ពោធិ៍សាត់: ប្រជាពលរដ្ឋចំនួន ១៩ គ្រួសារ ដែលរស់នៅភូមិអូរ និងភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានការព្រួយបារម្ភ ភ័យខ្លាចមិនបានដីដែលមានទំហំ ៣៨,២ ហិកតា នៅចំណុចច្រកចង្អៀត ដែលក្រុមហ៊ុនភាពីម៉ិក បានឈូសឆាយយក កាលពីខែកក្កដា ឆ្នាំ២០១២ កន្លងមក។ តែលោកតំណាងរាស្ដ្រខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា រឿងនេះបានដោះស្រាយរួចហើយ គ្រាន់តែមិនទាន់មានពេលវេលា និងកំណត់ទីតាំងដីដែលពួកគាត់ពេញចិត្ត យកនៅកន្លែងណាឲ្យប្រាកដនៅឡើយទេ។
លោក មុត ខន ជាពលរដ្ឋនៅភូមិព្រងិល បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ កន្លងមក លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ បានឲ្យលោក អោក ឈឹម មេឃុំព្រងិល ហៅពលរដ្ឋទៅប្រជុំនៅស្នាក់ការគណបក្សឃុំព្រងិល ដោយមានការចូលរួមលោក លី ណារុន តំណាងរាស្ត្រខេត្តពោធិ៍សាត់ លោកស្រី ខ្លូត ទងផ្កា និងលោកអភិបាលស្រុកភ្នំក្រវាញ ព្រមទាំងមានអ្នកផ្សេងទៀតជាច្រើន ដែលប្រជាពលរដ្ឋមិនស្គាល់ឈ្មោះ ក្រោមអធិបតីភាពរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានទទួលធ្វើការសម្រុះសម្រួលជាមួយប្រជាពលរដ្ឋ និងក្រុមហ៊ុនភាពីម៉ិក ដោយរដ្ឋនឹងធ្វើការដោះដូរដីមួយកន្លែងផ្សេងទៀត ចម្ងាយពីទីនោះប្រហែល ១.០០០ ម៉ែត្រជូន ប្រជាពលរដ្ឋក៏បានធ្វើការឯកភាពគ្នា ដោយដាក់លក្ខខណ្ឌដីនោះ និងយល់ព្រមទទួល លុះត្រាតែបានធ្វើការឈូសឆាយដីបានវាលដូចដីដែលពួកគាត់មាន និងធ្វើប្លង់កម្មសិទ្ធិ ទើបពលរដ្ឋយល់ព្រមទទួល។
ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ការសន្យា គឺមិនត្រូវបានប្រគល់ដីដែលជាថ្នូរជូនដល់ប្រជាពលរដ្ឋនៅឡើយទេ។
ក្នុងនាមប្រជាពលរដ្ឋទាំង ១៩ គ្រួសារ សូមសំណូមពរដល់អាជ្ញាធរខេត្ត មេត្តាជួយដោះស្រាយដីជូនដល់ពួកខ្ញុំឲ្យបានឆាប់ៗផង ព្រោះជិតដល់រដូវបង្កបង្កើនផលហើយ។
លោក អោក ឈឹម ជាមេឃុំព្រងិល បានប្រាប់គេហទំព័រ CEN នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ថា ចំពោះដីដែលត្រូវដោះដូរពីក្រុមហ៊ុន ជូនពលរដ្ឋចំនួន ១៩ គ្រួសារតវ៉ានោះ គឺមិនទាន់ដល់ដៃប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែថ្មីៗនេះបានទទួលដំណឹងថា ក្រុមហ៊ុន កំពុងកាត់រំលំដើមឈើធំៗអស់ហើយ នៅតែធ្វើការឈូសឆាយទេ នៅពេលឈូសឆាយរួចរាល់ នឹងស្នើសុំឲ្យក្រុមនិស្សិតស្ម័គ្រចិត្ត និងថ្នាក់ដឹកនាំ ធ្វើការវាស់វែងជូនពួកគាត់ភ្លាម។
លោក ភួង សុធា អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដីនេះបើយើងពិនិត្យមើលស្ថានភាពភូមិសាស្ត្រ គឺពលរដ្ឋមានកាប់ឆ្ការព្រៃ ដាំស្រូវ តាំងពីយូរហើយ ដោយមានភ្លឺស្រែ ត្រឹមត្រូវ និងមានដំណាំដូងស្វាយធំៗ ដែលអាស្រ័យផលជាយូរហើយ តែខាងក្រុមហ៊ុន ក៏បានធ្វើការឈូសឆាយបំផ្លាញនូវភ័ស្តុតាង ដូចជា ភ្លឺស្រែ ដំណាំហូបផ្លែ ជាដើម។ ការឈូសជាច្រើនដងហើយ។ នៅលើកចុងក្រោយនេះ គឺធ្វើនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១២ នៅពេលនោះក៏មានការដាក់កម្លាំងប្រដាប់អាវុធ ដើម្បីធ្វើការទប់ទល់ជាមួយពលរដ្ឋ ដើម្បីកុំឲ្យតវ៉ាផង នៅពេលដែលក្រុមហ៊ុនចិនឈូសឆាយដីរួចហើយ ក្រុមហ៊ុនបានយកដីនោះដាំដំឡូងមីភ្លាមៗ ទោះបីជាពលរដ្ឋធ្វើការតវ៉ាយ៉ាងណាក៏ដោយ។
លោក ភួង សុធា បានបន្តថា បើតាមការប្រជុំពិភាក្សា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សហកម្ម រ៉ែ និងថាមពល បានសម្រេចដោះដូរដីជូនប្រជាពលរដ្ឋហើយនោះ គួរណាស់តែអាជ្ញាធរស្រុក និងខេត្ត ធ្វើការដោះស្រាយដីជូនពួកគាត់ឲ្យបានឆាប់ ដើម្បីកុំឲ្យពួកគាត់មានការព្រួយបារម្ភបន្តទៀត។
លោក លី ណារុន តំណាងរាស្ត្រខេត្តពោធិ៍សាត់ បានប្រាប់គេហទំព័រ CEN នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ ថា ដោយឈរលើស្មារតីទទួលខុសត្រូវរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងលោកអភិបាលខេត្ត បានធ្វើការដោះដូរដីជូនប្រជាពលរដ្ឋទាំង ១៩ គ្រួសារនោះ រួចរាល់ហើយ គ្រាន់តែមិនទាន់មានពេល។
លោកតំណាងរាស្ត្រ បានបន្តថា ចំពោះការងារដោះស្រាយនោះ យើងមិនអាចធ្វើជូនភ្លាមៗបានទេ ត្រូវតែធ្វើតាមបែបផែននៃការងារ និងអ្វីដែលពាក់ព័ន្ធសំខាន់នោះ គឺរឿងទីតាំងដីត្រូវកំណត់ឲ្យបានច្បាស់លាស់ពិតប្រាកដថា តើពួកគាត់ស្រឡាញ់ពេញចិត្តនៅកន្លែងណាឲ្យច្បាស់សិន។ យើងនឹងចាត់ចែងឲ្យក្រុមវាស់វែងធ្វើការ និងរង់ចាំពេលវេលាតែប៉ុណ្ណោះ៕ S
No comments:
Post a Comment
I like Blogger