អ្នកស្រី ប៊ុត ជួន (ស្តាំ) កំពុងបោះបង្គោលលើព្រំដីដែលអង្គការ RFC ចែកឲ្យកាលពីសប្តាហ៍មុន។ រូបថត លីណា
កណ្តាលៈ ពីរ បីសប្ដាហ៍ បន្ទាប់ពីផ្ទះ ត្រូវបានគេឈូសកម្ទេចចោល នៅបុរីកីឡា កាលពីខែមករាឆ្នាំមុន អ្នកស្រី ប៊ុត ជួន ត្រូវបានគេប្រាប់ថា អ្នកស្រី គ្មានសិទិ្ធទទួលបានចំណែកដី នៅកន្លែងតាំងលំនៅថ្មីក្នុងខេត្តកណ្ដាលនោះទេ។
ឯកសាររបស់ ស្ត្រីវ័យ៧០ឆ្នាំរូបនេះ បានបញ្ជាក់ថា គាត់មានសិទ្ធិទទួលបានដីមួយឡូត៍ នៅជិតភ្នំឧដុង្គ ជាសំណងមួយ របស់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីកីឡា ផានអ៊ីម៉ិចរបស់អ្នកស្រី ស៊ុយ សុផាន ដែលបានប្រើកម្លាំងបំផ្លាញផ្ទះរបស់ស្ត្រីរូបនេះ។ ដោយរស់នៅសោកសង្រេង ក្រោមតង់តូចមួយ ក្រោមកម្ដៅថ្ងៃក្តៅហែង នៅកណ្តាលវាលស្រែល្វឹងល្វើយ អ្នកស្រី ជួន បានប្រឈមនឹងការបណ្ដេញចេញជាលើកទីពីរ។ មួយឆ្នាំក្រោយមក អ្វីៗបានប្រែប្រួល។ អ្នកស្រី ជួន ដែលមនុស្សភាគច្រើន ក្នុងភូមិតាំងលំនៅថ្មីនេះ និយមហៅគាត់ថា យាយ ឬអ៊ុំ នៅតែរស់នៅក្នុងតង់ដ៏រយីករយាកតូចមួយ ជាមួយនឹងប្រជាពលរដ្ឋប្រហែល ៣០ គ្រួសារ ដែលត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច បដិសេធមិនផ្ដល់សំណងនោះ បានរើទៅកាន់ដីថ្មី នៅជិតនោះ ដែលអង្គការ Rock Foundation Cambodia (RFC) ជាអង្គការមិនរកប្រាក់កម្រៃខាងគ្រិស្តសាសនា មានមូលដ្ឋាននៅអាមេរិក បានទិញចែកឲ្យពួកគាត់។ ឥឡូវនេះ ក្រុមគ្រួសារទាំងនេះ រស់នៅលើដីមិនទាន់បានកំណត់ព្រំនៅឡើយនោះ ខណៈសប្បុរសជនមួយចំនួន បានសាងសង់បង្គន់មួយចំនួន សម្រាប់ពួកគាត់ប្រើប្រាស់ និងទន្ទឹងរង់ចាំរស់នៅក្នុងផ្ទះ ដែលពួកគាត់បាននិយាយថា អង្គការ RFC នេះ បានសន្យាធ្វើផ្ទះសម្រាប់ពួកគាត់ ឲ្យបានកាន់តែឆាប់ តាមដែលអាចធ្វើបាន។
អ្នកស្រី ជួន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីសប្ដាហ៍មុនថា៖«នៅពេលនេះ ខ្ញុំនិងក្រុមគ្រួសារផ្សេងទៀត ដែលត្រូវក្រុមហ៊ុន ផាន អ៊ី ម៉ិច បដិសេធមិនប្រគល់ដីឲ្យនោះ មានអារម្មណ៍សប្បាយចិត្តណាស់ ខណៈដែលសប្បុរសជនបានផ្ដល់ដីដល់ពួកយើង»។
