ទីព្រះមេរុ ដែលកំពុងសង់ឡើងសម្រាប់ថ្វាយព្រះភ្លើងដល់ព្រះបរមសពសម្តេចឪ។ រូបថត ហុង មិនា
ភ្នំពេញៈ ស្ថានីយទូរទស្សន៍ចំនួន៦ នឹងទទួលខុសត្រូវក្នុងការផ្សាយបន្តផ្ទាល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពអតីតព្រះមហាក្សត្រដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ដល់ទី៧ខែកុម្ភៈ។ នេះបើតាមមន្ត្រីនៃក្រសួងព័ត៌មាននិងតំណាងស្ថានីយទូរទស្សន៍ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ។
អគ្គ នាយកទូរទស្សន៍ជាតិកម្ពុជាលោក កឹម គុណវឌ្ឍន៍ ថ្លែងនៅក្នុងកិច្ចប្រជុំថា ស្ថានីយទូរទស្សន៍រដ្ឋនិងឯកជនចំនួន៦ នឹងសហការគ្នាធ្វើការផ្សាយផ្ទាល់ពីព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសពព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។
លោកថ្លែងថា៖ «រថយន្តផ្សាយរបស់ទូរទស្សន៍ជាតិ ស្ថិតនៅក្នុងព្រះបរមរាជវាំងទទួលខុសត្រូវផ្សាយផ្ទាល់នៅពេលព្រះ មញ្ជូសា(មឈូស)ព្រះបរមសពព្រះមហាវីរក្សត្ររំកិលចេញពីប្រាសាទ ខេមរិន្ទ។ រថយន្តរបស់ទូរទស្សន៍ហង្សមាសស្ថិតនៅមុខវត្ដឧណ្ណាលោម ជិតរូបសំណាកតេជោមាសតេជោយ៉តដោយទទួលខុសត្រូវផ្សាយបន្តពីទូរទស្សន៍ជាតិ»។
លោក កឹម គុណវឌ្ឍន៍ បានថ្លែងថា ព្រះមញ្ជូសាព្រះបរមសពព្រះមហាវីរក្សត្រនឹងរំកិលចេញពីប្រាសាទខេម រិន្ទ ជាកន្លែងតម្កល់នៅម៉ោង៧ព្រឹក នឹងរំកិលទៅដល់វាលព្រះមេរុ ជាកន្លែងថ្វាយព្រះភ្លើងនៅម៉ោង១១ឬ១២ថ្ងៃ។
លោកបានបន្ត ថា៖«បន្ទាប់គ្នាគឺបណ្ដាញទូរទស្សន៍កម្ពុជា CTNដែលឈរជើងស្ថិតនៅខាងលិចក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ នឹងផ្សាយបន្តពីទូរទស្សន៍ហង្សមាសពេលក្បួនដង្ហែចេញពីមុខ វត្តឧណ្ណាលោមឆ្ពោះទៅវត្តភ្នំ»។ លោកបន្តថា ទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងត្រូវផ្សាយបន្តពីក្បួននេះពីវត្តភ្នំទៅវិទ្យាល័យព្រះ ស៊ីសុវត្ថិ។ បន្ទាប់ពីនោះ គឺទូរទស្សន៍បាយ័នបន្តផ្សាយចាប់ពីវិទ្យាល័យស៊ីសុវត្ថិទៅកាន់ វិមានឯករាជ្យ ហើយទូរទស្សន៍អប្សរា ផ្សាយផ្ទាល់ពីឧទ្យាននាគបាញ់ទឹកតាមផ្លូវខេមរភូមិន្ទទៅដល់វាលព្រះមេរុដែលជាព្រះទីនាំងត្រូវតម្កល់ព្រះបរមសពព្រះអង្គនៅទីនោះ។
លោកបញ្ជាក់ថា៖ «យើងរំពឹងថា ក្បួនដង្ហែនឹងចំណាយពេលប្រហែល៤ម៉ោងនៅលើផ្លូវចម្ងាយ៦គីឡូ ម៉ែត្រ ហើយអ្នកចូលរួមដង្ហែនឹងមិនអនុញ្ញាតឲ្យកាន់ដបទឹកបរិសុទ្ធទេ និងត្រូវមានទឹកមុខស្រងូតស្រងាត់ផងដែរ»។
ព្រះរាជពិធី ថ្វាយព្រះភ្លើងព្រះបរមសពចាប់ផ្ដើមនៅថ្ងៃទី១ កុម្ភៈ បន្ទាប់ពីព្រះបរមសព សម្តេចព្រះ នរោត្ដម សីហនុ ត្រូវបានតម្កល់នៅក្នុងព្រះបរមរាជវាំង ក្រោយពីទ្រង់សោយទិវង្គត កាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ ២០១២ នៅក្នុងក្រុងប៉េកាំង ហើយនឹងរៀបក្បួនដង្ហែមួយនៅព័ទ្ធជុំវិញរាជធានី និងពីរជុំនៅសារមន្ទីរជាតិ ជាកន្លែងប្រារព្ធព្រះរាជពិធីកំពុងត្រូវបានសាងសង់ឡើងនៅទីនោះ។
បន្ទាប់ពីថ្វាយព្រះភ្លើង នៅថ្ងៃទី៤កុម្ភៈរួចរាល់ហើយ មន្ត្រីនឹងប្រមូលព្រះអដ្ឋិធាតុរបស់ព្រះអង្គនៅថ្ងៃបន្ទាប់ ហើយប្រមូលយកផេះ និងព្រះអដ្ឋិធាតុនៅសល់ទាំងប៉ុន្មានទៅ បាចនៅក្នុងទន្លេមេគង្គនៅថ្ងៃទី៦ កុម្ភៈ។ ថ្ងៃចុងក្រោយ ព្រះអដ្ឋិធាតុដែលប្រមូលបាននឹងដង្ហែទៅព្រះបរមរាជវាំងវិញ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ពីម្សិលមិញថា ក្រុមអ្នកកាសែតត្រូវស្លៀកពាក់ អាវពណ៌ស និងខោជើងវែងពណ៌ខ្មៅ។
លោករដ្ឋមន្ត្រីថ្លែងថា៖ «អ្នកកាសែតអាចដើរតាមក្បួនដង្ហែនេះ បាន ប៉ុន្តែមិនអាចរត់ចូលក្នុងក្បួន ឬក៏ធ្វើអ្វីតាមតែចិត្តចង់ទេ»។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា លោកបានទទួលព័ត៌មានថា គណៈប្រតិភូដែលនឹងមកចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះបរមសព នៅថ្ងៃទី៤កុម្ភៈ គឺមាននាយករដ្ឋមន្រ្តីបារាំង ឧបនាយករដ្ឋមន្ត្រីហ្វីលីពីន សមាជិកសភាជាន់ទាបចិន គណៈប្រតិភូឥណ្ឌា និងប្រតិភូតំណាងមកពីប្រទេសអាស៊ានមួយចំនួនផង៕ PN
No comments:
Post a Comment
I like Blogger