ព្រៃឈើរបស់សហគមន៍នៅខេត្តរតនគិរី ត្រូវក្រុមហ៊ុនដីសម្បទានឈូសបំផ្លាញកន្លងមក។ រូបថត សហការី
លោក សេវ ណក់ ប្រធានសហគមន៍ជនជាតិដើមភាគតិចចារ៉ាយស្ថិតនៅក្នុងភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ក្រុមហ៊ុនជាច័ន្ទរិទ្ធ បានដកគ្រឿងចក្រចំនួន៤គ្រឿងចេញពីតំបន់ដីព្រៃសហគមន៍ទំហំ៣០ ហិកតា ដែលក្រុមហ៊ុននេះ បានធ្វើការឈូសឆាយនាពេលកន្លងមកវិញហើយ។
លោក សេវ ណក់ បានប្រាប់ថា៖ «ដីព្រៃសហគមន៍យើងខ្ញុំមានចំនួន ៤៨១ហិកតា។ ដីនេះមានការទទួលស្គាល់ពីអាជ្ញាធរ ហើយយើងខិតខំថែរក្សាទុកដើម្បីទទួលផលនិងសម្រាប់កូនចៅជំនាន់ ក្រោយៗនិងទុកជាលក្ខណៈប្រពៃណីផង។ តែក្រុមហ៊ុនបានឈូសអស់ប្រមាណ៣០ហិកតាទៅហើយ»។
ក្រុមហ៊ុនជាច័ន្ទរិទ្ធ ចាប់ផ្តើមឈូសឆាយដីព្រៃសហគមន៍នេះតាំងតែពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំមុនមកម្ល៉េះ។
ប្រជា សហគមន៍ចារ៉ាយ ចំនួន១០៧គ្រួសារ បានស្វះស្វែងរកអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងពី សមាគមការពារសិទ្ធិមនុស្យអាដហុកខេត្តផងដែរ ដើម្បីឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយដីតំបន់នេះ។
លោក សេវ ណក់ និងលោក សេវ ហ្វាន មេឃុំលំជ័រ បានស្វាគមន៍ចំពោះការបញ្ឈប់ការឈូសឆាយនេះ។ ពួកគាត់ក៏បានអះអាងដែរថា ក្រុមហ៊ុនក៏បានយល់ព្រមប្រគល់ដី៣០ហិកតានោះ មកឲ្យសហគមន៍វិញដែរ។
មេឃុំ សេវ ហ្វាន និយាយថា៖ «យើងបានជួបគ្នាជាមួយនឹងក្រុមហ៊ុន និងអ្នកដែលពាក់ព័ន្ធផ្សេងទៀត ហើយក្រុមហ៊ុនបានឲ្យដីនោះមកវិញ ប៉ុន្តែថា តែមាត់មិនទាន់មានជាលិខិតស្នាមអីជាការបញ្ជាក់ត្រឹមត្រូវទេ»។
យោង កំណត់ហេតុមួយដែលភ្នំពេញ ប៉ុស្តិ៍ទទួលបាន កាលពីម្សិលមិញថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ ប្រជាសហគមន៍ក្រុមហ៊ុន អាជ្ញាធរគ្រប់ថ្នាក់និងខាងរដ្ឋបាលព្រៃឈើ បានជួបប្រជុំគ្នាដើម្បីពិភាក្សាលើការឈូសឆាយតំបន់នោះ។ ក្នុងការជួបពិភាក្សានោះ ប្រជាសហគមន៍បានសំណូពរឲ្យក្រុមហ៊ុនប្រគល់ដីដែលឈូសឆាយហើយចំនួន ៣០ហិកតានោះ មកឲ្យប្រជាសហគមន៍វិញ និងឲ្យក្រុមហ៊ុនដាំដើមឈើលើដីដែលខ្លួនឈូសឆាយនោះឡើងវិញ ហើយនិងសូមឲ្យមានការសិក្សាលើការកំណត់ព្រំដីឲ្យច្បាស់លាស់។
លើស ពីនោះអង្គប្រជុំក៏បានតម្រូវឲ្យភាគីក្រុមហ៊ុន ធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គភាពដែលពាក់ព័ន្ធពីទីតាំងដែលក្រុមហ៊ុនត្រូវធ្វើការឈូស ឆាយនៅពេលខាងមុខនោះផង។
តែទោះយ៉ាងណា លោក ចាន់ ម៉ាប់ តំណាងក្រុមហ៊ុនជាច័ន្ទរិទ្ធ បានបដិសេធថា ក្រុមហ៊ុនមិនទាន់បានសម្រេចថា ប្រគល់ដីចំនួន៣០ហិកតានោះ ទៅឲ្យប្រជាពលរដ្ឋវិញទេ។
លោក ម៉ាប់ បានបញ្ជាក់ថា៖ «វាមិនទាន់ច្បាស់ទេ រឿងប្រគល់ដីឲ្យវិញនោះ។ វាជាការសម្រេចរបស់ថ្នាក់លើ»។
រីឯ លោក ណាប់ ប៊ុនហេង អភិបាលរងខេត្តរតនគិរីបានបដិសេធថា លោកមិនបានដឹងពីជម្លោះដីរវាងសហគមន៍និងក្រុមហ៊ុនជាច័ន្ទរិទ្ធ នោះទេ៕
No comments:
Post a Comment
I like Blogger