បង្គោលរបងបានបោះ តាមបណ្ដោយផ្លូវថ្មី នៅកន្លែងតាំងលំនៅដ្ឋានថ្មី និងតាមបណ្ដោយដី នៅជាប់នឹងអង្គការ RFC នេះ។ តង់ជាច្រើន ដែលនៅរប៉ាត់រប៉ាយទាំងកណ្ដាលថ្ងៃក្ដៅអស់ពេលមួយឆ្នាំ កន្លងមកនេះ ត្រូវបានគេបង្កើតឡើង យ៉ាងសមរម្យ ជាផ្ទះដែលអាចរស់នៅបាន នៅលើដីដែលក្រុមហ៊ុន បានផ្ដល់ដល់ក្រុមអ្នកភូមិនេះ។
តំណាងអ្នកភូមិឈ្មោះ ទូច ខន បានមានប្រសាសន៍នៅក្រៅផ្ទះថ្មីរបស់លោកថា៖ «ផ្ទះទាំងអស់ដែលអ្នកបានឃើញនេះ ត្រូវបានសាងសង់ឡើង ក្រោមការឧបត្ថម្ភ ពីក្រុមគ្រិស្តបរិស័ទ និងក្រុមសប្បុរសជន មកពីប្រទេសសិង្ហបុរី និងអូស្ត្រាលី»។ លោកបាន បន្ថែមថា ប្រជាពលរដ្ឋ១០៨ គ្រួសារ ក្នុងចំណោម១៤០ ដែលត្រូវបានបណ្តេញចេញដោយហិង្សាពីបុរីកីឡាបានទទួលដីឡូត៍ទំហំ ៦០ ម៉ែត្រការ៉េ ឈើ និងតង់ពីក្រុមហ៊ុន ផានអ៊ីម៉ិច។ ពលរដ្ឋនៅប៉ុន្មានទៀត ត្រូវបានក្រុមហ៊ុនបដិសេធមិនផ្ដល់ដីឲ្យទេ ព្រោះក្រុមហ៊ុន មិនជឿថា ពួកគាត់ មកពីបុរីកីឡា ឬក៏បានអះអាងថា ពួកគាត់បានទទួលផ្ទះល្វែងមួយល្វែងរួចហើយ នៅក្នុងកន្លែងអភិវឌ្ឍន៍ ដែលមិនទាន់ស្រេចបាច់នោះ។
លោក ប្រេត ម៉េតលីន ជាស្ថាបនិក និងជានាយកប្រតិបត្តិ នៃអង្គការ RFC បានមានប្រសាសន៍ថា អង្គការលោក បានសង់ផ្ទះប្រមាណ៤០ខ្នង និងមានគម្រោងសង់ផ្ទះបន្ថែម៦០ខ្នងទៀត នៅលើដី ដែលអង្គការ របស់លោក បានទិញក្នុងទឹកប្រាក់ប្រមាណ១២ ០០០ ដុល្លារ ពីអ្នកភូមិក្នុងទីនោះ។ «ពួកគាត់ស្ថិតនៅក្នុងស្ថានភាពអស់សង្ឃឹមទាំងស្រុង ដោយរស់នៅក្នុងតង់នេះ។ ពួកគាត់កំពុងរង់ចាំក្រុមហ៊ុនមកបណ្ដេញពួកគាត់ជាលើកទីពីរទៀត។ វាជាស្ថានភាពស្ទើរតែបែកទ្រូងស្លាប់មួយ»។
អង្គការ RFC បានសង់ផ្ទះមួយតម្លៃ៦២៥ ដុល្លារ ហើយកំពុងរៃអង្គាសមូលនិធិធ្វើផ្ទះបន្ថែមទៀត។ លោកបានថ្លែងថា៖ «យើងមានគម្រោងប្រើដីនៅសល់ ធ្វើជាមជ្ឈមណ្ឌលសហគមន៍ និងសាលារៀន»។ អង្គការ RFC ក៏នឹងសង់បង្គន់ប្រហែល១០០ ថែមទៀតដែរ ជាផ្នែកមួយនៃគម្រោង ជាមួយអង្គការសហប្រជាជាតិ។ លោក ម៉េដលីនបានថ្លែងថា៖ «ឥឡូវនេះ មានភ្លើងអគ្គិសនី។ ក្ដីសង្ឃឹមដូចគ្រាធម្មតា បានមានឡើងវិញហើយ»។
