Forest in Cambodia
សូមស្វាគមន៏ប្រិយមិត្តដែលបានមកកាន់គេហទំព័រ www.forestincambodia.blogspot.com សូមអរគុណ និង អរព្រះគុណ! សូមចូលរួមរក្សាព្រៃឈឺទាំងអស់គ្នា !!!
Pages
Home
National
About the Save Forest in Cambodia Campaign
Wednesday, September 19, 2012
ពលរដ្ឋនៅខេត្តស្វាយរៀង បារម្ភពីការបាត់បង់ដីស្រែចម្ការ
វណ្ណ វិចារ វិទ្យុអាស៊ីសេរី ថ្ងៃទី១៩ កញ្ញា ២០១២
ប្រជាពលរដ្ឋ៨០គ្រួសារ នៅខេត្តស្វាយរៀង ដាក់ញត្តិតវ៉ានៅសាលាខេត្ត ដើម្បីទាមទារឲ្យអាជ្ញាធរវាស់វែងដីធ្លីស្រែជម្រៅឲ្យពួកគាត់។ ក្រុមពលរដ្ឋទាំងនោះប្រាប់ថា ពួកគាត់មានការបារម្ភយ៉ាងខ្លាំង ខ្លាចអាជ្ញាធររឹបអូសដីស្រែ ដែលគាត់អះអាងថាធ្លាប់ធ្វើតាំងពីឆ្នាំ១៩៨០ មក។
អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា បើទោះជាអាជ្ញាធរមិនធ្វើប្លង់ដីឲ្យក៏ដោយ ក៏ពលរដ្ឋអាចអាស្រ័យផលលើដីទាំងនោះបានដែរ។ ប៉ុន្តែ សង្គមស៊ីវិល ហៅទង្វើដែលអាជ្ញាធរមិនវាស់វែងដីធ្លីជូនពលរដ្ឋថា ជាបំណងមិនល្អរបស់អាជ្ញាធរទៅលើពលរដ្ឋ។
ក្រុមពលរដ្ឋ៨០គ្រួសារមកពីភូមិចេក ភូមិសំរោង ភូមិពួនកក ក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ កញ្ញា បានដាក់ញត្តិតវ៉ានៅសាលាខេត្តស្វាយរៀង ស្នើឲ្យអាជ្ញាធរវាស់វែងដីធ្លីជូនពួកគាត់តាមការសន្យា។ ពលរដ្ឋឲ្យដឹងថា កាលពីប្រជុំកំណត់តំបន់វិនិច្ឆ័យវាស់វែងដីធ្លី អាជ្ញាធរសុរិយោដីប្រាប់ថា អាជ្ញាធរទុកដីចំណីព្រែកចំងាយពីអ័ក្សព្រែក៥០ម៉ែត្រ ប៉ុន្តែពេលវាស់ជាក់ស្តែង អាជ្ញាធរបែរជាទុកដីចំណីចាប់ពីមាត់ព្រែកចូលទៅក្នុងដីពួកគាត់ រហូតដល់៥០០ម៉ែត្រ ខុសពីការសន្យាទាំងស្រុងតែម្តង។
តំណាងពលរដ្ឋ៨០គ្រួសារ លោកស្រី ទេព សុម៉ាលី មានប្រសាសន៍ថា រូបគាត់មានដីស្រែកន្លះហិកតារ ដែលមានចម្ងាយពីមាត់ព្រែកជាង១០០ម៉ែត្រ តែអាជ្ញាធរមិនវាស់វែងឲ្យឡើយ។ លោកស្រីបន្តថា អ្នកភូមិបានស្នើជាច្រើនដងច្រើនសារទៅកាន់អាជ្ញាធរឃុំ និងស្រុក តែក្រុមអាជ្ញាធរប្រាប់ថា ដីទាំងនេះស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដូចនេះ រដ្ឋមិនអាចចេញកម្មសិទ្ធិស្របច្បាប់ជូននោះទេ។ លោកស្រី ទេព សុម៉ាលី បញ្ជាក់ថា ការមិនវាស់ដីជូនពលរដ្ឋ ជារឿងអយុត្តិធម៌បំផុត៖ «វាប៉ះពាល់ខ្លាំងតែម្តង ព្រោះស្រែហ្នឹង បានធ្វើរហូតមក។ ដល់ពេលគេអត់ធ្វើប្លង់ឲ្យ ពលរដ្ឋមានការភ័យព្រួយទៅថ្ងៃមុខអត់មានអីហូប ហើយទៅថ្ងៃមុខបើគេថា ដីគេ ពលរដ្ឋច្បាស់ជាគ្មានឯកសារអីបញ្ជាក់ថារបស់យើងផង»។
