កន្លែងបូជាព្រះបរមសពសម្តេចឪ នៅវាលព្រះមេរុ ខាងជើងព្រះរាជវាំងដែលកំពុងបន្តសាងសង់។ រូបថត ម៉េងស្រ៊ុន
ភ្នំពេញៈ អ្នកកាន់មរណទុក្ខរាប់លាននាក់ នឹងដើរដង្ហែក្បួនប្រវែងពី១គីឡូម៉ែត្រកន្លះ ទៅ២គីឡូម៉ែត្រ សម្រាប់ព្រះរាជពិធីដង្ហែព្រះបរមសពព្រះបាទ នរោត្តម សីហនុ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងព្រះរាជពិធីដង្ហែចេញពីព្រះបរមរាជវាំង ទៅទីលានវាលព្រះមេរុ ដើម្បីថ្វាយព្រះភ្លើង ដល់ព្រះបរមសពនៅថ្ងៃទី១ និងទី៤ ខែកុម្ភៈខាងមុខនេះ។
សារាចរមួយ ស្តីពីការត្រៀមរៀបចំថ្វាយព្រះភ្លើង ព្រះបរមសព ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ និងចេញផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញ បានសរសេរថា អ្នកកាន់មរណទុក្ខ នឹងដើរក្បួនដង្ហែចម្ងាយ ៦ គីឡូម៉ែត្រ ពីព្រះបរមរាជវាំង ទៅទីលានព្រះមេរុ។ ឧបករណ៍ឧគ្ឃោសនសព្ទ នឹងបំពាក់តាមដងវិថី ដើម្បីជម្រាបប្រាប់អ្នកកាន់មរណទុក្ខអំពីការដើរក្បួន។ ព្រះសង្ឃនឹងសូត្រមន្ត បង្សុកូល និងទូងស្គរ វាយគង‑ឃ្មោះ។
សារាចរ បានសរសេរទៀតថា៖ «ប្រជាពលរដ្ឋ ដែលចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ត្រូវយកចិត្តទុកដាក់ ស្តាប់គោរពតាមការណែនាំរបស់អ្នកចាត់ចែងព្រះរាជពិធីបុណ្យឲ្យ បានម៉ឺងម៉ាត់»។ សារាចរក៏បានណែនាំឲ្យប្រជាជនគ្រប់រូប ត្រូវពាក់បូខ្មៅ លើអាវរបស់ខ្លួន ជាសញ្ញានៃការកាន់មរណទុក្ខ ហើយមន្រ្តីរាជការទាំងអស់នឹងត្រូវឈប់សម្រាករយៈពេល ២ ថ្ងៃ គឺថ្ងៃទី១ និងថ្ងៃទី៤ ខែកុម្ភៈ ដែលជាថ្ងៃចុងក្រោយ ដើម្បីថ្វាយព្រះភ្លើង។
ព្រះបាទ នរោត្តម សីហនុ បានសរសេរចុតហ្មាយ កាលពីខែមករា ឆ្នាំ២០១២ ថា ព្រះអង្គស្នើឲ្យថ្វាយព្រះភ្លើងព្រះបរមសព ជាជាងបញ្ចុះ ហើយដាក់ធាតុ ក្នុងព្រះកោដ្ឋធ្វើពីមាស យកទៅដាក់ក្នុងព្រះចេតិយ ក្នុងព្រះបរមរាជវាំង។
ព្រះ បរមសពព្រះបាទ នរោត្តម សីហនុ ត្រូវបានតម្កល់នៅក្នុងព្រះរាជវាំង ចាប់តាំងពីព្រះបរមសពរបស់ព្រះអង្គ ត្រូវបានយាងនិវត្តន៍តាមជើងយន្តហោះពិសេសរបស់ចិន ពីទីក្រុងប៉េកាំង មកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលាបន្ទាប់ពីព្រះអង្គបានសោយ ទិវង្គតនៅថ្ងៃទី១៥ ខែតុលា។
បន្ទាប់ពីរយៈពេលកាន់ព្រះបរមរណទុក្ខ ៧ ថ្ងៃ ព្រះបរមសព ត្រូវបានតម្កល់សម្រាប់រយៈពេល ៣ ខែ នៅព្រះបរមរាជវាំង។ ទីលានថ្វាយព្រះភ្លើង កំពុងសាងសង់នៅទីលានព្រះមេរុ នៅមុខសារមន្ទីរជាតិ។