អ្នកស្រី កែវ វុទ្ធី ជាអ្នកភូមិម្នាក់ បានមានប្រសាសន៍ថា ទោះយ៉ាងណាបញ្ហាពាក់ព័ន្ធនឹងចំនួនស្បៀងអាហារ ទឹកស្អាត និងការអភិវឌ្ឍ នៅក្នុងភូមិនេះនៅតែមាន។ អ្នកស្រីថ្លែងថា៖«ឥឡូវនេះ ស្ថានភាពរស់នៅរបស់គ្រួសារខ្ញុំមានលក្ខណៈ ល្អប្រសើរជាងមុន បើធៀបនឹងរយៈពេលមួយឆ្នាំមុន នៅពេលក្រុមហ៊ុន ផានអ៊ីម៉ិច បានបណ្ដេញពួកយើង ហើយបញ្ជូនពួកយើងឲ្យមកទីនេះ»។ អ្នកស្រីបានបញ្ជាក់ថា៖ «ប៉ុន្តែយើងនៅតែមានបញ្ហានឹងកង្វះស្បៀង ព្រោះយើងគ្មានវិធីរកប្រាក់ទេនៅទីនេះ។ ពីរទៅបីថ្ងៃក្នុងមួយសប្ដាហ៍ យើងធ្វើដំណើរទៅរាជធានីភ្នំពេញម្តង ដើម្បីរើសអេតចាយ ឬក៏លាងចាន ឬក៏ធ្វើការនៅកន្លែងសំណង់ជាដើម។ ប៉ុន្តែវានៅតែមិនគ្រប់»។
លោក កែវ ស្រ៊ាង អាយុ ៣៤ ឆ្នាំ ជាឪពុកមានកូន ៥ នាក់បានមានប្រសាសន៍ថា លោកមានក្ដីសង្ឃឹមតាំងពីអង្គការ RFC បានផ្ដល់ដីដល់លោក តែលោក នៅតែព្រួយបារម្ភពីប្រាក់ចំណូល ។ ដោយធ្លាប់ធ្វើជាកម្មករសំណង់ នៅភ្នំពេញ លោក ស្រ៊ាង ឥឡូវនេះ បានដើររើសខ្យង និងបេះត្រកួន នៅជិតលំនៅដ្ឋានថ្មីនេះដែលជាការងារមួយធ្វើឲ្យលោកអាចរក ប្រាក់បានច្រើនបំផុតត្រឹមតែ៥០០០ រៀលក្នុងមួយថ្ងៃ។
អ្នកស្រី ជួន បានថ្លែងថា ក្រុមអ្នកភូមិ ដែលនៅកន្លែងនោះ ខ្លះបានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ ដោយសារតែខ្វះស្បៀងអាហារ និងគ្មានមុខរបររកប្រាក់។ អ្នកស្រីបានថ្លែងបន្តទៀតថា៖«ខ្ញុំសូមអំពាវនាវឲ្យអង្គការ ទាំងក្នុងស្រុក និងក្រៅស្រុក និងសប្បុរសជនផ្សេងទៀត មេត្តាជួយបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី និងជួយពួកយើង ចាប់ផ្ដើមធ្វើសិប្បកម្មធុនតូច ដើម្បីឲ្យយើងអាចលក់ទៅឲ្យអាជីវករនៅវត្តក្បែរៗនេះ»។
អ្នកស្រី ជួន កំពុងខិតខំធ្វើឲ្យអ្វីៗ មានភាពវិជ្ជមានឡើងវិញ។ ស្ត្រីរូបនេះថ្លែងថា៖«នៅពេលខ្ញុំមានផ្ទះផ្ទាល់ខ្លួនខ្ញុំ ហើយ ខ្ញុំនឹងអាចចំណាយពេលបន្ថែមទៀត ទៅភ្នំពេញជាមួយចៅៗខ្ញុំ ដោយគ្មានខ្លាចបាត់បង់ដីដែលខ្ញុំបាននៅទីនេះទៀតទេ»។
អ្នកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីម៉ិច មិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីថ្ងៃព្រហស្បតិ៍៕ PN
No comments:
Post a Comment
I like Blogger