ភ្នំពេញៈ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ទៅតុលាការខេត្តកណ្តាល កាលពីម្សិលមិញ ដោយសុំពន្យារពេល ក្នុងការចូលទៅបំភ្លឺ ពាក់ព័ន្ធនឹងបណ្តឹងរបស់អគ្គនាយក នៃសហគ្រាសតៃយ៉ាង ពីបទញុះញង់ឲ្យកម្មករធ្វើកូដកម្ម។
យោងតាមលិខិត ដែលកាសែតភ្នំពេញ ប៉ុស្តិ៍ ទទួលបាន កាលពីថ្ងៃម្សិលមិញ ដោយមានស្នាមមេដៃផងដែរនោះ លោក រ៉ុង ឈុន បានសុំពន្យារពេល ការចូលទៅបង្ហាញមុខនៅតុលាការ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ សម្រាប់ការសាកសួរ តាមពាក្យបណ្តឹង របស់អគ្គនាយក នៃសហគ្រាសតៃយ៉ាង។ លោក រ៉ុង ឈុន បានសរសេរថា៖ «ខ្ញុំសូមជម្រាបលោកព្រះរាជអាជ្ញាថា ខ្ញុំមិនទាន់រកបានមេធាវី ដើម្បីការពារសិទ្ធិ និងមិនទាន់មានការត្រៀមខ្លួន ក្នុងការការពារសិទិ្ធរបស់ខ្លួននៅឡើយទេ»។
លោក បានបញ្ជាក់ថា លោកនឹងធ្វើការកំណត់កាលបរិច្ឆេទ ក្នុងការចូលបំភ្លឺនៅថ្ងៃក្រោយ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៨ ខែសីហា សប្តាហ៍មុន តុលាការខេត្តកណ្តាល បានចេញដីកាកោះហៅលោក រ៉ុង ឈុន ឲ្យចូលទៅតុលាការ ដើម្បីធ្វើការសាកសួរ តាមពាក្យបណ្តឹងរបស់អគ្គនាយក នៃសហគ្រាសតៃយ៉ាង លោក Jack Liu ដែលបានប្តឹងលោក ពីបទញុះញង់ ឲ្យកម្មករធ្វើកូដកម្ម ដោយខុសច្បាប់ និងពីបទបរិហារកេរ្តិ៍ ជាសាធារណៈ៕ NR
No comments:
Post a Comment
I like Blogger