ស្រ្តីរងគ្រោះត្រូវបណ្តេញចេញពីបុរីកីឡា ធ្វើការតវ៉ានៅមុខសាលារាជធានីកាលពីដើមខែមុន។ រូបថត ហុង មិនា
ភ្នំពេញៈ ស្ត្រីដែលសកម្មក្នុងការធ្វើការតវ៉ាប្រឆាំងនឹងការបណ្តេញចេញ ពីតំបន់បុរីកីឡាម្នាក់ ត្រូវបានសាលាដំបូងរាជធានី ចេញដីកាកោះហៅឲ្យចូលទៅបំភ្លឺនៅដើមខែក្រោយនេះ ទាក់ទងនឹងបណ្តឹងរបស់លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ប្តឹងពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»។
អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី កោះហៅឲ្យចូលទៅបំភ្លឺនៅថ្ងៃទី ៥ ខែកញ្ញា។ ដីកាកោះ បានបង្គាប់ឲ្យ«សាម៉ីខ្លួន ត្រូវអញ្ជើញតាមដីកាកោះនេះ ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងរឿងខាងលើមកជាមួយផង ប្រសិនបើមាន»។
លោកសៀង សុខ ឲ្យដឹងកាលពីម្សិលមិញថា នេះជាពាក្យបណ្តឹងរបស់លោកស្រីស៊ុយ សុផាន ប្តឹងពលរដ្ឋ ដែលលោកមិនអាចអត្ថាធិប្បាយបាន ពីដំណើររឿងនៃបណ្តឹងនេះឡើយ។ លោកថ្លែងថា៖«យើងមិនដឹងសាច់រឿងយ៉ាងម៉េចដែរ ទើបឲ្យភាគីចុងចោទ ចូលបំភ្លឺមកតាមបណ្តឹងនេះ»។
អ្នក ស្រី ទឹម សាក់មុន្នី ឲ្យដឹងថា អ្នកស្រីមិនដឹងថា មានរឿងហេតុអ្វី ដែលត្រូវលោកស្រី ស៊ុយសុផានបឹ្តងនោះទេ ប៉ុន្តែអ្នកស្រីបានរំឭកថា កាលពីល្ងាចថ្ងៃពុធ រូបគាត់ត្រូវបានអ្នកស្រីស៊ុយ សុផាន ហៅឲ្យទៅជួបប្រហែលកន្លះម៉ោងដើម្បីចរចាផ្តល់សំណង សម្រាប់ការបណ្តេញគ្រួសាររបស់គាត់ចេញពីបុរីកីឡា ដោយមិនផ្តល់ផ្ទះសម្បែង។
អ្នកស្រីបន្តថា រូបគាត់ទទួលផ្ទះរួចហើយ នៅបុរីកីឡា ប៉ុន្តែការតវ៉ាកន្លងមក តាំងពីការឈូសឆាយផ្ទះពលរដ្ឋបុរីកីឡាជាលើកចុងក្រោយ នៅខែមករានេះ កូនប្រុសរបស់អ្នកស្រី ឈ្មោះអ៊ួន កងពិនិត្យ ដែលជាពលរដ្ឋបានជួលផ្ទះនៅបុរីកីឡា តាំងពីឆ្នាំ ១៩៩៧ មក និងមានឈ្មោះក្នុងបញ្ជីពលរដ្ឋ១៧៧៦ គ្រួសារ ដែលគួរបានផ្ទះនៅបុរីកីឡានេះ បែរជាមិនបានផ្ទះ និងធ្វើឲ្យគាត់ជាម្តាយ ចេញមុខតវ៉ាជំនួសកូន ព្រោះកូនបានធ្លាក់ខ្លួនឈឺ មិនអាចចេញដើរតវ៉ាបាន។
អ្នកស្រី និយាយថា៖ «លោកជំទាវស៊ុយ សុផានសួរថា ម៉េចក៏ខ្ញុំតវ៉ា បើខ្លួនខ្ញុំបានផ្ទះរួចហើយ? ខ្ញុំប្រាប់គាត់ថា ខ្ញុំមិនដែលថាខ្ញុំតវ៉ាយកផ្ទះសម្រាប់ខ្លួនឯងទេ គឺខ្ញុំតវ៉ាឲ្យកូនប្រុសខ្ញុំ ព្រោះវាឈឺ និយាយមិនបាន។ ខ្ញុំថា ខ្ញុំក៏ធ្លាប់ប្រាប់លោកជំទាវរួចហើយ ពេលដែលគេចាប់ខ្ញុំទៅព្រៃស្ពឺ»។
អ្នកស្រី សាក់មុន្នី បានបន្តថា៖ «ជំទាវឲ្យកូនប្រុសខ្ញុំ ១ពាន់ដុល្លារ និងផ្ទះនៅទួលសំបួរខណ្ឌដង្កោ។ ខ្ញុំក៏មិនតថ្លៃអីដែរ ហើយប្រាប់គាត់ថាចាំខ្ញុំទៅសួរកូនប្រុសសិន ហើយខ្ញុំក៏លាគាត់ទៅផ្ទះ។ គាត់ថា នេះគាត់ឲ្យខ្ញុំលើសគេ ២០០ ដុល្លារហើយ»។ ដំណើរហេតុយ៉ាងដូច្នេះ ទើបអ្នកស្រី សាក់មុន្នី គិតថា ជាមូលហេតុដែលអ្នកស្រី ត្រូវបានរងការប្តឹងផ្តល់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
សព្វថ្ងៃ ពលរដ្ឋចំនួន ១១៧ គ្រួសារ ដែលត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច ឈូសបំផ្លាញផ្ទះសម្បែង និងបណ្តេញចេញចុងក្រោយគេ កាលពីថ្ងៃទី ៣ មករា ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ ៧ មករា កំពុងរស់នៅក្រោមអគារស្នាក់នៅនៃតំបន់បុរីកីឡា និងតែងតែដើរតវ៉ា ស្វែងរកអន្តរាគមន៍ ពីស្ថាប័ននានាឲ្យជួយជំរុញទៅអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់អគារទី៩និងទី ១០ ទៅតាមការសន្យា ដើម្បីចែកជូនប្រជាពលរដ្ឋដែលពុំទាន់ទទួលបានផ្ទះ ប៉ុន្តែត្រូវក្រុមហ៊ុនចោទថា ពលរដ្ឋទាំងនោះ ជាអ្នកដែលទទួលបានផ្ទះរួចហើយ។
លោកស្រី ស៊ុយ សុផាន មិនអាចទាក់ទងបានទេកាលពីម្សិលមិញ ដោយជំនួយការដែលលើកទូរស័ព្ទ ឆ្លើយថា លោកស្រី ស៊ុយ សុផាន កំពុងជាប់រវល់ប្រជុំ៕
No comments:
Post a Comment
I like Blogger