ប្រជាពលរដ្ឋពិការ ចូលទៅគោរពព្រះបរមសពសម្តេចឪ នរោត្តម សីហនុ នៅព្រះបរមរាជវាំង កាលពីសប្តាហ៍មុន។ រូបថត ផា លីណា
សម្រាប់ ប្រជាជនជាច្រើនក្នុងពិភពលោក ជនពិការប្រឈមមុខនឹងភាពក្រីក្រ និងការរើសអើង។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលពិការ អ្នកនឹងទំនងជាមានប្រាក់ចំណូលទាប អ្នកអាចប្រឈមនឹងការនៅដាច់ដោយឡែកពីសង្គម។ អ្នកក៏ទំនងជាមានលទ្ធភាពទទួលសេវាសុខាភិបាលមូលដ្ឋានតិច ជាងអ្នកដទៃផងដែរ។ ប្រសិនបើអ្នកជាកុមារពិការ អ្នកទំនងជាមានលទ្ធភាពបានទៅរៀនតិចជាងគេ និងសម្រេចជោគជ័យក្នុងការសិក្សាតិចជាងគេ។
ជាងនេះទៅ ទៀត ស្រ្តីដែលមានភាពពិការ ជាញឹកញាប់ រឹតតែទទួលរងការឈឺចាប់ជាងនេះទៀត ដោយសារតែឧបសគ្គលើសបុរស ដូចជា ការរើសអើង ចំពោះស្រ្តី។ នេះត្រូវបានបង្ហាញឡើងផងដែរ ដោយរដ្ឋសភា តាមរយៈការផ្តល់សច្ចាប័នរបស់កម្ពុជា ទៅលើអនុសញ្ញា ស្តីពីសិទ្ធិជនពិការ កាលពីខែសីហាឆ្នាំមុន ហើយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខា ឲ្យអនុវត្តច្បាប់នេះ កាលពីថ្ងៃទី២០ ខែកញ្ញា ដែលនេះ ជាដំណាក់កាលចុងក្រោយនៃដំណើរការផ្តល់សច្ចាប័ន។
កាល ពីថ្ងៃទី២០ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានជម្រាបទៅភាគីទាំងអស់ថា អនុ សញ្ញានេះ នឹងចូលជាធរមាន សម្រាប់កម្ពុជា នៅថ្ងៃទី១៩ ខែមករា។
ប្រទេសអូស្រ្តាលី បានអបអររាជរដ្ឋាភិបាលកម្ពុជា ចំពោះសេចក្តីសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្តល់សច្ចាប័ន ដល់អនុសញ្ញានេះ ហើយវាបានចូលជាធរមាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ អនុសញ្ញានេះ នឹងជាសន្ធិសញ្ញាចងកាតព្វកិច្ចផ្លូវច្បាប់ ដែលមានគោលបំណងជំរុញ ការពារ និងធានានូវការទទួលបានពេញលេញ និងស្មើភាពគ្នានូវរាល់សិទ្ធិទាំងអស់ និងមូលដ្ឋានគ្រឹះនៃសេរីភាពសម្រាប់ប្រជាជនពិការទាំងអស់ និងលើកកម្ពស់ការគោរពសេចក្តីថ្លៃថ្នូរដូចគ្នា។ ប្រទេសកម្ពុជាបានចូលរួមជាមួយប្រទេសចំនួន១២៦ដែលបានផ្តល់សច្ចាប័នដល់អនុសញ្ញានេះ ក្នុងនោះក៏មាន អូស្រ្តាលី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ថៃ និងចិនផងដែរ។
តាមរយៈការធ្វើដូច្នេះ វាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាចំពោះការធានាថា ប្រជាជនពិការ ទទួលបានសិទ្ធិស្មើភាពគ្នា ដូចនឹងពលរដ្ឋផ្សេងៗទៀត។
ការផ្តល់សច្ចាប័ននេះ នឹងជួយប្រជាជនពិការកម្ពុជា ប្រមាណ ២ លាននាក់ឲ្យអាចចូលរួមសកម្មជាងមុននៅក្នុងសង្គមព្រមទាំង នឹងជួយឲ្យមានការផ្លាស់ប្តូរចំពោះឥរិយាបថ របស់ប្រជាជនពិការ ក្នុងសហគមន៍ឲ្យប្រសើរឡើងជាងមុន។ ប្រទេសអូស្រ្តាលី មានមោទនភាព ធ្វើជាអ្នកគាំទ្រយូរអង្វែង ចំពោះការអភិវឌ្ឍ ដែលរួមបញ្ចូលជនពិការនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៩ អូស្ត្រាលី បានជួយរាជរដ្ឋាភិបាល និងអង្គការជនពិការកម្ពុជា