Monday, 10 September 2012 ផាក់ ស៊ាងលី, From The Phnom Penh Post
អ្នក
ភូមិបឹងកក់ និងបុរីកីឡា ស្រែកបួងសួង
សុំឲ្យដោះលែងសកម្មជនដីធ្លីពីរនាក់ ពីពន្ធនាគារព្រៃស
កាលពីម្សិលមិញ។ រូបថត វីរៈ ម៉ៃ
ភ្នំពេញៈ ប្រជាពលរដ្ឋនៅបុរីកីឡា និងបឹងកក់ប្រមាណ ២០០ នាក់ បានប្រមូលផ្តុំគ្នា ធ្វើការបួងសួង នៅខាងមុខពន្ធនាគារព្រៃស កាលពីព្រឹកម្សិលមិញ សូមឲ្យវត្ថុស័ក្តិសិទ្ធិ ជួយជំរុញដល់តុលារ ផ្តល់យុត្តិធម៌ ដោះលែងសកម្មជនដីធ្លី ២ នាក់ដែលត្រូវបានចាប់ឃុំកាលពីសប្តាហ៍មុន។
ការបួងសួងនេះ បានធ្វើឡើង បន្ទាប់ពីអ្នកស្រីទឹម សាក់មុន្នី តំណាងពលរដ្ឋនៅសហគមន៍បុរីកីឡា ត្រូវបានសាលាដំបូងរាជធានី ចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងអ្នកស្រី យ៉ោម បុប្ផា នៅសហគមន៍បឹងកក់ ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនា ហើយត្រូវបាននាំយកទៅឃុំខ្លួន នៅពន្ធនាគារ ព្រៃស កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍មុន។
អ្នកស្រី គង់ ចន្ថា អាយុ ៤៥ ឆ្នាំ មកពីតំបន់បឹងកក់ បាននិយាយថា៖«ពួកយើងខ្ញុំទាំងអស់គ្នាមកទីនេះ ដើម្បីផ្តល់កម្លាំងចិត្ត និងស្មារតី ដល់អ្នកដែលជាប់ឃុំ កុំឲ្យពួកគាត់ បាក់ទឹកចិត្ត និងមានអារម្មណ៍ឯកោ ចង់សម្លាប់ខ្លួន»។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារការបណ្តេញចេញដូចគ្នានេះ ក៏បានបួងសួង សុំឲ្យវត្ថុស័ក្តិសិទ្ធិជួយថែរក្សា អ្នកជាប់ឃុំទាំងពីរនាក់នោះ កុំឲ្យមានជំងឺមកបៀតបៀន និងត្រូវរឹងប៉ឹងឡើងតស៊ូដើម្បីផ្ទះសម្បែងដែលត្រូវគេរំលោភបំពាន។
ប្រជាពលរដ្ឋទាំងចាស់ក្មេង បានស្រែកច្រៀងចំរៀងពីរបីបទ ដែលពួកគាត់បានតាក់តែងដោយខ្លួនឯង រៀបរាប់ពីការឈឺចាប់ ដោយសារការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ។ មុននឹងចាកចេញពីខ្លោងទ្វារពន្ធនាគារព្រៃស នៅវេលាម៉ោងជាង ១១ ព្រឹកប្រជាពលរដ្ឋទាំងអស់ បាននាំគ្នាដាក់ផ្លែឈើ និងដុតធូប បួងសួង សូមឲ្យវត្ថុស័ក្តិសិទ្ធិនៅតំបន់នោះជួយពួកគេ។