ព្រះបាទ នរោត្តម សីហនុ ដែលត្រូវបានគោរពកោតស្ញប់ស្ញែង យ៉ាងខ្លាំង ដោយប្រជាជនខ្មែរ និងជនបរទេសជាច្រើននោះ គឺដោយសារព្រះរាជបូជនីយកិច្ចដណ្តើមឯករាជ្យពីបារាំងក្នុងឆ្នាំ ១៩៥៣ ការទទួលបានជោគជ័យ ក្នុងការប្តឹងទាមទារ យកប្រាសាទព្រះវិហារ ពីថៃមកវិញ និងរយៈពេលរីកចម្រើនក្រោមការដឹកនាំរបស់ព្រះអង្គ នៅក្នុងសម័យសង្គមរាស្ត្រនិយម ដែលបានបន្សល់នូវព្រះរាជសមិទ្ធផលជាច្រើនជូនជាតិ បានយាងសោយទិវង្គតដោយសារព្រះជរាពាធ ក្នុងព្រះជន្ម ៩០ ព្រះវស្សា។
សារាចររបស់រដ្ឋាភិបាល បានសរសេរទៀតថា ព្រះរាជពិធីដង្ហែព្រះបរមសព ពីព្រះបរមរាជវាំងទៅទីលានថ្វាយព្រះភ្លើង ដែលចាប់ផ្តើមពីថ្ងៃទី១ និងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣ នោះ នឹងផ្សព្វផ្សាយបន្តផ្ទាល់ តាមប៉ុស្តិ៍វិទ្យុ និងទូរទស្សន៍ ទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ទូរទស្សន៍ LED ទំហំ ២ គុណ ៣ ម៉ែត្រ នឹងត្រូវបំពាក់នៅតាមកន្លែងសាធារណៈមួយចំនួន ដូចជា ចំណតរថយន្តក្រុង និងទីលានសាធារណៈនានា ក្នុងរាជធានីភ្នំពេញ។ ក្នុងអំឡុងពិធីកាន់ព្រះបរម មរណទុក្ខទី ២ នេះ គ្រប់វិទ្យុ និងស្ថានីយទូរទស្សន៍ទាំងអស់ ព្រមទាំងកន្លែងកម្សាន្ត ត្រូវផ្អាកការចាក់ផ្សាយទស្សនីយភាព ការសម្តែង និងការប្រគំតន្រី្តរីករាយ ហើយទង់ជាតិ នឹងបង្ហូតចុះ ២/៣ ពីកំពូលដងទង់ ព្រមទាំងមានការបាញ់កាំភ្លើងធំ ចំនួនបីលើក គឺពេលដង្ហែព្រះបរមសព ចេញពីព្រះរាជវាំង ពេលព្រះបរមសព មកដល់ទីលានព្រះមេរុ និងពេលថ្វាយព្រះភ្លើង។ គ្រប់គ្រឹះស្ថានសាធារណៈ និងអាជីវកម្មឯកជន តាមមហាវិថីត្រូវបិទទ្វារ នៅថ្ងៃទី ១ ខែកុម្ភៈ។
ព្រះ អង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតទីប្រឹក្សាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ កាលពីម្សិលមិញ បានសម្តែងការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលរៀបចំព្រះរាជពិធីដង្ហែ និងព្រះរាជពិធីថ្វាយព្រះភ្លើង ហើយមន្រ្តីយ៉ាងតិច ១០០ នាក់ នៅព្រះបរមរាជវាំង និងសមាជិកគ្រួសារព្រះរាជវង្ស នឹងបួសមុខភ្លើង នៅក្នុងរយៈពេលខ្លី ក្នុងអំឡុងព្រះរាជពិធីជាប្រវត្តិសាស្ត្រនេះ៕ TK
No comments:
Post a Comment
I like Blogger