ក្នុងការរៀបចំឲ្យមានការផ្តល់សច្ចាប័ន ដល់អនុសញ្ញានេះ។ ការគាំទ្រនេះ គឺជាផ្នែកមួយនៃវិធីសាស្រ្តអនុវត្តរបស់អូស្រ្តាលី ក្នុងការបំពេញឲ្យបាននូវតម្រូវការ និងអាទិភាពរបស់ប្រជាជនពិការ និងធានាថា ពួកគេទទួលបានអត្ថប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ តាមរយៈកម្មវិធីជំនួយរបស់យើង ស្របទៅតាមយុទ្ធសាស្រ្តការអភិវឌ្ឍ សម្រាប់ទាំងអស់គ្នា របស់អូស្រ្តាលី។ ជាមួយនឹងការគាំទ្រការផ្លាស់ប្តូរ ជាប្រវត្តិសាស្រ្តនេះ អូស្រ្តាលីបានផ្តល់មូលនិធិ ដល់អង្គការសង្គមស៊ីវិលចំនួន ៣៧ អង្គការ ដែលផ្តល់សេវា ដល់ប្រជាជនពិការ។ ការគាំទ្ររបស់អូស្រ្តាលីអាចធ្វើឲ្យប្រជាជនកម្ពុជាជាង ៧០០០ នាក់ មានលទ្ធភាពទទួលបានសេវាសម្រាប់ជនពិការ រួមមានដូចជា ដៃជើងសិប្បនិមិ្មត ឧបករណ៍ជំនួយរាងកាយ កៅអីមានកង់ និងការព្យាបាលផ្សេងៗ។ ការធ្វើឲ្យអនុសញ្ញាក្លាយទៅជាសកម្មភាព នឹងតម្រូវឲ្យមានការ គាំទ្រពីគ្រប់ផ្នែកទាំងអស់របស់រាជរដ្ឋាភិបាល ប្រជាជនពិការត្រូវតែដើរតួឲ្យសកម្ម និងសំខាន់ ពាក់ព័ន្ធនឹងសេចក្តីសម្រេច និងគោលនយោបាយទាំងឡាយណា ដែលប៉ះពាល់លើពួកគេ។
អូស្រ្តាលី ទន្ទឹងរង់ចាំគាំទ្រប្រជាជនពិការ ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីជំនួយរបស់យើង ខណៈដែលរាជរដ្ឋាភិបាលធ្វើការងារអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញានេះ។
អូស្រ្តាលី គាំទ្រការអភិវឌ្ឍដែលរួមបញ្ចូលជនពិការ ដោយធ្វើឲ្យរាល់ទិដ្ឋភាពទាំងអស់នៃកម្មវិធីជំនួយរបស់យើង រួមបញ្ចូលជនពិការ និងគាំទ្រគំនិតផ្តួចផ្តើមគោលដៅដើម្បីបំបែកឧបសគ្គកើតមានលើជន ពិការដែលចូលរួមក្នុងការអភិវឌ្ឍជាតិ។
គំនិតផ្តួចផ្តើមទាំង នេះ រួមមានការកសាងសមត្ថភាព របស់ជនពិការ តាមរយៈអង្គការតំណាងរបស់ពួកគេដើម្បីធ្វើការតស៊ូមតិ ចំពោះសិទ្ធិរបស់ពួកគេ។ ការវិនិយោគរបស់អូស្រ្តាលី លើសេវា គាំទ្រជនពិការ រួមបញ្ចូលទាំងការស្តារនីតិសម្បទា និងឧបករណ៍ជំនួយដែលអាចធ្វើឲ្យប្រជាជនពិការទាំងនោះ ទទួលបានការងារ មានលទ្ធភាពទៅរៀនសូត្រ មើលថែរក្សាគ្រួសាររបស់ខ្លួន និងការកែលម្អគុណភាពជីវិត។
កម្មវិធីជំនួយប្រសិទ្ធភាពសម្រាប់អូស្រ្តាលី របស់រដ្ឋាភិបាលអូស្រ្តាលី៖ ការធ្វើឲ្យមានភាពផ្លាស់ប្តូរពិតប្រាកដមួយ ការធ្វើឲ្យគោលនយោបាយទទួលបានលទ្ធផលពិតប្រាកដ បានធ្វើឲ្យជីវិតរបស់ប្រជាជនពិការប្រសើរឡើង និងជាគោលដៅចម្បង។ អូស្រ្តាលីទទួលស្គាល់ថា ជំនួយរបស់់យើង ក្នុងប្រទេសកម្ពុជានឹងមានប្រសិទ្ធភាព ហើយសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ កម្មវិធីនេះបានទៅដល់ និងពិតជាផ្តល់អត្ថប្រយោជន៍ទៅដល់ប្រជាជនប្រមាណពីរលាននាក់ ដែលកំពុងរស់នៅជាមួយនឹងភាពពិការ។
ជាមួយនឹងការផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិជនពិការ អនាគតរបស់ជនពិការកម្ពុជា នឹងភ្លឺថ្លាជាងមុន៕ PS
No comments:
Post a Comment
I like Blogger