ភ្នំពេញ: ក្រុមប្រជាពលរដ្ឋរស់នៅសហគមន៍បឹងកក់ និងបុរីកីឡា បានយកញត្តិ ដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ ដោយស្នើសុំអន្តរាគមន៍ដោះលែងស្ត្រីសកម្មជនដីធ្លី ២នាក់ តំណាងសហគមន៍បឹងកក់ និងតំណាងសហគមន៍បុរីកីឡា ពីពន្ធនាគារព្រៃស។
នៅក្នុងញត្តិដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន របស់អ្នកបឹងកក់ បានលើកឡើងថា ការចាប់ឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា គឺជាប់ទាក់ទិននឹងជម្លោះដីធ្លីនៅតំបន់បឹងកក់យ៉ាងពិតប្រាកដ ពីព្រោះអ្នកស្រី និងស្វាមីរបស់គាត់លោក លូស សាខន មិនបានវាយតប់ ឬបង្កររបួសស្នាម ដល់នរណាម្នាក់ឡើយ។
នៅក្នុងញត្តិដាក់ជូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន របស់អ្នកបឹងកក់ បានលើកឡើងថា ការចាប់ឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា គឺជាប់ទាក់ទិននឹងជម្លោះដីធ្លីនៅតំបន់បឹងកក់យ៉ាងពិតប្រាកដ ពីព្រោះអ្នកស្រី និងស្វាមីរបស់គាត់លោក លូស សាខន មិនបានវាយតប់ ឬបង្កររបួសស្នាម ដល់នរណាម្នាក់ឡើយ។
នៅក្នុងលិខិតនោះ ប្រជាពលរដ្ឋក្នុងសហគមន៍បឹងកក់ យល់ថា អាជ្ញាធរបានប្រើប្រាស់គ្រប់មធ្យោបាយ ជាពិសេសយកប្រព័ន្ធតុលាការ មកគៀបសង្កត់ ដើម្បីរារាំង គំរាមកំហែង កុំឲ្យប្រជាពលរដ្ឋចេញតស៊ូមតិការពារដីធ្លី និងលំនៅឋានរបស់ខ្លួន។
នៅក្នុងលិខិតបានឲ្យដឹងថា អ្នកស្រី យ៉ោម បុប្ផា និងស្វាមី ត្រូវបានជនស្លៀកពាក់ស៊ីវិលមួយក្រុម ចាប់បង្ខំចូលឡានពណ៌ស គ្មានស្លាកលេខ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយនៅថ្ងៃដដែលនោះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអ្នកស្រី ទៅដាក់គុកព្រៃស ដោយតក់ក្រហល់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។
រីឯញត្តិរបស់សហគមន៍បុរីកីឡា បានលើកឡើថា ការចាប់ឃុំខ្លួនអ្នកស្រី ទឹម សាក់មុនី គឺជាការគំរាមកំហែង និងបំផិតបំភ័យដល់សហគមន៍បុរីកីឡាឲ្យភិតភ័យ និងឈប់ធ្វើការតវ៉ាទាមាទារផ្ទះសម្បែងតទៀត នេះជាភស្ដុតាង ដែលបញ្ជាក់ឲ្យឃើញថា តុលាការមិនឯករាជ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ញត្តិនោះក៏បានឲ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ អ្នកស្រី ទឹម សាក់មុនី ទទួលបានដីកាកោះពីសាលាដំបូងរាជធានីភ្នំពេញ ឲ្យអ្នកស្រីចូលខ្លួនទៅបំភ្លឺតាមពាក្យបណ្ដឹងរបស់លោកស្រី ស៊ុយ សុផាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ៩ និង ៣០នាទីព្រឹក។ នៅថ្ងៃដដែលនោះ អ្នកស្រី ទឹម សាក់មុនី ត្រូវបានតុលាការបញ្ជូនទៅដាក់គុកព្រៃស។
ញត្តិរបស់ប្រជាពលរដ្ឋទាំងពីរសហគមន៍ ត្រូវបានលោក ប៊ុន អ៊ុយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ចេញមកទទួលញត្តិ និងបានលើកឡើងថា នឹងយកសំណើរនេះ ដាក់ជូនទៅថ្នាក់លើ ពិនិត្យ។
ដោយឡែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏បានចេញមកសម្របសម្រួលឲ្យប្រជាពលរដ្ឋទាំងពីរសហគមន៍ ឈប់ប្រមូលផ្ដុំនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី។
នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ ក្រុមអ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ដែលមានក្មេងតូចៗចូលរួមផងនោះ ក៏បានទៅដាក់ញត្តិនៅស្ថានទូតអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ដើម្បីស្វែងរកអន្តរាគមន៍ ឲ្យមានការដោះលែងស្ត្រីទាំងពីរនាក់ផងដែរ។
សូមរម្លឹកថា អ្នកភូមិបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការ សម្រេចឃុំខ្លួន ពីបទ ប្រើអំពើហិង្សា ដោយចេតនា វាយលើបុរសពីរនាក់ កាលពីថ្ងៃ៤ ខែកញ្ញា ឆ្នាំ២០១២។ ចំណែកអ្នកតវ៉ាដីធ្លីម្នាក់ទៀត នៅបុរីកីឡា គឺអ្នកស្រី ទឹម សាក់មុន្នី ក៏ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួន កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២៣ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
ក៏ប៉ុន្តែកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ អង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ជាបន្តបន្ទាប់ ដោយថ្កោលទោសនឹងការចាប់ខ្លួនស្ត្រីអ្នកភូមិបឹងកក់ និងបុរីកីឡាទាំងពីរ ហើយបានទាមទារឲ្យដោះលែងស្ត្រីទាំងពីរនាក់ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
យ៉ាងណាក៏ដោយ ក្នុងរឿងឃុំខ្លួនស្ត្រីអ្នកតវ៉ាដីធ្លីនៅបឹងកក់ និងនៅបុរីកីឡានេះ ត្រូវបានមន្ត្រីតុលាការអះអាងថា មិនជាប់ពាក់ព័ន្ធនឹងការតវ៉ាដីធ្លីទេ តែជារឿងព្រហ្មទណ្ឌ ដែលស្ត្រីទាំងពីរបានប្រព្រឹត្តបទល្មើសច្បាប់ប៉ុណ្ណោះ៕
No comments:
Post a Comment
I like Blogger