ភ្នំពេញៈ សាលាដំបូងរាជធានីកាលពីម្សិលមិញ បានសម្រេចឃុំខ្លួន ស្ត្រីតំណាងសហគមន៍បុរីកីឡាម្នាក់ ដោយចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ទៅតាមបណ្ដឹងរបស់លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច។ ការឃុំខ្លួននេះ បានធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការដដែលនេះ កាលពីថ្ងៃអង្គារ បានសម្រេចឃុំខ្លួនស្ត្រីអ្នកភូមិបឹងកក់ម្នាក់ ឈ្មោះ យ៉ោម បុប្ជា ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា»។
ក្រុមអ្នកភូមិទាំងចាស់ទាំងក្មេង ប្រមាណ ជាង ១០០ នាក់ មកពីសហគមន៍ទាំងពីរ បានស្រែកយំតវ៉ាយ៉ាងខ្លាំង នៅបរិវេណខាងមុខតុលាការ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ជាអ្វីដែលពួកគេ និយាយពេញៗមាត់ថា តុលាការ អយុត្តិធម៌ ការពារតែក្រុមហ៊ុនមានប្រាក់ ដែលទៅរំលោភបំពានយកដីធ្លី ឈូសបំផ្លាញវាយកម្ទេចផ្ទះសម្បែងរបស់ពួកគេទាំងបំពានច្បាប់។ ចំណែកបណ្តឹងរបស់ពួកគេ ដែលជាជនរងគ្រោះ ប្តឹងក្រុមហ៊ុនទាំងនោះ តុលាការមិនចាត់ការឡើយ។
ក្រុមអ្នកភូមិទាំងចាស់ទាំងក្មេង ប្រមាណ ជាង ១០០ នាក់ មកពីសហគមន៍ទាំងពីរ បានស្រែកយំតវ៉ាយ៉ាងខ្លាំង នៅបរិវេណខាងមុខតុលាការ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ជាអ្វីដែលពួកគេ និយាយពេញៗមាត់ថា តុលាការ អយុត្តិធម៌ ការពារតែក្រុមហ៊ុនមានប្រាក់ ដែលទៅរំលោភបំពានយកដីធ្លី ឈូសបំផ្លាញវាយកម្ទេចផ្ទះសម្បែងរបស់ពួកគេទាំងបំពានច្បាប់។ ចំណែកបណ្តឹងរបស់ពួកគេ ដែលជាជនរងគ្រោះ ប្តឹងក្រុមហ៊ុនទាំងនោះ តុលាការមិនចាត់ការឡើយ។
អ្នកស្រី ទឹម សាក់មុន្នី តំណាងប្រជាពលរដ្ឋ ក្នុងសហគមន៍បុរីកីឡា ដែលរស់នៅក្រោមកាំជណ្ដើរ នៃអគារផ្ទះល្វែងទី ៧ ក្នុងប្លុកបុរីកីឡាចាប់តាំងពីមានការបណ្តេញចេញដោយហិង្សាកាលពី ខែមករា មកនោះ ត្រូវបានចៅក្រមស៊ើបសួរ លី លីបម៉េង សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស (ម២) កាលពីម្សិលមិញ បន្ទាប់ពីបានធ្វើការសាកសួរ អស់រយៈពេលជិត ៥ ម៉ោងរួចមក។
លោក ផល្លី សម្រេច ជំនួយការលោក យិន សាវ៉ាត មេធាវី មកពីមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ ដែលការពារឲ្យអ្នកស្រី ទឹម សាក់មុន្នី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា គ្មានចម្លើយណាមួយ នៅក្នុងអំឡុងពេលនៃការសាកសួរ នៅក្នុងតុលាការ ដែលបញ្ជាក់ថា អ្នកស្រី ទឹម សាក់មុន្នី ជាអ្នកញុះញង់បង្កឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ ដូចការចោទប្រកាន់នោះឡើយ។ លោកបានថ្លែងថា៖«ទោះជាបែបណា គឺជាការសម្រេច និងជាសិទ្ធិរបស់ចៅក្រមស៊ើបសួរ»។
ប្រជាសហគមន៍ក្នុងតំបន់បុរីកីឡា និងបឹងកក់ទាំងចាស់ទាំងក្មេង បានស្រែកតវ៉ា និងយំសោកយ៉ាងកងរំពង ខណៈឃើញអ្នកស្រី ទឹម សាក់មុន្នី ត្រូវបានសមត្ថកិច្ចនគរបាល ដឹកតាមរថយន្តពណ៌សមួយគ្រឿង ឆ្ពោះទៅកាន់គុកព្រៃស (ម២) ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន។
