ក្នុង លិខិតចុះហត្ថលេខាដោយលោកហេង សំរិនប្រធានរដ្ឋសភា កាលពីថ្ងៃទី២៨ ធ្នូ ២០១២ និងបានទទួលដោយក្រសួងយុត្តិធម៌នាថ្ងៃទី៤មករា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃម្សិលមិញលោក ហេង សំរិន បានស្នើឲ្យលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍានា ឲ្យធ្វើការ«ពិនិត្យនិងជួយដោះស្រាយតាមការគួររួចសុំរាយការណ៍ ពីលទ្ធផលនៃការដោះស្រាយ» មកកាន់រដ្ឋសភាវិញ។
ការស្នើសុំ ពន្លឿនការជំនុំជម្រះក្នុងរឿងដីធ្លីនេះ ដោយសារម្ចាស់ពាក្យបណ្តឹងលោក គី សេង អាយុ៥០ឆ្នាំថា លោកមិនបានទទួលនូវយុត្តិធម៌បន្តិចសោះ ខណៈផ្ទះទំហំ៧គុណ៩ម៉ែត្រ និងដីទំហំ៣៥គុណ៩៨ម៉ែត្រ ដែលលោកធ្លាប់រស់នៅជាមួយក្រុមគ្រួសារប្រមាណ១០នាក់ ស្ថិតក្នុងភូមិ-ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវភាគីប្អូនថ្លៃស្រីឈ្មោះ អ៊ុំ សំណាង ត្រូវជាភរិយាសពឈ្មោះ គី ទូច បានរំលោភយកតាំងពីឆ្នាំ២០០៩ និងបានបណ្តេញរូបលោកនិងក្មួយៗក្នុងក្រុមគ្រួសារនេះចេញពីផ្ទះ និងបានប្តឹងសមត្ថកិច្ចឲ្យចាប់រូបគាត់ដាក់គុកប្រមាណ៨ខែផង។
លោក គី សេង និយាយថា៖ « ខ្ញុំជាប់គុកនៅខេត្តតាកែវអស់៨ខែ ដោយគេចោទថាខ្ញុំរំលោភលើអ្នកកាន់កាប់លើអចលនវត្ថុ ដោយស្របច្បាប់ និងប្រើហិង្សា»។ ប៉ុន្តែតាមពិតដំណាំចម្ការ និងផ្ទះនៅលើដីនោះ ជាកម្មសិទ្ធិលោក និងឪពុកម្តាយ តាំងពីឆ្នាំ១៩៧៩។
លោក គី សេង បន្តឲ្យដឹងថា គាត់ត្រូវគេបណ្តេញចេញពីផ្ទះរស់នៅវេទនា ពុំមានទីជម្រក ថែមទាំងទ័លក្រទៀត ហើយថា លោកគ្មានទ្រព្យសម្បត្តិអ្វីក្រៅពីដីធ្លីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដំណាំគ្រប់មុខដែលឪពុកម្តាយ បានចែកឲ្យកាលនៅរស់ទេ។
លោកបានដើរដាក់ពាក្យបណ្តឹងជាច្រើន ជូន សា្ថប័នពាក់ព័ន្ធ មានអាជ្ញាធរខេត្ត ក្រសួងរៀបចំដែនដី និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីជាដើម ជារហូតមកឲ្យជួយរកយុត្តិធម៌ តែករណីដីធ្លីមួយនេះត្រូវគេរុញចុះឡើងៗ ហាក់ដូចមិនបានជ្រាបទៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាល់តែសោះ។ នេះបើតាមសម្តីលោក គី សេង។
លោកថ្លែងថា ៖ «តុលាការខេត្តតាកែវ មានចេតនាកប់ទុកចោល មិនព្រមជំនុំជម្រះឡើយ ទោះបីជាមានឯកសារភស្តុតាងសំអាងហេតុ បានប្រគល់ជូនគ្រប់គ្រាន់អស់តាំងពីឆ្នាំ២០១១ មកក្តី។ ឯរូបខ្ញុំក៏ត្រូវបានគេបណ្តេញចេញពីផ្ទះទៀត។ ពេលនេះមានតែសុំឲ្យស្ថាប័នកំពូលមានរដ្ឋសភា រដ្ឋាភិបាលពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយយើងខ្ញុំផង ព្រោះខ្ញុំអត់ទីពំនឹងទេពេលនេះ រស់ដោយសារលុយបងប្អូនឲ្យចាយប៉ុណ្ណោះ»។
ករណីនេះហាក់បីដូច ជា អយុត្តិធម៌សម្រាប់លោក គី សេង ព្រោះលោកជាម្ចាស់ផ្ទះ និងមានប័ណ្ណផ្ទេរសិទ្ធិត្រឹមត្រូវពីឪពុកម្តាយ តែបែរមិនបានរស់នៅនិងត្រូវប្អូនថ្លៃនាំសាច់ញាតិមករស់នៅទៅ វិញ។ នេះបើតាមអ្នកជិតខាង លោក អ៊ុង ហ៊ាន អាយុ៦០ឆ្នាំ អះអាងដែលថា មានពលរដ្ឋ១២៣នាក់ ជាអ្នកភូមិបាននាំគ្នាផ្តិតមេដៃគាំទ្រលោក គី សេង ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់ទៀតផង។
លោក បន្តថា ៖ «ក្រៅពីអ្នកភូមិ សូម្បីតែមេឃុំអង្គតាសោម ក៏គាំទ្រលោក គី សេង ដែរ ព្រោះរឿងនេះ ក្នុងភូមិឃុំនេះអ្នកណាក៏ដឹងថា វាអយុត្តិធម៌ណាស់។ អ្នកយកផ្ទះគាត់គេប្រើអំណាច ដើម្បីចាប់ចង និងបណ្តេញឲ្យគាត់ចេញពីផ្ទះនេះ»។
លោក សំ ប្រជាមានិត នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យដឹងម្សិលមិញថា ក្រសួងយុត្តិធម៌បានទទួលលិខិតពីរដ្ឋសភាកាលពីថ្ងៃសុក្រ ទី៤ មករា ប៉ុន្តែពេលនេះកំពុងស្ថិតនៅក្នុងនាយកដ្ឋានរដ្ឋប្បវេណី ដែលជានាយកដ្ឋានជំនាញ ដើម្បី«ពិនិត្យមើលលើករណីនេះ និងបន្តជំរុញតាមនីតិវិធីទៅតុលាការខេត្ត»។
លោកស្រី អ៊ុំ សំណាង ភាគីចុងចោទ ដែលត្រូវលោក គី សេង ប្តឹងថាជាអ្នករំលោភយកផ្ទះនិងដីកាន់កាប់នេះ មិនអាចទាក់ទងសុំការអធិប្បាយបានទេ។
ក្នុងការទាក់ទងកាលពី ម្សិលមិញ ដើម្បីសាកសួរនូវដំណើរដើមទង ក្នុងសំណុំរឿងក្តីជម្លោះដីធ្លីនេះ លោក ប្លង់ ឆ្លាម ប្រធានតុលាការខេត្តតាកែវ បានបដិសេធនិងឆ្លើយថា លោកកំពុងជាប់រវល់៕
No comments:
Post a Comment
I like Blogger