ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី
ទៅស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញតិ្ត
កន្លងមក។ រូបថត ហុង មិនា
តើ សភាជាអង្គការតែមួយគត់ ដែលមានអំណាចនីតិប្បញ្ញត្តិឬ?
មុនពេលបង្កើតព្រឹទ្ធសភា រដ្ឋធម្មនុញ្ញ មានមាត្រាតឹងរ៉ឹងមួយ
ដែលចែងថា «រដ្ឋសភាជាអង្គការតែមួយគត់
ដែលមានអំណាចនីតិប្បញ្ញត្តិ។ អំណាចនេះ រដ្ឋសភា មិនអាច
ប្រគល់ឲ្យទៅអង្គការ ឬបុគ្គលណាមួយបានឡើយ» (មាត្រា ៩០ ចាស់)។
ខ្ញុំ
ឲ្យអត្ថន័យ លើឃ្លាចុងក្រោយនេះថា
ជា«បញ្ញត្តិបំបិទការធ្វើប្រតិភូកម្មនៃអំណាចនីតិប្បញ្ញត្តិ»
(Non-delegation Provision)។ ក៏ប៉ុន្តែ ដើម្បីបង្កើតព្រឹទ្ធសភានៅឆ្នាំ
១៩៩៩ ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយដែរនោះ
ស្ថានការហាក់ដូចជាតម្រូវឲ្យលុបបញ្ញត្តិបំបិទការធ្វើប្រតិភូកម្ម
នេះចោល។ ខ្ញុំគិតថា តាមពិត គេអាចរក្សាទុកនូវខ្លឹមសារ
នៃបញ្ញត្តិបំបិទការធ្វើប្រតិភូកម្មនេះដដែល
ដោយគ្រាន់តែធ្វើការកែប្រែឃ្លាឃ្លោង បន្តិចតាមរបៀបនេះ
«មានតែរដ្ឋសភា និងព្រឹទ្ធសភាទេ
ដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ។ អំណាចនេះ រដ្ឋសភា
និងព្រឹទ្ធសភា មិនអាចប្រគល់ឲ្យទៅអង្គការ ឬបុគ្គលណាមួយបានឡើយ»។
បន្ទាប់ពីបញ្ញត្តិបំបិទការធ្វើប្រតិភូកម្ម
ត្រូវបានគេលុបចោលនៅឆ្នាំ ១៩៩៩ មក ហាក់បីដូចជាលែងហាមប្រាម
លើការធ្វើប្រតិភូកម្មនៃអំណាចនីតិប្បញ្ញត្តិ
លើកលែងតែក្នុងក្រុមពីរប្រភេទ ៖ ទី១
បញ្ជីរាយនាមច្បាប់ក្នុងមាត្រា ៩០ (ដូចជា ការបង្កើត កែប្រែ
ឬលុបចោលពន្ធដារ ការអនុម័តយល់ព្រម ឬ លុបចោលសន្ធិសញ្ញា
ឬអនុសញ្ញាអន្តរជាតិជាដើម) និង ទី ២ គឺបណ្តាច្បាប់ទាំងឡាយណា
ដែលមានចែងក្នុងមាត្រាផ្សេងៗទៀត ក្នុងរដ្ឋធម្មនុញ្ញ ដូចជា
លក្ខន្តិកនៃចៅក្រម និងព្រះរាជអាជ្ញា ក្នុងមាត្រា ១៣៥ (ថ្មី) ជាដើម។
ដូចនេះ រាល់ប្រធានបទទាំងឡាយណា ដែលធ្លាក់ក្នុងក្រុមណាមួយ
ក្នុងចំណោមក្រុមទាំងពីរខាងលើ
ត្រូវតែស្ថិតនៅក្នុងយុត្តាធិការរបស់ច្បាប់ (សភា) ទើបបាន។
ជា
ការពិតណាស់ថា
រដ្ឋធម្មនុញ្ញមិនអាចចែងពីច្បាប់គ្រប់បែបយ៉ាងទាំងអស់ជាមុនទេ
ហើយក៏មិនមែនអ្វីៗ សុទ្ធតែ
ត្រូវធ្វើឡើងក្រោមរូបភាពជាច្បាប់ដែរ។
ចូរយើងពិចារណាលើករណីបារាំង និងអាមេរិកបន្តិចទៅមើល!
