Wednesday, 26 September 2012 ឃុត សុភចរិយា, From The Phnom Penh Post
នំពេញៈ កុមារាលួស លីហួរ អាយុ ៧ ឆ្នាំ អង្គុយលុតជង្គង់យំ នៅក្រោមតំណក់ទឹកភ្លៀង ជាមួយនឹងដៃទាំងពីរឱបផ្កាឈូក ខណៈដែលសក់ជាទីស្រឡាញ់របស់គេបានជ្រុះធ្លាក់ជាបន្តបន្ទាប់ទៅលើ ដីដោយសារផ្លែឡាម ដែលកោរដោយស្ត្រីម្នាក់។ បុរសពិការម្នាក់ទៀត ក៏លុតជង្គង់កោរសក់ ដូចលីហួរ ដែរ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ក្នុងចំណោមអ្នកភូមិប្រមាណជា ២០០ នាក់ ដែលខ្លះស្រែកយំ ជាអ្វីដែលពួកគេ ហៅថា តុលាការ «អយុត្តិធម៌»។
ជាទូទៅ ការកោរសក់ គឺធ្វើឡើង តែនៅពេលឪពុក ម្តាយ ជីដូន ជីតា បានស្លាប់ ឬក៏នៅពេលបួសជាសង្ឃតែប៉ុណ្ណោះ។ ប៉ុន្តែ លីហួរ និងបុរសម្នាក់នេះ មិនមែនកោរសក់ដោយសារមាននរណាម្នាក់ស្លាប់នោះទេ ហើយក៏មិនមែនដើម្បីបួសជាសង្ឃនោះដែរ។ លីហួរ កោរសក់ ដើម្បីបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិ សូមឲ្យជួយបន្ទន់ចិត្ត មន្ត្រីតុលាការក្រុងភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឲ្យអាណិតអាសូរ ដោះលែងសកម្មជនដីធ្លី នៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ជា ដែលត្រូវជាម្តាយរបស់ខ្លួន ចេញពីពន្ធនាគារព្រៃសមកវិញ។
ចំណែកបុរសម្នាក់ទៀត ក៏សូមឲ្យមានការដោះលែង សកម្មជនដីធ្លី នៅសហគមន៍ បុរីកីឡា អ្នកស្រី ទឹម សាក់មុន្នី ដែលជាម្តាយរបស់ខ្លួន ចេញពីពន្ធនាគារព្រៃសមកវិញផងដែរ។
កុមារា លួស លីហួរ បាននិយាយទាំងយំអណ្ដឺតអណ្ដកថា៖ «ខ្ញុំចង់ឲ្យម៉ាក់ខ្ញុំត្រឡប់មកផ្ទះវិញ...ខ្ញុំនឹកគាត់ណាស់»។
អ្នក ស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ ត្រូវបានតុលាការរាជធានីភ្នំពេញ បង្គាប់ឲ្យបញ្ជូនទៅឃុំខ្លួន នៅគុកព្រៃស កាលពីថ្ងៃទី៤ ខែកញ្ញា ដោយចោទប្រកាន់ពីបទ«ហិង្សាដោយចេតនា»។ មួយថ្ងៃបន្ទាប់មក តំណាងជនរងគ្រោះក្នុងជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា អ្នកស្រី ទឹម សាក់មុន្នី ត្រូវបានតុលាការដដែលនេះ បង្គាប់ឲ្យឃុំខ្លួន នៅគុកព្រៃសផងដែរ ដោយចោទប្រកាន់ ពីបទ«ប្រកាសក្លែងបន្លំការពិត» ក្រោយពីគាត់ត្រូវបានកោះឲ្យចូលបំភ្លឺ ចំពោះបណ្ដឹងចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» ដែលប្តឹងដោយអ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច។
លោក លួស សាខន ជាប្តីរបស់អ្នកស្រី យ៉ោម បុប្ជា ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ទាក់ទងនឹងបទចោទប្រកាន់ដូចគ្នានឹងប្រពន្ធរបស់គាត់ដែរនោះ បាននិយាយដោយចាត់ទុក ការឃុំខ្លួនភរិយារបស់គាត់ថា ជាអំពើ«អយុត្តិធម៌» និងទាមទារឲ្យតុលាការនេះ ដោះលែងប្រពន្ធគាត់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ លោកថ្លែងថា៖«ខ្ញុំគិតថា ការចាប់ឃុំខ្លួន និងការចោទប្រកាន់ភរិយាខ្ញុំ គឺជាអំពើអយុត្តិធម៌បំផុត ព្រោះពួកយើងមិនបានប្រព្រឹត្ត ដូចដែលអ្វីគេចោទប្រកាន់នោះទេ»។
ជាមួយគ្នានោះដែរ ពលរដ្ឋរងគ្រោះ ក្នុងតំបន់បុរីកីឡា អ្នកស្រី ជុំ ង៉ាន់ បាននិយាយថា អាជ្ញាធរ និងតុលាការ មិនបានផ្ដោតការយកចិត្តទុកដាក់ ចំពោះពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្រ និងដែលរងការរំលោភបំពានសិទ្ធិគ្រប់បែបយ៉ាង ពីសំណាក់ម្ចាស់ក្រុមហ៊ុន ផានអ៊ីម៉ិចនោះទេ។ អ្នកស្រីថ្លែងថា៖«ករណីបំផ្លិចបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ពួកយើង ក្នុងពេលបណ្តេញចេញកាលពីថ្ងៃទី៣ មករា ២០១២ មិនទាន់មានដំណោះស្រាយនៅឡើយទេ ប៉ុន្តែអ្នកស្រី ទឹម សាក់មុន្នី ដែលចេញមុខតវ៉ា ជំនួសកូនប្រុសគាត់ ដែលជាជនពិការ ត្រូវបានគេចាប់ដាក់គុក ដោយចោទប្រកាន់ទាំងអយុត្តិធម៌»។
ទោះជា បែបណាក្ដី ក្រោយពីគ្មានមន្ត្រីតុលាការណាម្នាក់ អើពើចំពោះការស្រែកតវ៉ា ក្រុមអ្នកតវ៉ាទាំងនេះ បាននាំគ្នាដើរត្រឡប់មកប្រមូលផ្ដុំគ្នា នៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ដោះលែង សមាជិកសកម្មរបស់ពួកគេ។ នៅទីនោះស្ត្រីម្នាក់ ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងនោះ បានដួលសន្លប់ បន្ទាប់ការហេវហត់ និងអាការជំងឺខ្សោយ របស់នាង៕
No comments:
Post a Comment
I like Blogger