ភ្នំពេញៈ ក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិកម្មករកាត់ដេររកឃើញថា គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា របស់អង្គការពលកម្មអន្តរជាតិ (ILO-BFC) ដែលត្រូវបានបង្កើតឡើង ១០ ឆ្នាំ មកហើយនោះ មិនបានប្រើយន្តការច្បាស់លាស់ណាមួយ ដើម្បីជំរុញឲ្យភាគីនិយោជក រោងចក្រកាត់ដេរ បញ្ឈប់ការរំលោភសិទ្ធិកម្មករនោះទេ ជាហេតុធ្វើឲ្យកម្មករ និងសហជីពនៅតែទទួលរងគ្រោះ ពីការរំលោភបំពានផ្សេងៗ។
គម្រោងរោង ចក្រកាន់តែប្រសើរ នៅកម្ពុជា មិនទាន់បានប្រែក្លាយកម្ពុជាឲ្យទៅជា «ជម្រើសនៃការផ្គត់ផ្គង់សម្លៀកបំពាក់ប្រកបដោយគុណធម៌» (ethical sourcing option) សម្រាប់ក្រុមហ៊ុនបញ្ជាទិញ និងអ្នកប្រើប្រាស់មួយចំនួន នៅលើពិភពលោកនៅឡើយទេ។ នេះបើយោងតាមរបាយការណ៍ចំនួន ២៨ ទំព័រ ជាភាសាខ្មែរ និងអង់គ្លេស ដែលចេញផ្សាយនៅចុងខែសីហា ដោយក្រុមយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ និងមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍។ (CCC and CLEC) ដែលផ្តល់អនុសាសន៍ ដល់គម្រោង ដែលមានតាំងពីឆ្នាំ ២០០១ នៃអង្គការពលកម្មកអន្តរជាតិមួយនេះថា គួរដាក់សម្ពាធលើរដ្ឋាភិបាល ឲ្យដាក់ទណ្ឌកម្មលើរោងចក្រ ដែលរំលោភច្បាប់ការងារ។
ការខ្វះអំណាចបង្ខំឲ្យមានការអនុវត្ត ច្បាប់ មានពេលខ្លះអាចធ្វើឲ្យសហជីព និងកម្មករ ដែលរាយការណ៍ ពីបញ្ហារំលោភសិទ្ធិរបស់ខ្លួន ទៅកាន់គម្រោងនេះ មិនទួលបានលទ្ធផលជាទីគាប់ចិត្តឡើយ។
របាយការណ៍ក្នុងន័យ ស្ថាបនាសរសេរថា៖ «មានអង្គការសិទ្ធិការងារមួយ បានរាយការណ៍ទៅអង្គការពលកម្មអន្តរជាតិផង និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាផង ពីការបញ្ឈប់កម្មកររោងចក្រ ហើយទីបំផុត បានខកចិត្តយ៉ាងខ្លាំង ដោយសារគ្មានចំណាត់ការ។ យើងលែងរាយការណ៍ទៅគម្រោងរោងចក្រកាន់តែប្រសើរទៀតហើយ ពីព្រោះគម្រោងនេះមិនអាចធ្វើអ្វីបាន»។
របាយការណ៍នេះក៏បាន សរសេរផងដែរថា ប្រាក់ឈ្នួលត្រូវកត់សម្គាល់ឃើញថា មិនឆ្លើយតបតាមតម្រូវការជាមូលដ្ឋានរបស់កម្មករនោះទេ។ សហជីពតែងតែប្រឈមនឹងការលំបាកជាច្រើន ក្នុងការបំពេញការងារ ដើម្បីប្រយោជន៍កម្មករនៅតាមរោងចក្រ។ សហជីពតែងតែប្រឈមចំពោះ ការបញ្ឈប់ពីការងារ ការយាយី និងអំពើហិង្សា។ ការប្រើកិច្ចសន្យា មានថិរវេលាខ្លី ក៏ ជាបញ្ហាសម្រាប់កម្មករដែរ។
បញ្ហាបរិស្ថាន ភាពអាប់អួសីតុណ្ហភាពក្តៅ ខ្វះជាតិទឹក ការប្រើជាតិគីមី ខ្វះអាហារូបត្ថម្ភគ្រប់គ្រាន់ បានធ្វើឲ្យកម្មករសន្លប់ ជាញឹកញាប់។ គ្រាន់តែក្នុងឆ្នាំ២០១១ មានកម្មករចំនួន២៤០០នាក់ សន្លប់នៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