លោក ពេជ្រ លឹមឃួន អាយុ ៥៧ ឆ្នាំ ជាប្រជាពលរដ្ឋ នៅសហគមន៍បុរីកីឡា បានកាន់ប្រដាប់បំពងសំឡេង និងបានដឹកនាំប្រជាពលរដ្ឋ ទាំងអស់ ធ្វើការបួងសួងថា៖«សុំវត្ថុស័ក្តិសិទ្ធិ អារុកអារក្សអ្នកតា ថែរក្សានៅពន្ធនាគារព្រៃស សូមជួយជំរុញចិត្តមន្ត្រីតុលាការទាំងអស់ ឲ្យមានភាពយុត្តិធម៌ ធ្វើការដោះលែងស្ត្រីទាំងពីរនាក់ ចេញពីពន្ធនាគារឲ្យបានឆាប់ៗ។ ពួកយើងខ្ញុំ មិនមែនមានទោសឧក្រិដ្ឋនោះទេ គឺគ្រាន់តែទាមទារសុំដីធ្លីនិងផ្ទះមករស់នៅវិញប៉ុណ្ណោះ។ លោក បញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលជឿជាក់លើផ្លូវធម៌ បាប បុណ្យ និងកាន់ព្រះពុទ្ធសាសនា សុំឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយញ៉ាំងទឹកចិត្តឲ្យអ្នកមានអំណាច និងរំលោភបំពានសិទ្ធិមនុស្សទាំងឡាយ ដើរលើផ្លូវត្រូវវិញ។ លោកពេជ្រ លឹមឃួន បានគូសបញ្ជាក់ឲ្យដឹងថា៖ «មិនចាំបាច់តែសម្លាប់គេទេ ការដែលធ្វើឲ្យគេឈឺចាប់បាត់បង់ផ្ទះសម្បែង វាក៏ជាអំពើបាបមួយ ហើយការដែលធ្វើឲ្យអ្នកដទៃសប្បាយចិត្តឬរីកចម្រើន វាជាអំពើបុណ្យមួយផងដែរ»។
លោកខ្លូត ដារា ប្រធានមណ្ឌលអប់រំកែប្រែ ម ២ មិនអាចទាក់ទង សុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក ផាន សុផុន ដែលជាមន្ត្រីផ្នែកសន្តិសុខ នៅពន្ឋនាគារព្រៃស បានឲ្យដឹងថា ប្រជាពលរដ្ឋចង់លើកគ្នាទៅសួរសុខទុក្ខអ្នកដែលជាប់ឃុំ ប៉ុន្តែមិនមានការអនុញ្ញាតចូលទៅទាំងហ្វូងដូចនោះបានទេ។ លោក បន្ថែមថា កម្លាំងពន្ធនាគារ និងអាជ្ញាធរមូលដ្ឋាន មិនបានរំខានដល់អ្នកតវ៉ាទាំងនោះទេ គឺគ្រាន់តែសុំ កុំឲ្យពួកគាត់ ចូលទៅជិតខ្លោងទ្វារពន្ឋនាគារតែប៉ុណ្ណោះ។ សាលាដំបូងរាជធានីកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន បានកោះហៅស្ត្រីបីនាក់ ដែលជាដើមបណ្តឹង របស់ប្រជាពលរដ្ឋ នៅសហគមន៍បុរីកីឡា ទៅសួរនាំ បន្ទាប់ពីពួកគាត់ បានដាក់ពាក្យបណ្តឹង ទៅតុលាការ កាលពីថ្ងៃទី ០៦ ខែកុម្ភៈឆ្នាំ ២០១២ ប្តឹងលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច ពីបទបំផ្លាញទ្រព្យសម្បត្តិនិងបង្ករបួសស្នាម។