ប្រព័ន្ធបារាំង អនុញ្ញាតឲ្យអង្គការនីតិប្រតិបត្តិ
ទទួលបាននូវអ្វីមួយ ដែលគេហៅថា «អំណាចចេញបទបញ្ជាស្វយ័ត» (pouvoir
re glementaire autonome) ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលបារាំង
ចេញបទបញ្ជាផ្សេងៗ ដើម្បីគ្រប់គ្រងលើរាល់ប្រធានបទ
ដែលមិនមែនស្ថិតនៅក្នុងយុត្តាធិការផ្តាច់មុខរបស់សភា
(តាមអត្ថន័យនៃមាត្រា ៣៤ និង ៣៧ របស់រដ្ឋធម្មនុញ្ញបារាំង)។ ដូចនេះ
យើងឃើញថា ប្រព័ន្ធបារាំង
ហាក់ដូចជាមានខ្សែបែងចែកសមត្ថកិច្ចច្បាស់លាស់
រវាងអំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ។
រីឯអ្នកដែលប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋវិញ
គេច្រើនលំអៀងទៅរកអំណាចនីតិប្បញ្ញត្តិ
ពោលគឺគេពុំសូវអនុញ្ញាតឲ្យមានការធ្វើប្រតិភូកម្ម
នៃផ្នែកណាមួយនៃអំណាចនីតិប្បញ្ញត្តិបានឡើយ
លើកលែងតែការធ្វើប្រតិភូកម្មនោះ
ប្រព្រឹត្តទៅតាមគោលការណ៍ត្រឹមត្រូវ
ជាក់ស្តែងដូចក្នុងករណីនៃសហរដ្ឋអាមេរិក ដែលយុត្តិសាស្រ្តតុលាការ
បានទាមទារឲ្យរាល់កិច្ចធ្វើប្រតិភូកម្ម
ត្រូវធ្វើឡើងក្នុងរង្វង់ស្តង់ដារជាក់លាក់មួយ ដែលគេហៅថា
«Intelligible Principle» សម្រាប់អនុញ្ញាតឲ្យចៅក្រមយកមកប្រើ
ក្នុងការធ្វើការត្រួតពិនិត្យលើ បទបញ្ជារបស់រដ្ឋាភិបាល។
ក្នុងន័យនេះ សភារបស់សហរដ្ឋអាមេរិក
មិនអាចធ្វើប្រតិភូកម្មអំណាចរបស់ខ្លួនច្រើនជ្រុលពេក
រហូតដល់ថ្នាក់គេចវេសពីការទទួលខុសត្រូវរបស់ខ្លួន
ក្នុងនាមជាអ្នកធ្វើច្បាប់បានឡើយ។
នៅកម្ពុជាឯនេះវិញ
ក្នុងខណៈដែលការប្រគំតូរ្យតន្ត្រីរដ្ឋធម្មនុញ្ញបានឈានចូលដល់
ខួបលើកទី ២០ នោះ គេគួរស្វែងរកអ្នកដែលដើរតួនាទីពិតប្រាកដ
ក្នុងការដឹកនាំការប្រគំតូរ្យតន្ត្រីនេះទើបបាន។
សួរថា
ក្នុងចំណោមគំរូទាំងពីរ ខាងលើ
តើអ្នកដឹកនាំការប្រគំតូរ្យតន្ត្រីមួយណា
ដែលគួរមានប្រជាប្រិយភាពជាងសម្រាប់ខ្មែរ?
សិស្សសាលាច្បាប់ភាគច្រើនមុខតែឆ្លើយភ្លាមថា
ច្បាប់របស់យើងច្រើនផ្តល់អំណាចបន្តដល់រដ្ឋាភិបាល
ដើម្បីចែងលម្អិតលើកិច្ចការនានា ដែលសភា មិនបានលម្អិត។
បើដូច្នេះមែន គេអាចរំពឹងបានថា ក្នុងថ្ងៃអនាគត
ក្រុមប្រឹក្សាធម្មនុញ្ញ អាចនឹងបង្កើតយុទ្ធសាស្រ្តរបស់ខ្លួន
ដែលប្រហាក់ប្រហែលនឹង «Intelligible Principle» របស់អាមេរិក
ដើម្បីត្រួតពិនិត្យលើច្បាប់របស់សភាបាន
ជាពិសេសលើករណីធ្វើប្រតិភូកម្ម។ ជាមួយគ្នានេះដែរ
ចៅក្រមក៏ត្រូវបំពេញតួនាទីក្នុងការត្រួតពិនិត្យលើនីត្យានុកូលភាព
របស់បទបញ្ជា ដែលចេញដោយរដ្ឋាភិបាល
ក្នុងរង្វង់នៃអំណាចដែលទទួលបានពីប្រតិភូកម្មនោះផងដែរ។
ដោយហេតុថា តុលាការជាស្ថាប័ន
ដែលដោះស្រាយរឿងវិវាទជាក់ស្តែងជាប្រចាំ គេអាចសង្ឃឹមថា
គឺតុលាការនេះហើយ
ដែលនឹងដើរតួជាអ្នកដឹកនាំការប្រគំតូរ្យតន្ត្រីរដ្ឋធម្មនុញ្ញ
ញឹកញាប់ជាងគេ៕
No comments:
Post a Comment
I like Blogger