី ហ៊ីឡារី គ្លីនតុន និង​ផ្ទាំង​រូបភាព​តូចៗ​ជា​ច្រើន​ទៀត បាន​សរសេរ​ថា«ចូរ​រួម​ធ្វើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​អាស៊ាន» ហើយ​បាន​នាំគ្នា​ស្រែក​បែរ​មុខ​ទៅ​រក​អគារ​វិមាន​សន្តិភាព ជាទី​ដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​អនុម័ត​លើ​សេចក្ដី​ប្រកាស​ស្តីពី​សិទ្ធិ​មនុស្ស ​អាស៊ាន។

អ្នក​ស្រី ទេព វន្នី តំណាង​ស្ត្រី​ក្នុង​សហគមន៍​បឹងកក់ បាន​ថ្លែង​ថា ដោយ​សារ​តែ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​មូល​ដ្ឋាន មាន​ភាព​អសកម្ម​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ក្នុង​តំបន់​បឹងកក់ ក៏​ដូច​ជា​សហគមន៍​នានា​នៅ​ទូទាំង​ប្រទេស ទើប​ពួក​គាត់ រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​អំពាវ​នាវ​ដល់​ប្រមុខ​មេដឹកនាំ​ទាំង​អស់​ដែល​មក​ចូល​រួម​ក្នុង​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​ដែល​មាន​ទាំង​លោក​ អូបាម៉ា ផង​ដែរ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​យុត្តិធម៌​សង្គម​នៅ​កម្ពុជា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​របស់​ពួក​គាត់​ឲ្យ​បាន​ឆាប់។ អ្នក​ស្រី​ថ្លែង​ថា៖«​យើង​ខ្ញុំ​មិន​អាច​ទ្រាំ​ចាំ ដំណោះ​ស្រាយ​របស់​រដ្ឋាភិបាល​កម្ពុជា​តទៅ​ទៀត​បាន​ទេ ព្រោះ​យើង​ខ្ញុំ​រស់​នៅ​វេទនា​ណាស់ យើង​ខ្ញុំ​ចង់​ឲ្យ​មាន​អ្នក​ចូល​មក​អន្ត​រាគមន៍​ជួយ​ដល់​យើង​ខ្ញុំ»។

ចំណែក អ្នក​ស្រី ឯក ម៉ាលីណា តំណាង​ប្រជា​ពលរដ្ឋ​មកពី​សហគមន៍​ផ្លូវ ៣៤៧ សង្កាត់​បឹងកក់ ១​ ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ បាន​ដាក់​ការ​គំរាម​ប្រើ​វិធានការ​រដ្ឋបាល​សាជាថ្មី ដើម្បី​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​យក​សំណង​ជា​លុយ​បីលាន​រៀល និង​ដី​មួយ​ឡូត៍​ទំហំ ៤ ម៉ែត្រ​ គុណ ១២ ម៉ែត្រ​ នៅ​តំបន់​ជ្រៃ​លាស់​ខេត្ត​កណ្ដាល ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​តំបន់​ដែល​កំពុង​រស់​នៅ។ អ្នក​ស្រី​ថ្លែង​ថា៖​«បច្ចុប្បន្ន​ពួក​យើង​ខ្ញុំ​ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​»។

ជា​មួយ​ គ្នា​នោះ​អ្នក​ស្រី ជុំ ង៉ាន់ តំណាង​ប្រជា​ពលរដ្ឋ​មកពី​សហគមន៍​បុរីកីឡា បាន​និយាយ​ថា អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​គាត់​ថា​ដើរ​តវ៉ា​បង្កភាព​អនាធិបតេយ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ និង​បាន​ចាប់​តំណាង​ពួក​គាត់​ ដាក់​គុក​ថែម​ទៀត​។

អ្នក ​ស្រី​បន្ត​ថា​៖«ខ្ញុំ​មិន​ចេះ​ច្បាប់​នោះ​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ច្បាប់​និង​អាជ្ញាធរ​រដ្ឋាភិបាល​ សួរ​នឹង​ឆ្លើយ​ដោយ​ខ្លួន​ឯង​ថា តើ​ការ​មិន​អនុវត្ត​តាម​កិច្ច​សន្យា​ របស់​ក្រុម​ហ៊ុន​ផាន អ៊ីម៉ិច និង​ការ​ប្រើ​គ្រឿង​ចក្រ​មក​ឈូស​បំផ្លាញ​ទី​ជម្រក​និង​ទ្រព្យ​សម្បត្តិ​ របស់​យើង​ខ្ញុំ ជា​ការ​រំលោភ​ច្បាប់​ឬ​អត់​?»។

ចំណែក អ្នក​ស្រី ឆាយ នីម​ តំណាង​សហគមន៍​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ជាង​១០ ​ម៉ោង​ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ដោយ​សារ​តែ​​បាញ់​ថ្នាំ​សរសេរ​ពាក្យ​«SOS» និង​បិទ​រូប​ថត​លោក​អូបាម៉ា លើ​ដំបូល​ផ្ទះ​របស់​ខ្លួន​នោះ បាន​និយាយ​ថា សហគមន៍​របស់​ពួក​គាត់​ ក៏​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ផង​ដែរ។​ អ្នកស្រី​បាន​ថ្លែង​ថា៖«យើង​មាន​ក្ដី​ព្រួយ​កង្វល់​ខ្លាំង​ណាស់ ព្រោះ​កន្លង​មក​អាជ្ញាធរ ធ្លាប់​បាន​ប្រកាស​ហើយ​ថា ​នឹង​រុះរើ​លំនៅដ្ឋាន​ពួក​យើង​ ក្រោយ​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដូច្នេះ​ហើយ​ទើប​ពួក​យើង​ត្រូវ​ការ​ឲ្យ​មាន​អ្នក​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​ បញ្ហា​របស់​ពួក​យើង​»។

លោក​ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​ថា លោក​នៅ​មិន​ទាន់​បាន​ដឹង​ពី​ការ​តវ៉ា​របស់​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​នៅ​ឡើយ ទេ។ ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន លោក​ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន ដោយ​បាន​ព្រមាន​ដល់​ក្រុម​អ្នក​តវ៉ា​ថា​ អាជ្ញាធរ​រាជធានី​នឹង​ចាត់​វិធាន​ការ​រដ្ឋបាល ប្រឆាំង​នឹង​អ្នក​ភូមិ​ប្រសិន​បើ​ពួក​គេ​រៀបចំ​ការ​តវ៉ា​ណា​មួយ​ដែល​នាំ​ឲ្យ ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ និង​សន្ដិសុខ​សង្គម៕

No comments:

Post a Comment

I like Blogger