Thursday, 20 September 2012 ឃុត សុភចរិយា, From The Phnom Penh Post
អ្នកភូមិបឹងកក់-បុរីកីឡា នៅមុខការិយាល័យសហគមន៍អឺរ៉ុបកាលពីម្សិលមិញ។ រូប គីមឡុង
ភ្នំពេញៈ ពលរដ្ឋក្នុងសហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណជាង ១០០ នាក់ កាលពីម្សិលមិញ បាននាំគ្នាទៅដាក់ញត្ដិ នៅសហគមន៍អឺរ៉ុប និងធនាគារពិភពលោក ដើម្បីស្នើសុំឲ្យស្ថាប័នអន្តរជាតិទាំងពីរនេះជួយធ្វើកិច្ចអន្តរាគមន៍ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយដោះលែងសមាជិកក្នុងសហគមន៍របស់ពួកគេចំនួនពីរនាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
អ្នកស្រី ទេព វន្នី តំណាងអ្នកបឹងកក់និងក្រុមអ្នកតវ៉ា បានដាក់ការចោទប្រកាន់ អំពីការចាប់ខ្លួនសកម្មជនជាស្ត្រី ក្នុងសហគមន៍បឹងកក់ និងបុរីកីឡាថា «ជាល្បិចកលរបស់មន្ត្រីសាធារណៈមួយចំនួនដែលបានធ្វើឡើងដើម្បីគំរាម កំហែង បំបាក់ស្មារតីយើងខ្ញុំ កុំឲ្យចេញមុខតស៊ូមតិប្រឆាំងនឹងមហិច្ឆតារបស់ពួកគេដែលប៉ុនប៉ងលេប ត្របាក់យកចំណែកដី១២,៤៤ហិកតា និងផ្ទះសម្បែងរបស់យើងខ្ញុំតទៅទៀត»។
នៅ ក្នុងញត្ដិ ដែលពួកគេបានដាក់ស្នើទៅប្រធានធនាគារពិភពលោក និងឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបដើម្បីបញ្ជាក់ថា៖«អាជ្ញាធរ បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចោទប្រកាន់ និងចាប់អ្នកតំណាងសហគមន៍នេះដាក់គុកជាបន្តបន្ទាប់...ករណីរបស់ អ្នកស្រី យ៉ោម បុប្ផា និងទឹម សាក់មុន្នី គឺជាភស្ដុតាងជាក់ស្ដែង នៃការគំរាមកំហែង ចំពោះតំណាង និងពលរដ្ឋសហគមន៍ពួកយើងខ្ញុំ»។
នៅ ចំពោះមុខសមត្ថកិច្ចនគរបាល ប្រដាប់ដោយអាវុធ និងដំបង រាប់សិបនាក់ នៅឯកន្លែងដែលពួកគេបានប្រមូលផ្ដុំជាប់ដងផ្លូវព្រះនរោត្តម ប្រមាណជា ៥០ ម៉ែត្រ ពីទីស្នាក់ការធនាគារពិភពលោក និងសហភាពអឺរ៉ុប ក្រុមអ្នកភូមិទាំងនេះ និយាយថា ពួកគេមិន«ចុះញ៉ម» ចំពោះការគំរាមកំហែងនេះឡើយ។
អ្នកស្រី ង៉ែត ឃុន អាយុ ៦៥ ឆ្នាំ ដែលធ្លាប់ជាប់គុកព្រៃស ជាងមួយខែ ព្រោះតែចូលរួមតវ៉ាក្នុងជម្លោះដីធ្លីនេះ បាននិយាយថា៖ «ផ្ទះខ្ញុំ! ដីខ្ញុំ!ខ្ញុំត្រូវតែតស៊ូការពារវាឲ្យបាន បើទោះបីជាត្រូវស្លាប់ក៏ដោយ»។ ស្ត្រីចំណាស់ដែលមានស្បែកជ្រីវជ្រួញ ហើយមើលទៅមានការហេវហត់យ៉ាងខ្លាំងរូបនេះ បាននិយាយក្តីឈឺចាប់ថា ប្រការដែលអ្នកភូមិ បាននាំគ្នាប្រឹងប្រែងស្វែងរកកិច្ចអន្តរាគមន៍ ពីសហគមន៍អន្តរជាតិ ម្ដងហើយម្ដងទៀតនេះ គឺក្នុងគោលបំណងទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោះលែងអ្នកស្រី យ៉ោម បុប្ផា និងទឹមសាក់មុនី ឲ្យមានសេរីភាពវិញ និងសុំឲ្យបោះព្រំប្រទល់ដី ១២,៤៤ ហិកតា ជាអ្វីដែលពួកគាត់អះអាងថា វាជាវិធានការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងតំបន់បឹងកក់។
ចំណែកឯអ្នកស្រី អ៊ូ ប៊ុនឡា តំណាងប្រជាពលរដ្ឋសហគមន៍បុរីកីឡា បានបដិសេធ ចំពោះការអះអាងនានា របស់ក្រុមហ៊ុន នឹងអាជ្ញាធរ ដែលថា ពួកគាត់ គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលបានផ្ទះល្វែងពីរដ្ឋ និងបណ្ដឹងចោទប្រកាន់ពីបទ «ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» របស់អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ទៅលើអ្នកស្រីទឹម សាក់មុន្នី។ អ្នកស្រីនិយាយថា៖ «អាជ្ញាធរ និងក្រុមហ៊ុន បានប្រើលេសនេះ លេសនោះ ដើម្បីបដិសេធ មិនដោះ ស្រាយលំនៅដ្ឋានឲ្យយើងខ្ញុំ ខណៈពួកគេឃុបឃិតគ្នា ដោយបានរំលោភទៅលើកិច្ចសន្យាឆ្នាំ ២០០៣ ដែលត្រូវសង់អគារចំនួន ១០ សម្រាប់ពលរដ្ឋបុរីកីឡាសរុប ១៧៧៦ គ្រួសារ»។ អ្នកស្រីបន្ថែមទៀតថា ការចោទប្រកាន់ និងការឃុំខ្លួន អ្នកស្រី ទឹម សាក់មុន្នី គឺជារឿង«អយុត្តិធម៌» បំផុតព្រោះគាត់ មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
អ្នកស្រីយ៉ោម បុប្ជា ត្រូវបានសាលាដំបូងរាជធានី សម្រេចឃុំខ្លួន កាលពីថ្ងៃទី ៤ កញ្ញា ក្រោមការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» ហើយអ្នកស្រី ទឹម សាក់មុន្នី ត្រូវបានចោទប្រកាន់ និងបញ្ជូនយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី ៥ ខែកញ្ញា ពីបទ «ប្រកាសបំភ្លៃការពិត» បន្ទាប់ពីគាត់បានចូលទៅបំភ្លឺ ជុំវិញបណ្ដឹងចោទប្រកាន់របស់អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»៕
No comments:
Post a Comment
I like Blogger