ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានដីស្រែនៅចំណុចស្រែធំ និងចំណុចត្រពាំងសំរែ ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រតិកម្មតវ៉ាចំពោះក្រុមហ៊ុនរតនៈវិសាល ដែលបានប្រើគ្រឿងចក្រកាយព្រំដីក្រុមហ៊ុនរំលោភលើដីស្រែរបស់ពួកគាត់។
ស្ត្រីឈ្មោះ ឌឹម ទូច អាយុ ៤៥ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិខ្លាក្រពើ។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ កញ្ញា ថា ប៉ុន្មានថ្ងៃជាប់ៗគ្នា ក្រុមហ៊ុនរតនៈវិសាល បានប្រើគ្រឿងចក្រកាយធ្វើព្រំសំគាល់ដីរបស់ក្រុមហ៊ុន។
ស្ត្រីឈ្មោះ ឌឹម ទូច អាយុ ៤៥ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិខ្លាក្រពើ។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ កញ្ញា ថា ប៉ុន្មានថ្ងៃជាប់ៗគ្នា ក្រុមហ៊ុនរតនៈវិសាល បានប្រើគ្រឿងចក្រកាយធ្វើព្រំសំគាល់ដីរបស់ក្រុមហ៊ុន។
ស្ត្រីរូបនេះបន្តថា ការកាយព្រំនេះ បានរំលោភចូលដីស្រែរបស់គាត់ប្រមាណមួយហិកតារ។ នៅពេលគាត់ទៅហៅអាជ្ញាធរភូមិឃុំឲ្យមកជួយឃាត់ក្រុមហ៊ុន អាជ្ញាធរមិនព្រមមកជួយគាត់ទេ។ គាត់ថា សកម្មភាពនេះបង្ហាញថា អាជ្ញាធរដែនដីបានត្រូវរ៉ូវជាមួយក្រុមហ៊ុនក្នុងការរំលោភយកដីស្រែរបស់អ្នកភូមិ។
ស្ត្រីឈ្មោះ ឌឹម ទូច៖ «ក្រុមយុវជនគេទៅវាស់ហ្នឹង គេវាស់ឲ្យខ្ញុំបានតែ ៣០០ម៉ែត្រទេ ហើយស្រែខ្ញុំដែលកំពុងមានសន្ទូងប្រវែង ៥០ម៉ែត្រទៀត គេអត់ព្រមវាស់ឲ្យទេ គេថា ប៉ះពាល់ដីក្រុមហ៊ុន។តំណាងក្រុមហ៊ុនគេបានចង្អុលយកស្រេចចិត្តគេ។ ខ្ញុំស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ថា បើដីរបស់ក្រុមហ៊ុនកន្លែងណាប៉ះពាល់ដីប្រជាពលរដ្ឋ គឺត្រូវកាត់ឲ្យទៅប្រជាពលរដ្ឋ តែគេមិនធ្វើតាមនោះទេ...»។
បុរសអ្នកភូមិឈ្មោះ ខាន់ មាច អាយុ ២៦ឆ្នាំ បានឲ្យដឹងបន្ថែមថា ដីគាត់ក៏ត្រូវបានក្រុមហ៊ុនវាតព្រំរំលោភយកអស់ជាងមួយហិកតារដែរ។ គាត់ថា នៅពេលក្រុមយុវជនចុះវាស់វែងដីដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុននោះ អាជ្ញាធរដែនដីពុំបានផ្ដល់ដំណឹងឲ្យប្រជាពលរដ្ឋដឹងទេ។ អាជ្ញាធរបានបណ្ដោយឲ្យក្រុមហ៊ុនចង្អុលព្រំដីស្រេចតែចិត្ត បណ្ដាលឲ្យដីស្រែរបស់អ្នកភូមិជាច្រើនហិកតារបានបាត់បង់។
លោក ខាន់ មាច៖ «ដីខ្ញុំជាប់នឹងរបងក្រុមហ៊ុន ហើយដីនេះរាងឆេវ ដល់ពេលក្រុមហ៊ុនបោះព្រំប្រទល់គេវាស់ត្រង់ ដល់អ៊ីចឹងទៅចូលដីខ្ញុំពាក់កណ្ដាល គឺអស់ជាង ១ហិកតារ។ ពេលក្រុមហ៊ុនដើរធ្វើព្រំប្រទល់គេអត់ឲ្យប្រជាជនដឹងទេ ដល់ពេលពួកនិស្សិតចុះវាស់គេហៅគាត់ឲ្យចូលរួមចង្អុលបង្ហាញគាត់អត់ព្រមទៅជាមួយទេ គាត់គេចយករួចខ្លួនតែរហូត...»។
តំណាងក្រុមហ៊ុនរតនៈវិសាល គឺលោក សោម សុខុន សុំមិនធ្វើអត្ថាធិប្បាយចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋទេ នៅល្ងាចថ្ងៃទី២ កញ្ញា៖ «ខ្ញុំសូមទោស ខ្ញុំជាប់មកភ្នំពេញហើយ ចាំពេលក្រោយទៅ អរគុណ ជម្រាបលា!»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីមេភូមិខ្លាក្រពើ គឺលោក សេង ម៉ុប បានទេនៅល្ងាចថ្ងៃទី២ កញ្ញា។ ចំណែកមេឃុំអន្លង់ត្នោត អ្នកស្រី ទូច ណូ មានប្រសាសន៍ថា អ្នកស្រីពុំបានដឹងរឿងនេះទេ។
អ្នកស្រីបានរុញបញ្ហានេះឲ្យសួរទៅលោក ពិន ឡៃ ជំទប់ទី១ វិញ៖ «ខ្ញុំអត់បានចុះជាប់ទេ ជំទប់ទី១ទើបគាត់ចុះជាប់។ ខ្ញុំជាប់រវល់តែនៅសាលាឃុំបញ្ហាចុះឈ្មោះបោះឆ្នោត...»។
វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទងសុំការបំភ្លឺពីជំទប់ទី១ គឺលោក ពិន ឡៃ បានដែរនៅល្ងាចថ្ងៃទី២ កញ្ញា នេះ។
តំណាងសហគមន៍ប្រជាពលរដ្ឋភូមិខ្លាក្រពើ លោក នី ភ័ក្ត្រ មានប្រសាសន៍ថា ការកាយព្រំដីជាថ្មីរបស់ក្រុមហ៊ុនរតនៈវិសាល បានប៉ះពាល់លើដីស្រែរាប់សិបហិកតាររបស់អ្នកភូមិនៅចំណុចស្រែធំ និងចំណុចត្រពាំងសំរែ ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកថា អាជ្ញាធរដែនដីភូមិ ឃុំ និងស្រុក សុទ្ធតែបានដឹងរឿងនេះ តែអាជ្ញាធរពុំបានធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋឡើយ៕
No comments:
Post a Comment
I like Blogger