លោកស្រី ទេព សុម៉ាលី បន្តថា អ្នកភូមិទាំងអស់សុំឲ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ផ្តល់កម្មសិទ្ធិស្របច្បាប់ឲ្យពួកគាត់ ដើម្បីឲ្យពួកគាត់រស់ប្រកបដោយក្តីសង្ឃឹម។
ទាក់ទងនឹងបញ្ហានេះ មេឃុំឈើទាល លោក មាស សុត ពន្យល់ថា ការដែលអាចអាជ្ញាធរមិនវាស់វែងដីជូនពលរដ្ឋ មកពីដីស្រែទាំងនោះស្ថិតក្នុងគម្រោងស្ដារព្រែក។ លោកបន្តថា តាមច្បាប់ ដីចំណីព្រែកមានប្រវែង៥០ម៉ែត្រពីអ័ក្សព្រែក តែអាជ្ញាធរមានគម្រោងតម្រង់ព្រែកឲ្យត្រង់ ទើបក្រុមអាជ្ញាធរសម្រេចថា ពួកគេមិនវាស់ដីឲ្យពលរដ្ឋទាំងអស់ នៅតាមបណ្តោយព្រែកតែម្តងទៅ៖ «ធារាសាស្ត្រក្នុងការស្តុកហ្នឹង បើយើងបត់បែនតាមព្រែក វាមិនល្អមើល គេមិនវាស់ឲ្យមែន តែដីបងប្អូននៅតែមានអ៊ីចឹង គ្រាន់តែអត់ធ្វើប្លង់»។
ទោះជាយ៉ាងណាក្តី មន្ត្រីសម្របសម្រួលអង្គការកសិករដើម្បីអភិវឌ្ឍន៍ លោក ប៊ុត កុសល មានប្រសាសន៍ថា អាជ្ញាធរមិនគួរណាមិនវាស់ដីឲ្យពលរដ្ឋឡើយ ព្រោះប្រជាពលរដ្ឋបង្កបង្កើនផលនៅលើដីនេះជាយូរមកហើយ។ លោកបន្តថា គម្រោងតម្រង់ប្រឡាយឲ្យត្រង់របស់អាជ្ញាធរ ជាគម្រោងមួយដែលលើកឡើងមិនត្រឹមត្រូវ។ លោក ប៊ុត កុសល បញ្ជាក់ថា បើសិនជាអាជ្ញាធរធ្វើការងារតាមច្បាប់កំណត់ ប្រាកដជាពលរដ្ឋមិនផ្ទុះការតវ៉ាទេ ដូចនេះ លោកស្នើឲ្យអាជ្ញាធរខេត្តស្វាយរៀង ផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋទាំងនោះ៖«ដីហ្នឹង អនាគតត្រូវក្លាយជាដីអភិវឌ្ឍន៍កសិកម្ម អ៊ីចឹងបើពេលក្រោយរដ្ឋសម្បទានឲ្យអ្នកណាមួយទៀត ពួកគាត់អត់កម្មសិទ្ធិផង មានសិទ្ធិពីណាតវ៉ា»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសាលាខេត្តស្វាយរៀង នៅថ្ងៃទី១៨ កញ្ញា បានចេញមកទទួលញត្តិស្នើសុំរបស់ពលរដ្ឋ ប៉ុន្តែមិនទាន់មានដំណោះស្រាយ។ ក្រុមអ្នកតាមដានបញ្ហាទំនាស់ដីធ្លីនៅកម្ពុជា លើកឡើងថា អាជ្ញាធរត្រូវតែផ្តល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋតាមច្បាប់កំណត់ មិនត្រូវប្រើលេសផ្សេងៗដើម្បីកេងចំណេញលើពលរដ្ឋនោះឡើយ៕
Tags: ការអភិវឌ្ឍន៍, ទំនាស់ដី, សិទ្ធិមនុស្ស
No comments:
Post a Comment
I like Blogger
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
I like Blogger