Monday, September 3, 2012
UN ចេញរបាយការណ៍ទាក់ទងបញ្ហាសិទិ្ធមនុស្សនៅប្រទេសកម្ពុជា
Tuesday, 28 August 2012Bridget Di Certo និងឆាយ ច័ន្ទនីដា From The Phnom Penh Post
ភ្នំពេញៈ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការ សិទ្ធិមនុស្ស កាលពីម្សិលមិញបានចេញរបាយការណ៍ឆ្នាំ២០១២ របស់លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក សុរិយា ស៊ូប៊ែរឌី បានថ្លែងថា កម្ពុជាទទួលបានអនុសាសន៍ជាច្រើន ទាំងទ្វេភាគី និងពហុភាគី ដោយអង្គការផ្សេងៗ ប៉ុន្តែវា«គួរឲ្យសោកស្តាយ»ដែលអនុសាសន៍ភាគច្រើនបំផុតដែលកម្ពុជា ទទួលបានដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នៅតែមិនមានការអនុវត្ត។
លោក ស៊ូប៊ែរឌី បានសរសេរនៅក្នុងរបាយការណ៍របស់លោកថា៖ «មានចំណុចគុណវិបត្តិចម្បងៗនៅក្នុងការគ្រប់គ្រងការបោះ ឆ្នោតក្នុងប្រទេសកម្ពុជា ហើយកំណែទម្រង់បន្ទាន់ និងរយៈពេលយូរនៅត្រូវការដើម្បីផ្តល់ឲ្យកម្ពុជានូវទំនុកចិត្ត នៅក្នុងដំណើរការបោះឆ្នោត និងនៅក្នុងការធ្វើការងាររបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត»។
លោក ស៊ូប៊ែរឌី បានសរសេរនៅក្នុងរបាយការណ៍ថា ប្រជាជនកម្ពុជាមានភាពស៊ាំទៅនឹងការនិយាយថាការបោះឆ្នោតប្រជាធិបតេយ្យ ហើយបញ្ហាប្រឈមចម្បងគឺជាការបន្ទុចបង្អាក់ការនាំលទ្ធិ ប្រជាធិបតេយ្យសម្រាប់ជនកម្ពុជាវ័យក្មេង។
លោកស្វាគមន៍នឹងការសម្រេចចិត្តពន្យារពេលការអនុម័តច្បាប់ស្តី ពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីឲ្យមានការពិគ្រោះយោបល់បន្ថែមទៀតជាមួយភាគីពាក់ព័ន្ធ ទាំងអស់។
លោកបានបន្តថា រាជរដ្ឋាភិបាលបានចង្អុលបង្ហាញថា អនុសាសន៍កាលពីមុនៗកំពុងត្រូវបានពិចារណា ប៉ុន្តែមិនទាន់មានការឆ្លើយតបជាក់លាក់ជាងនោះទេ ហើយក៏មិនមានការបង្ហាញពីក្របខ័ណ្ឌពេលវេលា ឬផែនការសកម្មភាពក្នុងបញ្ហានេះដែរ។ ជាឧទាហរណ៍ លោកបានរាយឈ្មោះបញ្ហាដែលមិនទទួលបានការឆ្លើយតបបន្ទាន់ បន្ទាប់ពីការដាក់ទៅរដ្ឋាភិបាល ហើយដែលបញ្ហាទាំងនោះរួមមាន សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិលំដៅដ្ឋាន។
លោក ស៊ូប៊ែរឌី ក៏បានរៀបចំឧបសម្ព័ន្ធបន្ថែមសម្រាប់របាយការណ៍របស់លោកផងដែរ ដែលនឹងចេញនៅខែក្រោយ ហើយនឹងផ្តោតលើបញ្ហានៃផលប៉ះពាល់ដោយសារសម្បទានដីសេដ្ឋ កិច្ច។ លោកបន្តថា «ការខាតបង់របស់ប្រជាជនពីសម្បទានបែបនោះគឺមានកម្រិតខ្ពស់ » ហើយឧបសម្ព័ន្ធនោះនឹងផ្តល់នូវការវិភាគ និងអនុសាសន៍ផងដែរ ដើម្បី«ឆ្លើយតបទៅនឹងផលប៉ះ-ពាល់ទៅលើជីវិតប្រជាជន បណ្តាលមកពីបញ្ហាសម្បទានដីសេដ្ឋកិច្ចទាំងនោះ ជាពិសេសប្រជាជនក្រីក្រតាមជនបទ ប្រជាជនជាជនជាតិភាគតិច និងជនទាំងឡាយដែលមានភាពទន់ខ្សោយ»។
អ្នករាយការណ៍ពិសេសរូបនេះបានសរសេរទៀតថា ៖ «ការគ្មានការពិគ្រោះយោបល់ និងគ្មានការចរចាសមស្របជាមួយប្រជាជនដែលរងការប៉ះពាល់នៅ ពេលផ្តល់សម្បទានដីសេដ្ឋកិច្ចគឺជាក្តីបារម្ភចម្បងមួយ»។
