អតីតអ្នករស់នៅសហគមន៍សម្បុកចាបតាំងលំនៅក្នុងសហគមន៍ថ្មីនៅភូមិអូរអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ។ រូបថត ផា លីណា
ភ្នំពេញៈ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដាក់ឱសានវាទឲ្យប្រជាពលរដ្ឋ ១៩គ្រួសារជាអតីតអ្នកភូមិសម្បុកចាបដែលរងការបណ្តេញចេញពី ឆ្នាំ២០០៦ ឲ្យរុះរើផ្ទះចេញ ដើម្បីយកដីសង់ផ្លូវថ្មីមួយនៅក្នុងសហគមន៍កំពុងរស់នៅ។
លោក ហេង ផេងជុន អាយុ២៦ឆ្នាំ បានប្រាប់ថា លោកទើបតែទទួលបានលិខិតមួយពីអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបង្គាប់ឲ្យពលរដ្ឋ១៩គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវ ក្នុងភូមិអូរអណ្តូងរុះរើផ្ទះចេញក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា។
លោក ហេង ផេងជុន អាយុ២៦ឆ្នាំ បានប្រាប់ថា លោកទើបតែទទួលបានលិខិតមួយពីអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបង្គាប់ឲ្យពលរដ្ឋ១៩គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវ ក្នុងភូមិអូរអណ្តូងរុះរើផ្ទះចេញក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា។
លោកថា៖ «នៅក្នុងលិខិតព្រមានថា ប្រសិនបើដល់ថ្ងៃនោះ ពលរដ្ឋមិនព្រមរុះរើទេ អាជ្ញាធរនឹងប្រើប្រាស់វិធានការរដ្ឋបាល ហើយមិនទទួលខុសត្រូវចំពោះការបាត់ទ្រព្យសម្បត្តិឡើយ»។
លោកបន្តថា លោកមិនដឹងថា នឹងទៅរស់នៅកន្លែងណានោះទេ ពីព្រោះថា លោកត្រូវបានបណ្តេញចេញពីសហគមន៍ សម្បុកចាប តាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៦ ដោយអភិបាលរាជធានីភ្នំពេញ ហើយឥឡូវនេះ ពួកគេបង្ខំឲ្យលោករុះរើផ្ទះជាថ្មីទៀត ដោយមិនផ្តល់សំណងអីសោះបែបនេះ។
លោក ផេងជុន និយាយថា៖ «អាជ្ញាធរបានបណ្តេញយើងម្តងរួចហើយពីទីក្រុង ហើយឥឡូវនេះគេបណ្តេញយើងម្តងទៀត តើខ្ញុំអាចទៅរស់នៅកន្លែងណា? វាគ្មានយុត្តិធម៌សម្រាប់ប្រជាជនក្រីក្រ ដូចជាខ្ញុំទាល់តែសោះ»។
ហោម ហូយ ពលរដ្ឋអាយុ៣៦ឆ្នាំ បានប្រាប់ដែរថា កាលពីឆ្នាំ២០០៦ នៅពេលអាជ្ញាធរបានបណ្តេញប្រជាជនជាង១ពាន់គ្រួសារ ពីរាជធានីភ្នំពេញឲ្យមករស់នៅទីនេះ ពួកគេនិយាយថា គ្រាន់តែស្វែងរកដីឲ្យរស់នៅបណ្តោះអាសន្ន ទេ ហើយអាជ្ញាធរនឹងផ្តល់ដីនៅពេលក្រោយ ប៉ុន្តែឥឡូវ ៦ឆ្នាំហើយ ពួកគេមកដេញយើងម្តងទៀត។ លោកនិយាយថា៖ «ខ្ញុំមិនរុះរើផ្ទះតាមបង្គាប់ទេ ពីព្រោះខ្ញុំមិនដឹងថា ទៅរស់នៅកន្លែងណា ប៉ុន្តែ បើ គេដូរដីឲ្យ នោះយើងយល់ព្រមរុះរើ»។
កាលពីឆ្នាំ២០០៦ អាជ្ញាធររាជធានីភ្នំពេញ បានដាក់កម្លាំងនគរបាលបំពាក់ដោយអាវុធ ដំបងឆក់ និងខែល បង្ខំពលរដ្ឋ១៥៥៤គ្រួសារ ក្នុងសហគមន៍សម្បុកចាប នៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ឲ្យទៅរស់នៅក្នុងភូមិអូរអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ ដែលចម្ងាយប្រមាណជា២៥ គីឡូម៉ែត្រទៅជាយរាជធានី។
លោក សុខ ជាម មេភូមិអណ្តូងបី បានឲ្យដឹងដែរថា លោកមានកាតព្វកិច្ចនាំយកលិខិតនោះទៅជម្រាបដល់អ្នកភូមិ ប៉ុន្តែ លោកពុំមានសមត្ថកិច្ចស្វែងរកដំណោះស្រាយសម្រាប់អ្នកភូមិទេ។ លោកបន្តថា «ខ្ញុំមិនដឹងថា ហេតុអ្វីបានជាអ្នកភូមិដែលតម្រូវឲ្យរុះរើផ្ទះ មិនទទួលបានសំណងបែបនេះទេ»។
លោក គិត សុផា អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលចុះហត្ថលេខាលើលិខិតបណ្តេញចេញនេះមិនអាចទាក់ទងសុំការ ធ្វើអត្ថាធិប្បាយជុំវិញការសង់ផ្លូវកាត់ផ្ទះអ្នកភូមិបានទេ កាលពីថ្ងៃអង្គារ។
លោក អំ សំអាត មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថា គ្រួសារមួយចំនួនក្នុងចំណោមគ្រួសារដែលត្រូវបណ្តេញទៅ តំបន់នោះ មិនទាន់ទទួលបានដីសង់ផ្ទះផងទេ។ តែឥឡូវ ពួកគេប្រឈមនឹងការបណ្តេញចេញជាលើកទីពីរ។នេះជាការប៉ះពាល់ ធ្ងន់ធ្ងរណាស់។ លោកបន្តថា៖ «កាលពីមុនគេបង្ខំបណ្តេញប្រជាជន ថាមករស់នៅអនាធិបតេយ្យ ហើយឲ្យគាត់ទៅរស់នៅទីនោះ លើកនេះ មានន័យថា អាជ្ញាធរគ្មានការទទួលខុសត្រូវ»៕ PS
Tags: ការបណ្តេញចេញដោយបង្ខំ, ការអភិវឌ្ឍន៍, ទំនាស់ដី, ភ្នំពេញ, សិទ្ធិមនុស្ស
No comments:
Post a Comment
I like Blogger