លោក មឿន តុលា ប្រធាន កម្មវិធីការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និងជាអ្នកសម្របសម្រួលរបាយការណ៍នេះ បានឲ្យដឹងថា គម្រោង BFC តែងធ្វើរបាយការណ៍ សំយោគរបស់ខ្លួន (synthesis report) ដោយមិនបានសរសេរឈ្មោះរោងចក្រនីមួយៗ ដែលរំលោភសិទ្ធិការងារកម្មករក្នុងរបាយការណ៍របស់ខ្លួន ធ្វើឲ្យនិយោជក មិន រាងចាល ព្រោះទង្វើរំលោភសិទ្ធិកម្មករ មិនត្រូវបានដឹងជាសារធារណៈឡើយ។ លោកនិយាយថា ៖ «អ្វីដែលយើងមើលឃើញគឺ BFC រកឃើញ ពីរោងចក្រ នីមួយៗ ជាង ៣០០ នៃគម្រោង ប៉ុន្តែបើរកថា រោងចក្រ «ក» មានធ្វើការបង្ខំឲ្យថែមម៉ោង តែនៅក្នុងរបាយការណ៍៍សំយោគអត់មាននិយាយថា គេបង្ខំឲ្យថែមម៉ោងទេ។ អ្នកបញ្ជាទិញ អាចមើលបានលុះត្រាតែមានការសុំពីរោងចក្រ។ ដូច្នេះ រោងចក្រដែលបានរំលោភកម្មករ មិនបានកែលម្អទេ ព្រោះអត់មានការដាក់ទណ្ឌកម្ម។ រដ្ឋាភិបាល ក៏មិនបានដឹងដែរ ហ្នឹងហើយដែលយើងថា វាខ្វះតម្លាភាព»។
លោកបន្តថា BFC ជាគម្រោងមួយជួយផ្សព្វផ្សាយសម្លៀកបំពាក់ស្រុកខ្មែរថា ទំនិញស្រុកខ្មែរ គ្មានការរំលោភសិទ្ធិការងារ សិទ្ធិកម្មករ ដែលធានាការទិញរបស់អ្នកប្រើប្រាស់នៅអឺរ៉ុប និងអាមេរិក ដោយគេសម្អាងលើរបាយការណ៍សំយោគរបស់ BFC។ ប៉ុន្តែសមាគមអ្នកប្រើប្រាស់ CCC ថា បើ BFC ជោគជ័យ មានន័យថា កម្មករ នៅស្រុកខ្មែរ មានជីវភាពធូរធារ មានលក្ខខណ្ឌល្អ «តែផ្ទុយទៅវិញ កម្មករមានសុខភាពមិនល្អ មានការដួលសន្លប់ ធ្លាក់ខ្លួនឈឺ»។
កញ្ញា Jill Tucker chief technical adviser ILO-BFC ប្រធានទីប្រឹក្សាបច្ចេកទេសគម្រោងរោងចក្រកាន់តែប្រសើរថ្លែងថា BFCអាចទទួលយកបាននូវរបាយការណ៍នេះ ប៉ុន្តែការសម្ភាសក្នុងរបាយការណ៍របស់ CCC និង CLEC បានធ្វើឡើងតែជាមួយសហជីព កម្មករ និងអង្គការរបស់គាត់តែមិនបានសម្ភាសជាមួយនឹងភាគីថៅកែរោងចក្រទេ ធ្វើឲ្យអ្វីដែលរបាយការណ៍ទទួលបានមិនគ្រប់ជ្រុងជ្រោយ។ កញ្ញាថ្លែងថា ៖«យើងមានអ្នកគ្រប់គ្រងរោងចក្រ មកកាន់ការិយាល័យយើងរាល់ពេលដែលធ្វើការបណ្តុះបណ្តាល ពីរបាយការណ៍ ដែលគេចង់កែប្រែនូវការរកឃើញរបស់យើង។ ប្រសិនបើវាមិនមានឥទ្ធិពលទេនោះ ពួកគេប្រហែលជាមិនខ្វល់ឡើយ»។ គម្រោង BFC មានរោងចក្រចំនួន ៣៧៤ ផ្នែកកាត់ដេរសម្លៀកបំពាក់ និង ៩ រោងចក្រផ្នែកកាត់ដេរស្បែកជើង ជាសមាជិកក្នុងគម្រោងហើយគម្រោងដែលបង្កើតឆ្នាំ ២០០១ និងបញ្ចប់នៅ ២០១៣។
លោក ប៉ុក វណ្ណថាត អនុប្រធាននាយកដ្ឋានសុខភាពការងារ និងជាប្រធានគណៈកម្មការស្រាវជ្រាវទប់ស្កាត់ករណីដួល សន្លប់កម្មករ តាមរោងចក្រសហគ្រាសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងថា លោកក៏ដូចក្រសួងដែរមិនហ៊ានវាយតម្លៃនូវរបាយការណ៍ខាងលើដែល សិក្សាពីគម្រោងរោងចក្រកាន់តែប្រសើរនោះទេ។
លោកបានបន្តថា របាយការណ៍សំយោគរបស់គម្រោង BFC កាលពីឆ្នាំដំបូងៗ មានការសហការណ៍ ជាមួយក្រសួងដើម្បីពិនិត្យមើលលក្ខខណ្ឌការងារ តាមរោងចក្រ ប៉ុន្តែពេលនេះគេធ្វើការ«ឯករាជ្យ» គ្រាន់តែមានការសុំឯកសារ ឬទិន្នន័យខ្លះ ពីរដ្ឋាភិបាល ដូចជាទាក់ទិនករណីសន្លប់ជាដើម។ លោកបន្តថា៖«ខ្ញុំមិនហ៊ានវាយតម្លៃទេ ការធ្វើការរបស់ ILO។ ILO មានសិទ្ធិផ្តល់យោបល់ ដល់អ្នកបញ្ជាទិញឲ្យដាក់គំនាបដល់រោងចក្រហើយគេក៏យកច្បាប់ការងាររបស់រដ្ឋយកទៅប្រើដែរ»៕
No comments:
Post a Comment
I like Blogger