លោក ស៊ូប៊ែរឌី បានសរសេរថា៖ «តាមទស្សនៈអ្នករាយការណ៍ពិសេស ការផ្តល់ដីសម្បទានគួរធ្វើឡើងនិងគ្រប់គ្រងក្នុងក្របខ័ណ្ឌ ច្បាប់ត្រឹមត្រូវ និងគោលនយោបាយច្បាស់លាស់ ដែលរួមបញ្ចូលនូវការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិប្រជាជននៅក្នុងតំបន់នោះ សិទ្ធិប្រជាជនក្រីក្រ និងសិទ្ធិរបស់ប្រជាជនដែលទន់ខ្សោយ»។
លោក ស៊ូប៊ែរឌី រៀបរាប់លម្អិតផងដែរអំពីស្ថានភាពនៃការបណ្តេញប្រជាជននៅតំបន់បឹងកក់ និងតំបន់បុរីកីឡាពីលំនៅដ្ឋានដោយកត់សម្គាល់ថា៖«ជម្លោះដីធ្លី និងការបណ្តេញពីលំនៅដ្ឋាននៅតែបន្តជាបញ្ហាអាក្រក់នៅកម្ពុជា»។
បញ្ហាអ្នកនៅតំបន់បឹងកក់លោកបានលើកឡើងថា ៖ «បញ្ហានេះបង្ហាញពីស្ថានភាពអាក្រក់មួយដែលសហគមន៍ទាំងឡាយក្នុងប្រទេសកម្ពុជា យល់ឃើញនៅក្នុងការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ និងការធានាមិនឲ្យមានភាពចលាចលស៊ីវិល»។
ពាក់ព័ន្ធនឹងការបណ្តេញចេញនៅប្លុកបុរីកីឡាវិញ លោក ស៊ូប៊ែរឌី ដែលបានចុះទៅមើលផ្ទាល់ កាលពីខែឧសភា លោកបានរៀបរាប់អំពី«កន្លែងថ្មីមិនអាចរស់នៅបានដែលបាន ផ្តល់ឲ្យប្រជា-ជន»និង«ការបង្កឲ្យមានភាពក្រីក្រកាន់តែ ខ្លាំងនិងការគំរាមកំហែងដល់ GDP របស់ប្រជាជននៅសហគមន៍នោះ»។
លោក ស៊ូប៊ែរឌី បានរាយការណ៍ថា៖ «អ្វីដែលសំខាន់បំផុត គឺថា អ្នករាយ-ការណ៍ពិសេស មានក្តីបារម្ភថា ភាពអសមត្ថភាពរបស់មន្រ្តី ក្នុងការដោះស្រាយជម្លោះទាំងនោះដោយសន្តិវិធី និងការប្រើហិង្សារបស់អាជ្ញាធរមកលើប្រជាជន»។ លោកបន្តថា ការបន្តដាក់កម្រិតលើសេរីភាពនៃការបញ្ចេញមតិ បានធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិក្នុងប្រទេស កម្ពុជា។
ជាពិសេស លោកបញ្ជាក់អំពីហានិភ័យ និងបញ្ហាប្រឈមរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស ដែលកំពុងតែមាននិន្នាការកើនឡើង ក្នុងនោះ ក៏មានការប្រើកាំភ្លើងបាញ់លើប្រជាជនផងដែរ។
លោកបានបន្តថា៖ «អ្នករាយការណ៍ពិសេស មានការរន្ធត់ចំពោះឧក្រិដ្ឋកម្មទាំងនោះ ដែលគ្មានជនណាម្នាក់ត្រូវបានយកទៅកាត់ទោស»។
របាយការណ៍របស់លោកក៏បានផ្តោតផងដែរទៅលើសិទ្ធិនយោបាយ ហើយបានកត់សម្គាល់ថា ការបំភិតបំភ័យ និងការយាយី គឺនៅតែកើតមានជុំវិញការបោះឆ្នោត»។ លោក ស៊ូប៊ែរឌី បានលើកឡើងថា លោក ៖ «មានក្តីបារម្ភចំពោះព័ត៌មានដែលទទួលបាន ពាក់ព័ន្ធនឹងចំនួនអ្នកទៅបោះឆ្នោតតិចជាងមុន ដែលជានិន្នាការធ្លាក់ចុះនៃការចូលរួមរបស់អ្នកបោះឆ្នោត និងអារម្មណ៍បាក់ទឹកចិត្ត និងជិនណាយនៃអ្នកបោះឆ្នោត ក្រោមប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន»។
