សហជនជាប់ចោទក្នុងសំណុំរឿង០០២ រួមមាន នួន ជា អៀង សារី និងខៀវ សំផន។ រូបថត អ វ ត ក
មន្រ្តី តុលាការនិងមេធាវី បានបញ្ជាក់កាលពីម្សិលមិញថា មិនត្រឹមតែលោក នួន ជា បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺរលាកទងសួតធ្ងន់ធ្ងរ បន្ទាប់ពីបានដួលសន្លប់កាលពីរសៀលថ្ងៃអាទិត្យទេ គឺមានទាំងលោក ខៀវ សំផន និងលោក អៀង សារី សហជនជាប់ចោទ ក៏ត្រូវទទួលឲ្យចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះដែរ ដោយលោក ខៀវ សំផន មានបញ្ហាពិបាកដកដង្ហើម ហើយលោក អៀង សារី ត្រូវទទួលការពិនិត្យសុខភាព។
លោកLars Olsen មន្រ្តីទំនាក់ទំនងច្បាប់នៅតុលាការថ្លែងថា៖ «លោក ខៀវ សំផន ត្រូវបាននាំទៅមន្ទីរពេទ្យនៅព្រឹកនេះ ដោយសារពិបាកដកដង្ហើម។ លោកកំពុងស្ថិតក្រោមការពិនិត្យពីមន្ទីរពេទ្យ រហូតទាល់តែមានសេចក្តីជូនដំណឹងបន្ថែមទៀត»។
បើទោះពុំមាន ព័ត៌មានលម្អិត អំពីស្ថានភាពសុខភាពគាត់ក្តី ក៏ប៉ុន្តែ លោក Arthur Vercken មេធាវី លោក ខៀវ សំផន បានថ្លែងថា កូនក្តីលោកហាក់ដូចជាមានជំងឺផ្តាសាយ តាំងតែពីព្រឹកថ្ងៃអង្គារមកម្ល៉េះ។
លោក Vercken បន្ថែមថា៖ «[ពីថ្ងៃអង្គារ] ខ្ញុំបានជួបគាត់នៅមជ្ឈមណ្ឌលឃុំឃាំង គាត់បានពាក់ម៉ាស់មុខ។ គាត់អាចចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងខ្ញុំ ប៉ុន្តែគាត់មិននិយាយអ្វីទេ»។
ចាប់ពីបានសម្រាកព្យាបាល នៅមន្ទីរពេទ្យរយៈពេលខ្លី ក្នុងឆ្នាំ ២០០៨ ដើម្បីព្យាបាលជំងឺលើសឈាម លោក ខៀវ សំផន ដែលមានអាយុតិចជាងគេក្នុងចំណោមជនជាប់ចោទ បន្ទាប់ពីលោកស្រី អៀង ធីរិទ្ធ ត្រូវដោះលែងដោយសារជំងឺវិកលចរិត លោកដូចជា មានសុខភាពល្អជាងគេ ដោយជាប្រចាំ លោកចូលរួមក្នុងសវនាការពេញមួយថ្ងៃ។
លោកបន្ថែមថា៖ «ពួកគេជាមនុស្សចាស់ ដូច្នេះ វាជាការពិត នៅពេលមានជំងឺផ្តាសាយ ជំងឺផ្តាសាយអាចធ្ងន់ធ្ងរ។ វាធ្វើឲ្យពួកគេកាន់តែចុះខ្សោយ»។
លោក Michael Karnavasសហមេធាវីការពារលោក អៀង សារី អតីតរដ្ឋមន្រ្តីការបរទេស ក៏បានឲ្យដឹងដែរថា កូនក្តីលោកត្រូវបាននាំទៅសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែមិនដោយសារបញ្ហាជំងឺជាក់លាក់ទេ។ លោកបញ្ជាក់ថា ៖ «ខ្ញុំទទួលដំណឹងថា គាត់ទៅទីនោះ ដើម្បីពិនិត្យសុខភាព»។ លោកមិនច្បាស់ទេ ថា តើនៅពេលណាលោក អៀង សារី នឹងវិលមកមជ្ឈមណ្ឌលឃុំឃាំងវិញ។
លោក អៀង សារី បានសម្រាកនៅមន្ទីរពេទ្យ កាលពីពីរខែមុន គ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញមានបញ្ហាសុខភាពជាច្រើន។ លោកបន្តដេកលើគ្រែចាប់តាំងពីលោកចូលសម្រាកក្នុងមន្ទីរពេទ្យ។
លោក Karnavas បានបន្ថែមថា៖ «គាត់ក្អកកាលពីសប្តាហ៍មុន ហើយក្អកកាន់តែខ្លាំង។ ប៉ុន្តែ ពួកគេបានប្រាប់យើងថា បើគាត់មិនដាក់អុកស៊ីសែនទេ ពុំចាំបាច់ជម្រាបជូនតុលាការទេ»។
លោក ឡុង បញ្ញាវុធ មន្រ្តីកម្មវិធីគំនិតផ្តួចផ្តើមយុត្តិធម៌កម្ពុជា បានហៅបញ្ហាសុខភាពរបស់ជនជាប់ចោទជាបញ្ហារំខាន។
លោកថ្លែងថា៖ «អ្នកអាចមើលឃើញថា លោក អៀង សារី បានចូលសម្រាកក្នុងមន្ទីរពេទ្យ២ខែ [ក្នុងឆ្នាំ២០១២]។ លោក នួន ជា ក៏ចូលមន្ទីរពេទ្យដែរ ពី៤ទៅ៧ថ្ងៃ ពេលនេះ ខៀវ សំផនទៀត។ ខ្ញុំ ឆ្ងល់ថា អង្គជំនុំជម្រះអាចបញ្ចប់ការជំនុំជម្រះដំបូង នៅចុងខែមីនា ដូច្នេះបានដែរទេ?»៕TK
No comments:
Post a Comment
I like Blogger