អ្នក ស្រីអាត សំណាង ដែលធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ រាជធានីភ្នំពេញ ចាប់បញ្ជូនទៅឃុំខ្លួននៅមជ្ឈមណ្ឌលសង្គមកិច្ច ព្រៃស្ពឺ កាលពី ៨ ខែមុន បាននិយាយដោយក្ដីខឹងសម្បាថា លំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់ពួកគាត់ ត្រូវគេវាយកម្ទេចចោល ដោយគ្មានសំណង ហើយពាក្យបណ្ដឹងរបស់ពួកគាត់ ក៏គេមិនដោះស្រាយឲ្យដែរ តែបែរជាមកចាប់តំណាងរបស់ពួកគាត់ ទៅឃុំក្នុងគុកទៅវិញ។ អ្នកស្រីបន្តថា៖ «តុលាការ គ្មានភាពយុត្តិធម៌ សម្រាប់យើងខ្ញុំជាអ្នកក្រនោះទេ»។
លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេស នៃអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា ភាពចម្រូងចម្រាសនៃវិវាទនៅក្នុងតំបន់បុរីកីឡា នៅមិនទាន់ដោះស្រាយចប់នៅឡើយ។ ករណីឃុំខ្លួន អ្នកស្រី ទឹម សាក់មុន្នីដែលជាសកម្មជនតវ៉ា នៅក្នុងតំបន់នេះ គឺជាចេតនាមួយ របស់ភាគីក្រុមហ៊ុន ក្នុងការគំរាមកំហែង បំបាក់ស្មារតីក្រុមអ្នកតវ៉ា។ លោក ថា៖ «ខ្ញុំយល់ថា នេះគឺជាការគំរាមកំហែងមួយដែលភាគីក្រុមហ៊ុន តែងតែប្រើ នៅក្នុងការដាក់សម្ពាធ ទៅលើសហជីព និងសហគមន៍ មិនឲ្យតវ៉ាប្រឆាំងនឹងពួកគេ»។
ក្នុងអំឡុងការតវ៉ាមួយ នៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ ដើម្បីទាមទារឲ្យអាជ្ញាធរធ្វើការដោះស្រាយ និងទទួលខុសត្រូវ ចំពោះព្រឹត្តិការណ៍ថ្ងៃទី ៣ មករា ដែលបង្កឲ្យមានអំពើហិង្សា និងបណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស ហើយមនុស្សជាង ១០ នាក់ ត្រូវចាប់បញ្ជូនទៅឃុំខ្លួននៅគុកព្រៃស អ្នកស្រី ទឹម សាក់មុន្នី និងអ្នកភូមិរួមទាំងក្មេងៗប្រមាណជាង ២០ នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួន ទៅឃុំនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។ រយៈពេលមួយសប្ដាហ៍ក្រោយមក អ្នកស្រីទឹម សាក់មុន្នី និងស្ត្រី ព្រមទាំងកុមារមួយចំនួនទៀត ក្នុងសហគមន៍បុរីកីឡា បាននាំគ្នាផ្លោះរបងរត់ចេញពីមជ្ឈមណ្ឌលនោះ ក្រោយពីលោកស្រី មូរ សុខហួរ តំណាងរាស្ត្រមកពីគណបក្សសម រង្ស៊ី បានទៅពន្យល់ពីសិទ្ធិរបស់ពួកគេ។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ បាននិយាយថា ក្រុមអ្នកភូមិ និងប្ដីអ្នកស្រី យ៉ោម បុប្ផា គឺលោកលួស សាខន កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ ពីអង្គការក្រៅរដ្ឋាភិបាលនានា ឲ្យជួយរកមេធាវីការពារក្តី ដើម្បីធ្វើលិខិតធានា ឲ្យអ្នកស្រីយ៉ោម បុប្ជា បាននៅក្រៅឃុំ។
លោក លួស សាខនបាននិយាយថា លោកបានស្នើសុំមេធាវីពីអង្គការលីកាដូ ដើម្បីឲ្យជួយអន្តរាគមន៍ ធ្វើលិខិតធានា ដោះលែងប្រពន្ធរបស់លោក ឲ្យបាននៅក្រៅឃុំ និងជួយធ្វើលិខិតស្នើសុំទ្រព្យសម្បត្តិរបស់គាត់មួយចំនួន ដូចជាម៉ូតូមួយគ្រឿង ទូរស័ព្ទដៃពីរគ្រឿង ដែលសមត្ថកិច្ច បានចាប់រឹបអូសយក ក្នុងអំឡុងពេលធ្វើការចាប់ឃាត់ខ្លួនរូបលោក និងប្រពន្ធលោកមកវិញ។
លោកបានថ្លែងថា៖«ខ្ញុំបានស្នើ សុំមេធាវីពីអង្គការសិទ្ធិមនុស្សលីកាដូ ឲ្យជួយអន្តរាគមន៍ ធ្វើលិខិតធានា ប្រពន្ធខ្ញុំឲ្យនៅក្រៅឃុំ ព្រោះនាងហើយនឹងខ្ញុំ មិនដែលបានប្រព្រឹត្តអ្វីខុសដូចការចោទប្រកាន់នោះទេ»៕
No comments:
Post a Comment
I like Blogger