អ្នកទោស ៤នាក់ ដែលត្រូវស្នើឲ្យដោះលែង គឺអ្នកស្រី យ៉ោម បុប្ឋា, លោក ប៊ន សំណាង, លោក សុខ សំអឿន និងលោក ម៉ម សូណង់ដូ
លិខិតអំពាវនាវឲ្យដោះលែងនេះ ចុះថ្ងៃទី៨ ខែមករានេះ ធ្វើឡើងដោយសហព័ន្ធអន្តរជាតិ ការពារសិទ្ធិមនុស្ស (FIDH) និងអង្គការប្រឆាំងការធ្វើទារុណកម្មពិភពលោក (OMCT) ដែលបង្ហាញពីការព្រួយបារម្ភខ្ពស់លើការកាត់ទោសខុស និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
អង្គការទាំងពីរបារម្ភយ៉ាងខ្លាំងលើការកាត់ទោសមិនត្រឹមត្រូវ មនុស្សបួននាក់ គឺសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ឋា ប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ និងអ្នកជាប់រឿងក្តីករណីសម្លាប់ លោក ជា វិជ្ជា គឺ លោក ប៊ន សំណាង និងសុខ សំអឿន។
អ្នកស្រី យ៉ោម បុប្ផា ត្រូវកម្លាំងរដ្ឋាភិបាលចាប់ខ្លួន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ដោយចោទពីបទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ដោយពិន័យជាប្រាក់ចំនួន ១០លានរៀល។ ចំណែក លោក ម៉ម សូណង់ដូ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ។
អង្គការទាំងពីរ លើកឡើងថា ការកាត់ទោស លោក ប៊ន សំណាង និង សុខ សំអឿន ស្ថិតក្នុងលក្ខណៈនៃការបង្ខំឲ្យសារភាព ការលូកដៃនយោបាយ ការបំភិតបំភ័យសាក្សី និងការរំលោភបំពានស្តង់ដារអន្តរជាតិផ្សេងៗ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ សាលាឧទ្ធរណ៍បានសម្រេចផ្តន្ទាទោស លោក ប៊ន សំណាង និង សុខ សំអឿន ដាក់ពន្ធនាគារ ២០ឆ្នាំ ករណីសម្លាប់លោក ជា វិជ្ជា។
អង្គការទាំងពីរ អំពាវនាវឲ្យដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌអ្នកទាំងបួន ដើម្បីបញ្ចប់ការយាយីផ្នែកតុលាការលើពួកគេ។
អង្គការទាំងពីរ ក៏បានអំពាវនាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើ លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលកំពុងជាប់បណ្តឹងតុលាការ។
VOD មិនទាន់អាចទាក់ទងមន្រ្តីរាជរដ្ឋាភិបាល ឆ្លើយតបនឹងការអំពាវនាវរបស់អង្គការអន្តរជាតិទាំងពីរ ឲ្យដោះលែងអ្នកកំពុងជាប់ទោសទាំងបួននាក់នោះបាននៅឡើយទេ តែកន្លងទៅ មន្រ្តីរាជរដ្ឋាភិបាល លើកឡើងថា នេះជាសិទ្ធិរបស់អង្គការអន្តរជាតិទាំងនោះ៕
No comments:
Post a Comment
I like Blogger