អ្នកស្រីជុំ ង៉ាន់ អាយុ ៤០ ឆ្នាំ ដែលជាតំណាងដើមបណ្តឹងម្នាក់ ក្នុងចំណោមបីនាក់ដែលបានចូលទៅតាមការអញ្ជើញរបស់តុលាការ តាមរយៈលោកព្រះរាជអាជ្ញា រងសៀង សុខ បានឲ្យដឹងកាលពីម្សិលមិញថា តុលាការ បានសួរ បញ្ជាក់ពួកគាត់ថា តើនៅតែចង់ប្តឹងលោកស្រីស៊ុយ សុផានដដែល ឬ យ៉ាងណា? អ្នកស្រីជុំ ង៉ាន់បានអះអាងថា៖«យើងខ្ញុំទាំងអស់គ្នាឆ្លើយវិញថា សុំប្តឹងដដែលហើយសុំឲ្យតុលាការចាត់ការតាមពាក្យបណ្តឹងនោះ»។
អ្នកស្រីមិនសប្បាយចិត្តទៅនឹងចំណាត់ការរបស់តុលាការ ដែលយឺតយ៉ាវ នៅក្នុងការលើកយកពាក្យបណ្តឹងរបស់ពួកគាត់មកចាត់ការ ប៉ុន្តែបែរជាលើកយកបណ្តឹងរបស់លោកស្រីស៊ុយ សុផានមកចាត់ការមុន ព្រោះថា តុលារការបានចាប់ឃាត់ខ្លួនលោកស្រីទឹម សាក់មុន្នី។ អ្នក ស្រីបន្តថា៖«មិនដឹងតុលាការអី ចាប់តែអ្នកក្រ ដាក់គុកអ៊ីចឹង។ បើបណ្តឹងអ្នកមានចាត់ការយ៉ាងលឿនតែបណ្តឹងអ្នកក្រទុកចាត់ការក្រោយ ហើយចាប់អ្នកក្រ ដូចអ្នកស្រីទឹម សាក់មុន្នីដាក់គុក។ ហៅមកសាកសួរសោះហេតុអីដាក់គុកគាត់?»។
លោកសៀង សុខ ព្រះរាជអាជ្ញារងបដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីម្សិលមិញ។ ប៉ុន្តែបើតាមការអះអាង របស់អ្នកស្រីជុំ ង៉ាន់ ឲ្យដឹងថា៖ «តុលាការ បានប្រាប់យើងខ្ញុំជាដើមបណ្តឹងថា គេនឹងហៅ លោកស្រីស៊ុយ សុផានមកសួរនាំបន្ទាប់ពីសួរនាំពួកគាត់ទាំងបីនាក់ ប៉ុន្តែតុលាការមិនបានប្រាប់ថា ពេលណានោះទេ។ យើងចង់ឃើញតុលាការចាត់ការបណ្តឹងយើងឲ្យបានឆាប់ដូចបណ្តឹងរបស់អ្នកមានដែរ»។
លោកស្រីស៊ុយ សុផាន កាលពីម្សិលមិញ បានមានប្រសាសន៍ថា លោកស្រីមិនបានដឹងពីបណ្តឹងនោះទេ។ លោកស្រីថ្លែងថា៖«យើងខុស បើសិនជាយើង មិនបានឲ្យកន្លែងរស់នៅ ដល់អ្នកដែលមានឈ្មោះនិងឯកសារត្រឹមត្រូវ នៅបុរីកីឡាមុនការអង្កេតឆ្នាំ ២០០៣។ ប៉ុន្តែជាការពិត យើងមិនខុសនោះទេ ព្រោះថា យើងបានសង់អគារចំនួន ៨ ដល់អ្នកដែលមានឈ្មោះ និងឯកសារត្រឹមត្រូវ ចំនួន ១៣៧៧ គ្រួសាររួចអស់ហើយ។ អ្នកមកក្រោយអង្កេតឆ្នាំ ២០០៣ សុទ្ធតែមកនៅបុរីកីឡាអនាធិបតេយ្យ»។ លោកស្រីបន្ថែមថា អ្នកដែលដើរតវ៉ាភាគច្រើន សុទ្ធតែបានផ្ទះអស់ហើយ ហើយអ្នកខ្លះតវ៉ាចង់បានផ្ទះឲ្យកូនចៅរស់នៅ៕
No comments:
Post a Comment
I like Blogger