ភ្នំពេញៈ តំណាង១០នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវបង្គាប់ឲ្យជួបប្រជុំគ្នានៅសាលាខណ្ឌ ពោធិ៍សែនជ័យពីម្សិលមិញ ដើម្បីប្រកាសលិខិតផ្លូវការរបស់សាលារាជធានី អំពីការឲ្យរុះរើផ្ទះ៥ម៉ែត្រ ពីរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
មាស ស្រីពៅ អាយុ៤៣ ក្នុងចំណោមនោះប្រាប់ថា លិខិតផ្លូវការរបស់អាជ្ញាធរខណ្ឌទទួលបានពីសាលារាជធានី បានប្ដូរការរុះរើពី១០ម៉ែត្រ ពីរបងព្រលានយន្តហោះមកត្រឹម៥ម៉ែត្រដោយគ្មានសងជំងឺចិត្តដដែល។
មាស ស្រីពៅ អាយុ៤៣ ក្នុងចំណោមនោះប្រាប់ថា លិខិតផ្លូវការរបស់អាជ្ញាធរខណ្ឌទទួលបានពីសាលារាជធានី បានប្ដូរការរុះរើពី១០ម៉ែត្រ ពីរបងព្រលានយន្តហោះមកត្រឹម៥ម៉ែត្រដោយគ្មានសងជំងឺចិត្តដដែល។
អ្នកស្រីបន្តថា អាជ្ញាធរខណ្ឌបានអានលិខិតរបស់សាលាក្រុងភ្នំពេញដោយគ្មានការសង ជំងឺចិត្តដដែល ហើយអ្នកភូមិនៅតែមិនទាន់យល់ព្រមនៅឡើយ។
អ្នកស្រី ថា៖ «អ្នកស្រុកនៅតែមិនយល់អំពីការផ្លាស់ប្ដូរពី១០ម៉ែត្រ មកនៅត្រឹម៥ម៉ែត្រនេះ។ ពួកយើងនៅមានការប៉ះពាល់នៅឡើយ ព្រោះផ្ទះអ្នកខ្លះធំជាង៥ម៉ែត្រ។ អ្វីដែលសំខាន់ គឺការមិនព្រមផ្ដល់សំណងឲ្យដដែល។ យើងពិបាកណាស់ ព្រោះយើងទិញផ្ទះទាំងនោះដោយបញ្ចាំប្លង់នៅធនាគារ។ យើងមិនមែនរស់នៅបែបអនាធិបតេយ្យទេ»។
អ្នកស្រីអះអាងថា អាជ្ញាធរបញ្ជាក់ថា បើពួកគាត់នៅតែមិនពេញចិត្ត គឺអាចដាក់ពាក្យប្ដឹងសាលាក្រុងភ្នំពេញជាថ្មីបាន។
អ្នកស្រីថា៖ «អាជ្ញាធរមិនទាន់កំណត់ថ្ងៃចុងក្រោយ ដើម្បីឲ្យរុះរើនោះទេ ព្រោះបើយើងមិនព្រមទេ យើងអាចដាក់ពាក្យប្ដឹងម្ដងទៀតបាន ដូច្នេះយើងសម្រេចដាក់ពាក្យប្ដឹងទៅសាលាក្រុងនៅថ្ងៃស្អែក»។
លោក វ៉ា សារ៉ង ចៅសង្កាត់រងចោមចៅធ្លាប់ប្រាប់ថា បំណងចុះទៅវាស់វែងត្រូវទទួលទិន្នន័យឲ្យបានច្បាស់ មុនពេលកាត់បន្ថយការរុះរើពី១០ម៉ែត្រទៅ៥ម៉ែត្រ។
អ្នករស់នៅ ក្នុងភូមិបីក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនៅប៉ះចំគម្រោងពង្រីកព្រលានយន្តហោះ។ ក្នុងនោះ ៦៦គ្រួសារគឺមកពីភូមិព្រៃជីសាក់ ៩៩គ្រួសារមកពីភូមិថ្មគោល និង៤គ្រួសារមកពីភូមិគោកចំបក់។
តាមសេចក្ដីជូនដំណឹងចុះថ្ងៃ ទី២៥កក្កដា របស់ខណ្ឌពោធិ៍សែនជ័យ រាល់សំណង់អគារដែលនៅជាប់នឹងរបងព្រលានយន្តហោះត្រូវតែរុះរើឲ្យ នៅឆ្ងាយ១០ម៉ែត្រដោយសម្អាងថា បានសង់ផ្ទះរស់នៅអនាធិបតេយ្យ៕ PN
No comments:
Post a Comment
I like Blogger