ភ្នំពេញៈប្រជាពលរដ្ឋ សហគមន៍ស្ទឹងកំបុត ៦៩គ្រួសារ ដែលអាជ្ញាធរខណ្ឌឫស្សីកែវចេញប្រកាសឲ្យរុះរើលំនៅដ្ឋានបានទៅ សុំអន្តរាគមន៍ ពីអង្គការក្រៅរដ្ឋាភិបាលជួយ ហើយគ្រោងនឹងដាក់លិខិតបដិសេធសេចក្តីជូនដំណឹងនេះ ទៅអាជ្ញាធរមូលដ្ឋាននិងទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រនេះ។
អាជ្ញាធរខណ្ឌឫស្សីកែវ ពីថ្ងៃទី២៨ ខែសីហា បានបិទសេចក្តីជូនដំណឹងប្រកាសឲ្យប្រជាពលរដ្ឋសហគមន៍ស្ទឹងកំបុត ៦៩ គ្រួសារ នៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រុះរើផ្ទះចេញយ៉ាងយូរត្រឹមសប្តាហ៍ក្រោយនេះ ដោយសំអាងថាប្រជាពលរដ្ឋមករស់នៅរំលោភលើដីកម្មសិទ្ធិឯកជនអ្នកដទៃ។
អាជ្ញាធរខណ្ឌឫស្សីកែវ ពីថ្ងៃទី២៨ ខែសីហា បានបិទសេចក្តីជូនដំណឹងប្រកាសឲ្យប្រជាពលរដ្ឋសហគមន៍ស្ទឹងកំបុត ៦៩ គ្រួសារ នៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រុះរើផ្ទះចេញយ៉ាងយូរត្រឹមសប្តាហ៍ក្រោយនេះ ដោយសំអាងថាប្រជាពលរដ្ឋមករស់នៅរំលោភលើដីកម្មសិទ្ធិឯកជនអ្នកដទៃ។
លោក ងិន សុវណ្ណថៃ ប្រធានសហគមន៍ស្ទឹងកំបុត អះអាងកាលពីម្សិលមិញថា ប្រជាពលរដ្ឋមិនសុខចិត្តទេ និងខំស្វះស្វែងរកការដោះស្រាយ និងបានទៅប្រឹក្សាយោបល់ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក្នុងរយៈពីរបីថ្ងៃនេះ។
លោកសុវណ្ណថៃ បន្តថា៖«ពលរដ្ឋឆ្លេឆ្លានៅមិនសុខទេ ហើយបានផ្តុំគ្នាធ្វើលិខិតបដិសេធសេចក្តីជូនដំណឹងនោះ ដែលនឹងយកទៅដាក់នៅសាលាសង្កាត់ ខណ្ឌសាលាក្រុង និងដាក់នៅអនុគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ»។
លោក ហ៊ន ប្រុស អ្នកតំណាង ពលរដ្ឋម្នាក់ដែរប្រាប់ថា ពួកគាត់បានមករស់នៅលើដីនេះតាំងពីឆ្នាំ១៩៨៩ ហើយមិនឃើញមានអ្នកណាមកអះអាងថាជាដីគេទេ។
លោកថា៖«ពលរដ្ឋ កាប់ឆ្ការព្រៃត្រែង ហើយរស់នៅលើដីនេះជាង២០ឆ្នាំហើយ។ តែពេលនេះ គេថាយើងរស់នៅលើដីគេ»។ លោកថា ពលរដ្ឋនឹងតវ៉ាបែបអហិង្សា មិនឲ្យមានការបណ្តេញចេញទេ ហើយស្នើឲ្យអាជ្ញាធរនិងអ្នកដែលថាជាម្ចាស់ដីចូលមកដោះស្រាយ។
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានឲ្យដឹងថា ប្រជាពលរដ្ឋបានមកសុំយោបល់ពីអង្គការលោក ហើយលោកសុំឲ្យគាត់ស្វែងរកដំណោះស្រាយដោយសន្តិវិធី។
លោក ភារម្យ បន្តថា៖ «យើងមិនអាចរកដំណោះស្រាយអីជូនគាត់បានទេ។ មានតែអាជ្ញាធរទេ ដែលដោះស្រាយបាន។ យើងក៏បានសុំឲ្យគាត់ កុំឲ្យប្រើវិធីហិង្សាមកដោះស្រាយបញ្ហា»។
លោក ហ៊ូ សាម៉ន ចៅសង្កាត់ស្វាយប៉ាក មិនធ្វើអត្ថាធិប្បាយទេ លោកថា ៖ «ខ្ញុំប្រាប់ហើយខ្ញុំមិនហ៊ាននិយាយទេ រឿងហ្នឹង»។
សេចក្តី ជូនដំណឹងរបស់សាលាខណ្ឌឫស្សីកែវ ចុះថ្ងៃទី២០ សីហាថា ប្រជាពលរដ្ឋបានសង់សំណង់រំលោភលើដីរបស់លោក ចៅ ហៅ សេង ដោយពុំមានការអនុញ្ញាត។
ប្រកាសក៏រំឭកថា៖«សូមបងប្អូនរុះរើ សំណង់ចេញឲ្យអស់ក្នុងរយៈ៧ថ្ងៃ គិតពីថ្ងៃ២៧ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ជាកំហិត។ ក្នុងករណីរឹងរូសសាលាខណ្ឌ នឹងចាត់វិធានការរដ្ឋបាលម៉ឺងម៉ាត់ចុះរុះរើ និងមិនទទួលខុសត្រូវលើការខូចខាតឬការបាត់បង់ឡើយ»។
ប្រកាស របស់សាលាខណ្ឌឫស្សី កែវនេះធ្វើឡើង បន្ទាប់ពីសាលារាជធានីភ្នំពេញចេញលិខិតបញ្ជាឲ្យសាលាខណ្ឌរុះរើ សំណង់អនាធិបតេយ្យលើដីទំហំ៥៨.២៣២ម៉ែត្រក្រឡា ទុកឲ្យម្ចាស់ដីធ្វើរបងការពារព្រំដី។ លិខិតនោះថា លោក ចៅ ហៅ សេង មានប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ដីនោះ តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ៕
No comments:
Post a Comment
I like Blogger