លោកបានផ្តល់អនុសាសន៍ឲ្យមានការបង្កើតសាលាក្តីពិសេសមួយដោយ ឡែក សម្រាប់ការដោះស្រាយបញ្ហាបោះឆ្នោតនិងគណៈកម្មាធិការតាមដានឯក រាជ្យមួយស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ធនធានរដ្ឋ និងស្ថានីយទូរ-ទស្សន៍ និងវិទ្យុរបស់រដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រពីកិច្ចប្រជុំគណៈ រដ្ឋមន្រ្តី រាជរដ្ឋាភិបាលថ្លែងថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាលបានផ្តោតទៅលើការ«ជំរុញសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់ប្រជា-ជន»។ រដ្ឋាភិបាលបានអនុវត្តកិច្ចព្រមព្រៀង និងអនុសញ្ញាអន្តរជាតិ ស្របទៅតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា របាយការណ៍ចំនួន៧ត្រូវបានបញ្ជូនទៅអង្គការសហប្រជាជាតិរួមមានដូច ជារបាយការណ៍ស្តីពីការប្រឆាំងនឹងការធ្វើទារុណកម្ម របាយការណ៍ស្តីពីការលុបបំបាត់ការរើសអើងស្រ្តីគ្រប់ទម្រង់ របាយការណ៍ស្តីពីសិទ្ធិកុមារ និងរបាយការណ៍ស្តីពីសិទ្ធិនៃវប្បធម៌ សង្គម និងសេដ្ឋកិច្ច និងរបាយការណ៍ស្តីពីការលុបបំបាត់ការរើសអើងពូជសាសន៍ និងរបាយការណ៍ UPR។
របាយការណ៍ទាំងនេះ រួមជាមួយនឹងរបាយការណ៍របស់លោក ស៊ូប៊ែរឌី នឹងត្រូវដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុង ហ្សឺណែវ ដើម្បីពិនិត្យ។
របាយការណ៍របស់រដ្ឋាភិបាលនេះគឺជារបាយការណ៍ទីពីរ ដែលបង្កើតឡើងដោយគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំរបស់លោក ឱម យ៊ិនទៀង ហើយដែលរាជរដ្ឋាភិបាលបានពិភាក្សា និងអនុម័ត កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានឲ្យដឹងថា ៖ «បើទោះបីជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក ការការពារអធិបតេយ្យភាពរបស់កម្ពុជាប្រឆាំងនឹងការឈ្លានពានពីបរទេស គ្រោះធម្មជាតិ ..រដ្ឋាភិបាលកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ច បានក្នុងកម្រិត ៧,១ ភាគរយផងដែរ កាលពីឆ្នាំ២០១១»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បន្តទៀតថា ៖ «រដ្ឋាភិបាលបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនលើ ក្បាលដីប្រមាណ ២,៧លានប្លង់ នៅត្រឹមខែឧសភាកន្លងទៅ»។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ជាពិសេស យុទ្ធនាការកំណែទម្រង់ដីធ្លីខ្លាំងបំផុតមួយ ដែលហៅជាប្រវត្តិ-សាស្រ្តថា ...សកម្មភាពថ្មីលើគោលនយោបាយចាស់... ចាប់តាំងពីខែ ឧសភា ឆ្នាំ២០១២ ហើយប្រជាជននៅតាមជនបទយ៉ាងហោចណាស់ចំនួន ៣៥០.០០០ គ្រួសារ នឹងទទួលបានភាពជាកម្មសិទ្ធិនៅលើដីទំហំប្រមាណ ១,២ លានហិកតា ដែលបានដកយកពីប្រភេទសម្បទានដីព្រៃ សម្បទានដីសេដ្ឋកិច្ច និងដីឯកជនរបស់រដ្ឋ»។
លោក ឱម យ៊ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេអំពីរបាយការណ៍របស់ រដ្ឋាភិបាលដែលដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ និងអត្ថាធិប្បាយពាក់-ព័ន្ធនឹងរបាយការណ៍លោក ស៊ូប៊ែរឌីទេកាលពីម្សិលមិញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
I like Blogger